បទយកការណ៍ / បទសម្ភាសន៍
អន្តរជាតិ
របបរាជានិយម​ថៃ​នឹងរង​ការគំរាមកំហែង​ក្រោយ​តែងតាំង​ក្សត្រ​ថ្មី​
15, Oct 2016 , 7:40 pm        
រូបភាព
ការ​សោយ​ទិ​វ​ង្គ​តរបស់​ព្រះ​ចៅ​ភូមិបុល អាឌុលយ៉ាដេត បានធ្វើ​ឲ្យ​ប្រជាជន​សោកសង្រេង​ខ្លាំង ក៏ដូចជា​បារម្ភ​ពី​អនាគត​របបរាជានិយម​ដែល​តែងមាន​ឥទ្ធិពល​ខ្លាំង​ក្នុងសង្គម​ថៃ​ផងដែរ​។ ពាក់ព័ន្ធ​បញ្ហា​នេះ​អ្នកវិភាគ​និង​តាម​នយោបាយ​ថៃ​លោក ដេ​ត សុខ​ឧ​ត្ត​ម សាស្ត្រា​ចារ្យ​ផ្នែកទំនាក់​ទំនង​អន្តរជាតិ​នៃសាកលវិទ្យាល័យ​ហ្សា​ម៉ាន់​កម្ពុជា យល់ឃើញថា​វិបត្តិ​រាជ្យ​បល្ល័ង្ក​ទំនងជា​មិនកើត​ឡើង​ឡើយ ប៉ុន្តែ​ស្ថាប័ន​ព្រះមហាក្សត្រ​ដែល​ធ្លាប់មាន​ឥទ្ធិពល​លើសលុប​គ្របដណ្តប់​សង្គម​ថៃ​នោះ​នឹង​ធ្លាក់ចុះ​តាម​ព្រះ​រាជ្យ​អវត្តមាន​របស់​ព្រះមហាក្សត្រ​ភូមិបុល អាឌុលយ៉ាដេត ដែរ​។ លោក​បន្តថា ក្សត្រ​ថ្មី​ព្រះអង្គម្ចាស់ Maha Vajiralongkorn ដែល​នឹង​ឡើង​គ្រងរាជ្យ​ជំនួស​ព្រះបិតា​ទ្រង់ នឹងធ្វើ​ឲ្យ​របបរាជានិយម​ថៃ​ធ្លាក់ចុះ​ប្រជាប្រិយភាព​និង​ឥទ្ធិពល​ខ្លាំង​ថែមទៀត​ផង​។​



​ខាងក្រោម​នេះ​ជា​បទសម្ភាសន៍​រវាង​លោក សៅ ផល​និស្ស័យ និពន្ធ​នាយករង​ទទួលបន្ទុក​ព័ត៌មាន​អន្តរជាតិ និង​លោក បណ្ឌិត ដេ​ត សុខ​ឧ​ត្ត​ម សាស្ត្រា​ចារ្យ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​​​នៃ​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​កម្ពុជា​ពាក់ព័ន្ធ​អនាគត​របបរាជានិយម​ថៃ​ក្រោយ​ការ​សោយ​ទិវង្គត​របស់​ព្រះ​ចៅ ភូមិបុល អាឌុលយ៉ាដេត​៖
លោក សៅ ផល​និស្ស័យ​៖ រជ្ជទាយាទ​ដែល​នឹង​ឡើង​គ្រងរាជ្យ​ស្នង​ព្រះ​ចៅ​ភូមិបុល អាឌុលយ៉ាដេត ត្រូវបាន​គេ​ដឹង​អស់ហើយ​ថា​ព្រះអង្គម្ចាស់ Maha Vajiralongkorn ។ តើ​លោក បណ្ឌិត​យល់ឃើញ​បែបណា​ដែរ​ចំពោះ​រជ្ជទាយាទ​នេះ​?
 
