កីឡាជាតិ
កីឡា​១៥​ប្រភេទ​នឹង​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១
16, Oct 2016 , 8:00 pm        
រូបភាព
ដោយ:
​ដើម្បី​ពង្រឹងសមត្ថភាព បច្ចេកទេស​ចៅក្រម​-​អាជ្ញាកណ្តាល​ព្រមទាំង​កីឡាករ​កីឡាការិនី សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) រៀបចំ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១​នា​ថ្ងៃទី​២៥ ខែតុលា ដល់​ថ្ងៃទី​៥ ខែវិច្ឆិកា​។ សម្រាប់​ព្រឹត្តិការណ៍​នេះ គណកម្មការ​រៀបចំ​កា​រ​ប្រកួត​នឹងដាក់​កីឡា​១៥​ប្រភេទ​ឲ្យ​ចូលរួម​។

 
​គណកម្មការ​រៀបចំ​កា​រ​ប្រកួត​កាលពីពេល​ថ្មីៗ បានសម្រេច​ដាក់​កីឡា​ចំនួន​១៥​ប្រភេទ​ឲ្យ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១ ដែល​រៀបចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​។ ការប្រកួត​នេះ​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​រយៈពេល​២២​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៥ ខែតុលា ដល់​ថ្ងៃទី​៥ ខែវិច្ឆិកា​។ 
 
​កីឡា​ទាំង​១៥​ប្រភេទ​ដែល​គណកម្មការ​សម្រេច​ដាក់​ឲ្យ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​នេះ​រួមមាន ចំបាប់​, ល្បុក្កតោ​, អត្តពលកម្ម​, ហែល​ទឹក​, វាយ​សី​, វាយ​កូនឃ្លី​លើ​តុ​, វាយ​កូន​បាល់​, បាល់បោះ​, បាល់ទាត់​, បាលទះ​, ប្រដាល់​, តេ​ក្វាន់​ដូ WTF, កាយសម្ព័ន្ធ​, ប៉េតង់ និង​សូ​រិ​ន​ហ្សិ​កាំ​ប៉ូ​។​
 
​នេះ​ជា​លើក​ទី​១​ហើយ​សម្រាប់​កម្ពុជា​ដែល​រៀបចំ​ការប្រកួត​ព្រឹត្តិការណ៍​កីឡា​មាន​កម្រិត​បច្ចេកទេស និង​ស្តង់ដា​ដូច​ទៅនឹង​ការប្រកួត​ស៊ី​ហ្គេម​បែបនេះ​។ ការរៀបចំ​នេះ​ក្នុង​គោលបំណង ដើម្បី​ដកស្រង់​បទពិសោធន៍ បច្ចេកទេស ក៏ដូចជា​ពង្រឹងសមត្ថភាព បច្ចេកទេស​អត្ត​ព​លិ​ក ចៅក្រម និង​អាជ្ញាកណ្តាល សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​
 
​ម្យ៉ាងទៀត ដើម្បី​ឲ្យ​ស្របតាម​ផែនការមេ​ស៊ី​ហ្គេម​ដែល​រាជរដ្ឋាភិបាល​បានកំណត់​នាពេល​កន្លងមក​។ ការប្រកួត​នេះ​នឹងធ្វើ​ឡើងជា​បន្តបន្ទាប់​រៀ​ង​រាល់​២​ឆ្នាំ​ម្តង​ចំនួន​៣​ដង​ទៀត​រហូតដល់​ការប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​បានចាប់ផ្តើម​៕    

Tag:
 កីឡា​ជាតិ​លើក​ទី​១
  កីឡា​១៥​ប្រភេទ​
© រក្សាសិទ្ធិដោយ thmeythmey.com