Andy Khun អាយុ១១ឆ្នាំ ដែលមានសាច់ឈាមជាខ្មែរ បានផ្តល់ក្តីរំភើបយ៉ាងខ្លាំង នៅពេលដែលគេបកស្រាយបទចម្រៀង «Hallelujah» របស់លោក Leonard Cohen នាការប្រឡងចម្រៀងលំដាប់ពិភពលោក «La Voix Junior» ឬ «The Voice Kids» នៅប្រទេសកាណាដា នាវគ្គ Blind Audition។
គ្រាន់តែច្រៀងបាន៧វិនាទីប៉ុណ្ណោះ តារាចម្រៀង Marc Dupré និង Marie-Mai បានចុចប៊ូតុង បង្វិលកៅអីបែរទៅរក Andy Khun ហើយគ្រូបង្វឹកម្នាក់ទៀត គឺលោក Alex Nevsky បានចុចប៊ូតុងបន្តក្រោយស្តាប់ការបកស្រាយបាន៣០វិនាទី។
Andy Khun បានសម្រេចជ្រើសរើសលោក Marc Dupré ដែលជាអ្នកជាចម្រៀងដ៏ល្បីរបស់កាណាដា ជាគ្រូបង្វឹក។ លោក Marc Dupré ក៏ជាដៃគូច្រៀងម្នាក់របស់តារាចម្រៀង Céline Dion ផងដែរ ហើយបទដែលមានភាពល្បីល្បាញបំផុត គឺបទជាភាសាបារាំង ដែលមានចំណងជើងថា «Tout près du Bonheur»។
បន្ទាប់ពីការប្រឡង Andy Khun បានផ្តល់បទសម្ភាសមួយដល់ក្រុមការងារកម្មវិធី «La Voix Junior» ឬ «The Voice Kids» ដែលរៀបចំដោយទូរទស្សន៍ TVA ថា រូបគេចេះច្រៀងតាំងពីអាយុ៤ឆ្នាំមកម្ល៉េះ ហើយតន្ត្រីគឺជាជីវិតរបស់គេ។
Andy បានរៀបរាប់ថា៖ «ឪពុកម្តាយរបស់ខ្ញុំបានបង្រៀនឲ្យខ្ញុំច្រៀងជាភាសាខ្មែរ។ បន្ទាប់មក ខ្ញុំចាប់ផ្តើមច្រៀងជាភាសាអង់គ្លេស និងភាសាបារាំង។ ពេលនេះ ខ្ញុំអាចច្រៀងបានទាំងបីភាសា»។ Andy បានផ្ញើបទចម្រៀង «Hallelujah» ដល់ឪពុកម្តាយរបស់ខ្ញុំ ដែលបានកម្លាំងចិត្តដល់រូបគេ១០០ភាគរយដើម្បីទទួលបានជោគជ័យ។
ទាក់ទងនឹងការសម្រេចចិត្តចូលក្នុងក្រុមរបស់លោក Marc Dupré នោះ Andy បានបកស្រាយថា គេចូលចិត្តតន្ត្រីតារាចម្រៀងរូបនេះ ហើយការផ្តល់យោបល់របស់ Marc ទាក់ទាញចំណាប់អារម្មណ៍គេយ៉ាងខ្លាំង។ Andy បានតាំងចិត្តយ៉ាងដូច្នេះថា៖ «ខ្ញុំតាំងចិត្តបន្តដំណើរទៅមុខទៀតក្នុងកម្មវិធី La Voix Junior»។