លោក ដេ​ត សុខ​ឧ​ត្ត​ម​៖ បាទ យើង​បានឃើញ​ហើយ​នៅតាម​សារព័ត៌មាន​នានា ក៏ដូចជា​អ្វីដែល​យើង​បានដឹង​កន្លងមក សូម្បីតែ​ប្រជាជន​ថៃ​ក៏បាន​ដឹងថា ព្រះអង្គម្ចាស់ Maha Vajiralongkorn ទ្រង់​ជា​បុគ្គល​ដែល​មិនសូវ​ទទួលបាន​ការគាំទ្រ​ច្រើន​ទេ​។ នេះ​ក៏​ដោយសារ​បុគ្គលិកលក្ខណៈ​របស​ទ្រង់​ប្លែក ដូចជា​ទ្រង់​ធ្លាប់មាន​រឿងអាស្រូវ​ច្រើន​មាន​ទាំង​ធ្លាប់​លេងល្បែង ហើយ​បានតែងតាំង​សុនខ​របស់​ទ្រង់​ជា​សេនាប្រមុខ​កងទ័ពអាកាស​ជាដើម​។  វា​ជា​រឿង​ប្លែកៗ​ដែល​ប្រជាជន​ថៃ ទូទៅ និង​មនុស្ស​ទូទាំង​ពិភពលោក​មើលឃើញថា ទ្រង់​ហាក់បីដូចជា​មិន​ស័ក្តិ​សមជា​ព្រះមហាក្សត្រ​ដែល​ដឹកនាំ​ប្រទេសមួយ​ឡើយ​។ អញ្ចឹង​ចង់​មិន​ចង់ នៅពេល ទ្រង់​ឡើង​ដឹកនាំ​ប្រទេស ប្រហែលជា​មិនអាច ទាក់ទាញ​ប្រជាប្រិយភាព ក៏ដូចជា​ការគាំទ្រ គោរព​ស្រឡាញ់​ពី​ប្រជាជន​ថៃ​អស់ពីដួងចិត្ត​ដូចជា​ព្រះបិតា​របស់​ទ្រង់​ឡើយ​។ 
 
លោក សៅ ផល​និស្ស័យ​៖ ប៉ុន្តែ​ឥឡូវនេះ​ទ្រង់ Vajiralongkorn បាន​ស្នើសុំ​ពន្យារពេល​ឡើង​គ្រងរាជ្យ​ហើយដោយ​ទុកពេល​កាន់ទុក្ខ​ចំពោះ​ការ​សោយ​ទិ​រង្គ​ត របស់​បិតា​ទ្រង់​សិន​។ តើ​លោក​យល់ឃើញ​បែបណា​ដែរ​ចំពោះ​ការស្នើសុំ​ពន្យារ​ពេលនេះ​?
 
​លោក ដេ​ត សុខ​ឧ​ត្ត​ម​៖​ខ្ញុំ​គិតថា​នេះ​ប្រហែលជា​ការចរចា​គ្នា​រវាង​ព្រះរាជ​បុត្រា​រជ្ជទាយាទ និង​មេដឹកនាំ​យោធា​ក្នុង​ការផ្តល់​ពេលវេលា​មួយឆ្នាំ ឬ​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខនេះ​ដើម្បី ឲ្យ​ស្ថានភាព​ស្ងប់ស្ងាត់​បន្តិច​។ ហើយ​គេ​អាច​នឹង​រៀបចំ​ការឃោសនា​អ្វីមួយ​ដើម្បី​ប្តូរផ្លាស់​មុខមាត់​របស់​ព្រះរាជា​ថ្មី​ដែល​នឹង​ឡើង​គ្រោង​រាជ្យ និង​ដើម្បី​បង្ហាញ​ពី​ភាពល្អ​និង​គុណសម្បត្តិ​របស់​ទ្រង់​ឲ្យ​ប្រជានុរាស្ត្រ​បានដឹង​។  យើង​អាច​និយាយ​ម្យ៉ាងទៀត​បាន​ថា គេ​ប្រើ​ពេលនេះ ដើម្បី​ស្វែងរក​យុទ្ធសាស្ត្រ​យ៉ាងណា​ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​របស់​ព្រះអង្គម្ចាស់ Vajiralongkorn ក្នុងចំណោម​ប្រជាជន​ថៃ​។ 
 
