កីឡាជាតិ
អង្គភាព​កីឡា​ក្រសួងមហាផ្ទៃ​នឹង​បញ្ជូន​កីឡាករ​៩​ប្រភេទ​កីឡា​ឲ្យ​ចូលរួម​ប្រកួត​កីឡា​ជាតិ​លើក​ទី​១
16, Oct 2016 , 3:00 pm        
រូបភាព
ដោយ:
​អង្គភាព​កីឡា​របស់​ក្រសួងមហាផ្ទៃ​នឹង​បញ្ជូន​កីឡាករ​កីឡាការិនី​៩​ប្រភេទ​កីឡា​ឲ្យ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​លើក​ទី​១ ប្រចាំឆ្នាំ​២០១៦ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៥ តុលា ដល់​ថ្ងៃទី​៥ វិច្ឆិកា នៅ​រាជធានី​ភ្នំពេញ​។ ក្នុងចំណោម​ប្រភេទ​កីឡា​ទាំង​៩ កីឡាហែលទឹក​ជា​កី្ត​រំពឹង​ខ្ពស់​ទីមួយ​ក្នុងការ​ដណ្តើមបាន​មេដាយ​។​

 
​អង្គភាព​កីឡា​ក្រសួងមហាផ្ទៃ​នឹង​បញ្ជូន​កីឡាករ​កីឡាករ​៩​ប្រភេទ​កីឡា​ដែលមាន​អត្ត​ព​លិ​ក​សរុប​ចំនួន​១៤៤​នាក់ ឲ្យ​ចូលរួម​ប្រកួត​កីឡា​ជាតិ​លើក​ទី​១​ដែលជា​ផែនការមេ​ដំបូង​ដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​របស់​កីឡាករ​និង​ចៅក្រម អាជ្ញាកណ្តាល​សម្រាប់​ត្រៀម​ការប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ 
 
​បើ​យោងតាម លោក ជា ប៊ុនហេង ប្រធាន​អង្គភាព​កីឡា​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា កីឡា​ទាំង​៩​ប្រភេទ​ដែល​គ្រោង​នឹង​បញ្ជូន​ឲ្យ​ចូលរួម​កីឡា​ជាតិ​លើក​ទី​១​រួមមាន ហែល​ទឹក​, អត្តពលកម្ម​, ល្បុក្កតោ​, ប្រដាល់​, ប៉េតង់​, វាយ​កូន​បាល់​, បាល់ទាត់​, បាល់ទះ និង​បាល់បោះ​(​បុរស​-​នារី​)​។ 
 
​ក្នុងចំណោម​កីឡា​ទាំង​៩​ប្រភេទ​នេះ លោក​ប្រធាន​អង្គភាព​កីឡា​ក្រសួងមហាផ្ទៃ​រំពឹងថា នឹង​អាច​ដណ្តើមបាន​មេដាយ​លើ​គ្រប់​ប្រភេទ​កីឡា​ពី​ព្រឹត្តិការណ៍​នេះ​។ ប៉ុន្តែ​លោក​ចាត់ទុក​ប្រភេទ​កីឡាហែលទឹក​ជា​ក្តី​រំពឹង​ខ្ពស់​ជាងគេ​ក្នុងការ​ដណ្តើម​មេដាយមាស ខណៈ​កីឡាអត្តពលកម្ម​ជា​ក្តី​រំពឹង​ទី​២​។ ហើយ​លោក​រំពឹងថា អង្គភាព​កីឡា​ក្រសួងមហាផ្ទៃ​នឺង​ដណ្តើមបាន​មេដាយ​ច្រើនជាងគេ​ក្នុងចំណោម​២៥​ខេត្ត​ក្រុង និង​ក្រសួងការពារជាតិ​។​
 
​កីឡាហែលទឹក​ដែលជា​ប្រភេទ​កីឡា​ក្តី​រំពឹង​ក្នុង​ដណ្តើម​មេដាយ អង្គភាព​ក្រសួងមហាផ្ទៃ​នឹង​បញ្ជូន​កីឡាករ​កីឡាការិនី​ចំនួន​១០​នាក់​ឲ្យ​ចូលរួម​។ លោក ជា ប៊ុនហេង បាន​បញ្ជាក់ថា កីឡាករ​ទាំង​១០​នាក់​នេះ​សុទ្ធសឹង​ជា​កីឡាករ​ដែលមាន​សមត្ថ​ភាព​ខ្ពស់ និង​មាន​កំណត់ត្រា​ល្អ​។ ម្យ៉ាងទៀត​ពួកគេ​ទាំងនេះ​ជា​កីឡាករ​ដែលមាន​បទពិសោធន៍ និង​លេង​ឲ្យ​ក្រសួងមហាផ្ទៃ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។   
 
​ការប្រកួត​ដែល​រៀបចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​នេះ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៥ ខែតុលា ដល់​ថ្ងៃទី​៥ ខែវិច្ឆិកា នៅក្នុង​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​ការបើក​កម្មវិធី​ប្រកួត​ដែល​ថ្នាក់ដឹកនាំ​កីឡា​អះអាងថា លក្ខណៈ​ដូច​ការបើក​កីឡា​អូឡាំពិក នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៨ ខែតុលា​៕  

Tag:
 កីឡា​ជាតិ​លើក​ទី​១
  ជា ប៊ុនហេង​
  ក្រសួងមហាផ្ទៃ
© រក្សាសិទ្ធិដោយ thmeythmey.com