កីឡាជាតិ
ជាតិ
សម្ដេច ហ៊ុន សែន​៖ «​នៅ​កម្ពុជា​គ្មាន​អ្នកណា​យកចិត្តទុកដាក់​លើ​កីឡាប្រដាល់​ជាង​ខ្ញុំ​ទេ​»
16, Oct 2016 , 11:09 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា នៅ​កម្ពុជា​គ្មាន​អ្នកណាម្នាក់ ដែល​យកចិត្ត​ទុកចិត្ត​ដាក់​លើ​វិស័យ​កីឡាប្រដាល់​ជាង​សម្ដេច​នោះទេ​។ ការអះអាង​របស់​សម្ដេច ហ៊ុន សែន បែបនេះ ឆ្លើយតប​នឹង​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ឈ្មោះ Ret Boreak ដែល​បាន​ចូល​អត្ថាធិប្បាយ (Comment) ក្នុង​ហ្វេ​ស​ប៊ុ​ក​សម្ដេច​ថា «​ខ្ញុំ​អ្នក​ប្រដាល់​ក្បាច់គុន​ខ្មែរ អន់ចិត្ត​ខ្លាំងណាស់​! សម្ដេច​លម្អៀង​ខ្លាំងណាស់​...»​។​


 
​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ឈ្មោះ Ret Boreak ដែល​អះអាងថា​ខ្លួន​ជា​អ្នក​ប្រដាល់​រូបនេះ​បាន​សរសេរ​អត្ថាធិប្បាយ​ថា «​រាល់​ពេលដែល​ក្រុមបាល់ទាត់​ទទួលបាន​ជ័យជំនះ គឺ​សម្ដេច​តែងតែ​ឧ​ប្ថ​ម្ភ​ដល់​ក្រុម​កីឡាករ និង គ្រូបង្វឹក​មិនដែល​ខាន ចំណែក​ប្រដាល់​វិញ វាយ​ប្រកួត​ឡើង​បែក​មុខ​បែក​មាត់ និង​ពេល​ទទួលបាន​ជំនះ ខ្ញុំ​មិនសូវ​ឃើញ​សម្ដេច ឧបត្ថម្ភ​ទេ​។ មើលទៅ​សម្ដេច គឺ​យកចិត្តទុកដាក់​ទៅលើ​វិស័យ​បាល់ទាត់​ជាង​»​។​
 


​ភ្លាមៗ​ក្រោយពី​ឃើញ​Comment របស់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើនេះ សម្ដេច ហ៊ុន សែន បាន​ចោទ​ជា​សំណួរ​ទៅ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​នេះ​វិញ​ថា តើ​អ្វី​ទៅជា​ពាក្យ​ថា​លំអៀង​? មុននឹង​សម្ដេច​បាន​សរសេរ​ឆ្លើយតប​វិញ​យ៉ាង​ដូច្នេះ​ថា​៖ នៅ​កម្ពុជា​នេះ​អត់​មាន​អ្នកណា​យកចិត្តទុកដាក់​លើ​កីឡាប្រដាល់​ជាង​ខ្ញុំ​ទៀត​ទេ​។ ដែល​មុន​មានការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​និង​ទូរ​ទស្ស​ន៏​ពេល​ប្រកួត​ជាមួយ​បរទេស​ម្តងៗ​ទទួលបាន​១,០០០$​ម្នាក់​ទោះ​ចាញ់ក្តី​ឈ្នះក្តី​។ មកដល់ពេលនេះ​មួយចំនួន​ត្រូវរបួស​ដោយ​ការប្រកួត​ភាគច្រើន​បានទទួល​ការឧបត្ថម្ភ​ដោយ​មិន​ប្រកាសពី​ខ្ញុំ​និង​គ្រួសារ​មិនមែន​រាប់សិប​ឬ​រាប់រយ​ដុល្លា​ទេ​គឺ​រាប់ពាន់​ដុល្លា​ឯណោះ​ក្នុង​ម្នាក់ៗ​»​។​
 


​មូល​ហេតុដែល​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ឈ្មោះ Ret Boreak ចូល Comment ហ្វេ​ស​ប៊ុ​ក​សម្ដេច​ថា លំអៀង​នេះ ដោយសារ​រូបគេ​ឃើញ​សារ​សម្ដេច ហ៊ុន សែន សន្យា​ផ្ដល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​៥​ម៉ឺន​ដុល្លារ​(៥០,០០០$) ទៅដល់​ក្រុម​កីឡាករ​បាល់ទាត់​កម្ពុ​ជា ក្នុងករណី​ក្រុម​ជម្រើសជាតិ​កម្ពុជា អាច​យកឈ្នះ​២​ប្រកួត​ទៀត​លើ​ក្រុម​ព្រុយ​ណេ និង​ទី​ម័​ខាងកើត នាកាល​ប្រកួត​ខាងមុខ​៕

Tag:
 ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com