​លោក សៅ ផល​និស្ស័យ​៖ យើង​ងាក​ទៅ​មើល​ម្ចាស់​ក្សត្រិយ៍​ចក្រី Sirindhorn  ហាក់បីដូច​ជាមាន​ប្រជាប្រិយភាព​ខ្ពស់​និង​ទទួលបាន​ការគាំទ្រ​និង​កោតស្ញប់ស្ញែង​ខ្លាំង​ពី​សំណាក់​ប្រជានុរាស្ត្រ​ថៃ​។ តើ​ការឡើង​គ្រងរាជ្យ​របស់​ម្ចាស់​ក្ស​ត្រិ៍​អង្គ​អាច​កើតឡើង​ទេ​ព្រោះ​ទ្រង់​សក្តិសម​តំណែង​នេះ​ជាង​? 
 
លោក ដេ​ត សុខ​ឧ​ត្ត​ម​៖ ប្រសិនជា​យើង​ក្រឡេកមើល​លើ​ប្រជាប្រិយភាព​រវាង​ទ្រង់​ទាំងពីរ ប្រជាជន​ថៃ​គាំទ្រ​ទ្រង់​ម្ចាស់​ក្សត្រិយ៍ Sirindhorn ច្រើនជាង ដោយសារ​ទ្រង់​មានចំណេះដឹង​ខ្ពស់ មាន​ភាព​ស្និទ្ធ​សា្ន​ល​ជាមួយ​ប្រជាជន​ច្រើន​និង​មានលទ្ធភាព​បំពេញការងារ​សង្គម​ច្រើន​។ ក៏ប៉ុន្តែ​បើតាម​ផ្លូវច្បាប់ វា​មិនអាច​ទៅរួច​ទេ ដោយសា​រដ្ឋធម្មនុញ្ញ​រាល់ថ្ងៃ​អនុញ្ញាត​ឲ្យ​ទាយាទ​ដែលមាន​ភេទ​ប្រុស​ឡើងកាន់តំណែង​។ ហើយ​មួយទៀត​ព្រះ​ចៅ​ភូមិបុល អា​ដុល យ៉ា​ដេ​ត បានតែងតាំង​ទ្រង់ Vajiralongkorn ជា​រជ្ជទាយាទ​រួចទៅហើយ​មុន​ទ្រង់​សោយ​ទិវង្គត​នោះ​។ ដូច្នេះហើយ​បើតាម​ផ្លូវច្បាប់ វា​មិនអាច​ទៅរួច​ទេ​។​
 
​យ៉ាងណា​ក៏ដោយចុះ ទ្រង់​ម្ចាស់​ក្សត្រិយ៍​អាច​ឡើង​គ្រងរាជ្យ​បាន ក្នុង​កាលៈទេសៈ​វិសាមញ្ញ​មួយ​។ ឧទាហរណ៍​ថា ព្រះអង្គម្ចាស់ Vajiralongkorn សម្រេច​ដាក់រាជ្យ​ដោយ​ឯកឯង ឬក៏​មាន​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដោយ​តក់ក្រហល់​អ្វីមួយ​អ៊ីចឹង​ទើប​អាច​ធ្វើទៅកើត​។  
 
​លោក សៅ ផល​និស្ស័យ​៖ ចុះ​លោក​យល់ថា​វា​អាចមាន​វិបត្តិ​រាជ្យ​បល្ល័ង្ក​នៅ​ថៃ​ដោយសារ​ការ​ប្រជែង​គ្នា​រវាង​ក្សត្រ​ទាំងពីរ​ទេ​?
 
​បើសិនជា​បី ឬ​បួន​ឆ្នាំមុន​មានការ​លើកឡើង​ច្រើន​រឿង​វិបត្តិ​រាជ្យ​បល្ល័ង្ក​នេះ​។ ពីព្រោះ​ពេលនោះ យើង​ឃើញថា ទ្រង់ Vajiralongkorn មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាង​ជាមួយ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា​អ​តី​នាយករដ្ឋមន្ត្រី​។ ចំណែក​ខាង​យោធា វិញ​ហាក់​ពេញចិត្ត​ខ្លាំង​ចំពោះ​ម្ចាស់​ក្សត្រិយ៍ ចក្រី Sirindhorn​។ ក៏ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក្រុម​យោធា​ក៏​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​និង​ចាប់ដៃ​ធ្វើជា​សម្ព័ន្ធមិត្ត​ជាមួយ​ព្រះអង្គម្ចាស់ Vajiralongkorn ដែរ​។  ហើយ​អ្វីដែល​គេ​គួរកត់សម្គាល់ រយ​យៈ​ពេល​ចុង​ក្រោយនេះ ទំនាក់ទំនង​រវាង​ព្រះអង្គម្ចាស់ Vajiralongkorn  ជាមួយ​លោក ថាក់ស៊ីន ក៏​លែងមាន​ភាពស្អិតល្មួត​អី​ដូច​មុន​ដែរ​។ ឧទាហរណ៍​ជាក់ស្តែង ដូចជា​ការធ្វើ​ឲ្យ​មាន​យុទ្ធនាការ​ជិះ​កង់​រៀបចំ​ដោយ​ទ្រង់ Vajaralongkorn ដើម្បី​ធ្វើ​ឲ្យ​ព្រះ​ចៅ​ភូមិបុល អាឌុលយ៉ាដេត មាន​ព្រះរាជសុខភាព​ល្អ​។ ដូច្នេះ វា​មិនមាន​វិបត្តិ​អ្វី​កើតឡើង​ទេ ហើយ​ព្រះអង្គម្ចាស់  Vajiralongkorn នឹង​នៅតែ​ឡើង​គ្រងរាជ្យ​តាម​ការកំណត់​។​
 
​លោក សៅ ផល​និស្ស័យ​៖ ជា​សំណួរ​ចុងក្រោយ​លោក​បណ្ឌិត យើង​ចាប់អារម្មណ៍​លើ​អនាគត​នៃ​របបរាជានិយម​ថៃ​។ លោក​បាន​លើកឡើងថា រាជ្យ​បល្ល័ង្ក​ថៃ​នឹង​ថមថយ​ចុះ​ឥទ្ធិពល​តាម​ការ​សោយ​ទិវង្គត​របស់​ព្រះ​ចៅ​ភូមិបុល អាឌុលយ៉ាដេត​ដែរ​។ តើ​របប​នេះ​នឹង​នៅតែ​ស្ថិត​ស្ថិរ​ឬក៏​យ៉ាងណា​?
 
លោក ដេ​ត សុ​ខឧ​ត្ត​ម​៖ ខ្ញុំ​គិតថា ចង់​មិន​ចង់ បន្ទាប់ពី​ទ្រង់​បាន​ដឹកនាំ​ប្រទេស​យូរអង្វែង​ដូច្នេះ ព្រះរាជ​វត្តមាន​របស់​ព្រះ​ចៅ​ភូមិបុល អា​ដុល​យ៉ា​ដេ​ត បាន​គ្របដណ្តប់​ខ្លាំង​លើ​ជីវិត​រស់នៅ​របស់​ប្រជាជន​ថៃ​គ្រប់​ស្រទាប់វណ្ណៈ នៅពេល​ដែលមាន​ក្សត្រ​អង្គ​ថ្មី​ឡើង​គ្រងរាជ្យ ទោះបី​ទ្រង់​ជា​បុគ្គល​បែបណាក៏ដោយ ក៏​ពិបាក​ជំនួស​នូវ​វត្តមាន​ដ៏​វិសេសវិសាល​របស់​មហាក្សត្រ​ចាស់​ដែរ​។ ហើយ​ម្យ៉ាង​ដូច​ខ្ញុំ​បាន​រៀបរាប់​ខាងដើម​ស្រាប់​ហើយ ប្រជាប្រិយភាព​របស់​ទ្រង់ Vajiralongkorn មិនអាច​រក្សា​ប្រជាប្រិយភាព​របស់​ស្ថាប័ន​ព្រះមហាក្សត្រ​ទេ ហើយ​ថែមទាំង​អាចធ្វើ​ឲ្យ​ប្រជាប្រិយភាព​នេះ​ថយចុះ​ផងដែរ​។ នេះ​ក៏ ដោយសារតែ​បុគ្គលិកលក្ខណៈ​របស់​ទ្រង់​ហាក់ដូចជា​មិន​សមជា​ព្រះមហាក្សត្រ​ឡើយ ក្នុង​ក្រសែរ​ភ្នែក​ប្រជាជន​។​
 
​ទាក់ទង​បញ្ហា​នេះ វា​មាន​សេណា​រី​យ៉ូ​ពីរ​។ សេ​ណេ​រី​យ៉ូ​ទីមួយ នៅពេល​ទ្រង់​ឡើង​គ្រងរាជ្យ តើ​ទ្រង់​អាច​នឹង​ជ្រើស​រើសយក​ការដឹកនាំ​របៀប​ណា​? លក្ខណៈ​ទីមួយ ទ្រង់​អាច​ជ្រើស​រើសយក​ការធ្វើជា​ព្រះមហាក្សត្រ​សោយរាជ្យ​តែ​មិន​កាន់អំណាច​ឬ ជា​ព្រះមហាក្សត្រ​គ្រប់គ្រង​អាស្រ័យ​រដ្ឋធម្មនុញ្ញ​។ ដែល​វា​មានន័យថា ទ្រង់​មិន​ចូលរួម​សកម្ម​ក្នុង​រឿង​នយោបាយ ហើយ​ទ្រង់​ប្រហែលជា​អាច​បន្តសកម្មភាព​ផ្ទាល់ខ្លួន​ឬ​ជីវិត​ឯកជន​នៅក្នុង​ប្រទេស​ខ្លះ​និង​នៅក្រៅ​ប្រទេស​ខ្លះ​។ ដូច្នេះ​វា​នឹងធ្វើ​ឲ្យ​អំណាច​របស់​ស្ថាប័ន​ព្រះមហាក្សត្រ​ថមថយ​។ 
 
​សេណា​រី​យ៉ូ​មួយទៀត គឺ ព្រះមហាក្សត្រ​ទ្រង់​ប្តូរ​ព្រះទ័យ ហើយ​លូកដៃ​ចូល​ជ្រៅ​ក្នុង​រឿង​នយោបាយ​។ នេះ​ក៏​មិនមែនជា​រឿង​ល្អ​ដែរ​ព្រោះ​វា​នឹងធ្វើ​ឲ្យ​មាន​ភាពវឹកវរ ឬ​ក្រឡាប់ចាក់​នយោបាយ​នៅ​ថៃ ព្រោះ​ក្រុម​នយោបាយ​ផ្សេងៗ​នៅក្នុង​ប្រទេស​មាន​ទាំង​ក្រុម​អាវ​ក្រហម និង​ក្រុម​យោធា ក៏ដូចជា​ក្រុម​ផ្សេងទៀត​ជាដើម​អាច​នឹង​ព្យាយាម​ដណ្តើម​ទាញយក​ប្រជាប្រិយភាព​តាមរយៈ​ការចង់​សម្ព័ន្ធភាព​ជាមួយ​ព្រះមហាក្សត្រ​។ ឬក៏​វា​អាចមាន​ការរិះគន់​ចំៗ​លើ​ព្រះមហាក្សត្រ​តែម្តង​ចំពោះ​ការ​លូកលាន់​ចូលក្នុង​បញ្ហានយោបាយ ហើយ​ទ្រង់​មិនសូវមាន​ឥទ្ធិពល​ដូច​បិតា​ទ្រង់​។ ដូច្នេះហើយ​ពេលដែល​លោក​លូកលាន់​ខ្លាំង​ក្នុង​បញ្ហានយោបាយ វា​នឹងធ្វើ​ឲ្យ​មានការ​ខ្វែងគំនិត​គ្នា​ខ្លាំង​និង​ភាពល្អក់​ករក​ដល់​ស្ថាប័ន​នយោបាយ​។ ជារួម​សេណា​រី​យ៉ូ​ទាំងពីរ​នេះ​នឹងធ្វើ​ឲ្យ​ស្ថាប័ន​រាជបល្ល័ង្ក​ថយចុះ​ឥទ្ធិពល​មួយ​ជា​លក្ខណៈ​សន្តិភាព​ជាង និង​មួយទៀត​ជា​លក្ខណៈ​វឹកវរ​៕

Tag:
 ភូមិបុល អាឌុលយ៉ាដេត​
  ដេ​ត សុខ​ឧ​ត្ត​ម​
  របបរាជានិយម​ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com