កីឡាជាតិ
លោក Lee ប្រាប់​មូលហេតុ​ដែល​មិនសូវ​ដាក់ ចាន់ វឌ្ឍនាកា និង ឃួន ឡា​បូ​រ៉ាវី លេង​ជម្រើស​១១​នាក់​ដំបូង​
16, Oct 2016 , 1:43 pm        
រូបភាព
​ភ្នំពេញ​៖ ក្រោយពី​មាន​ចម្ងល់​ជាច្រើន ចោទ​ជា​សំណួរ​ថា មូលហេតុ​អ្វី​បានជា​រាល់​ការប្រកួត​ទាំង​មិត្តភាព​អន្តរជាតិ ទាំង​ការប្រកួត​ជម្រុះ​ពានរង្វាន់​រយៈពេល​ចុងក្រោយ​នេះ គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​មិនសូវ​ដាក់​កីឡាករ​ខ្សែប្រយុទ្ធ ឃួន ឡា​បូ​រ៉ាវី និង​ខ្សែប្រយុទ្ធ​វ័យក្មេង ចាន់ វឌ្ឍនាកា លេង​ជម្រើស​១១​នាក់​ដំបូង​។ ចម្ងល់​នេះ​ត្រូវបាន​លោក Lee Tea Hoon បកស្រាយ​ថា មូលហេតុ ចាន់ វឌ្ឍនាកា ជាប់​ជម្រើស​ទី​២​នោះ ដោយសារតែ​លក្ខខណ្ឌ​កម្លាំងខ្សែប្រយុទ្ធរូបនេះ ​នៅ​មិនទាន់​ល្អ​គ្រាប់​គ្រាន់ ខណៈដែល ឃួន ឡា​បូ​រ៉ាវី ធ្លាក់ចុះ​ទម្រង់​លេង ដោយសារ​រាងកាយ​ធាត់​ជាង​មុន​។​


 
​ថ្លែង​ក្នុង​សន្និសីទកាសែត​ក្រោយពី​ប្រកួត​យកឈ្នះ​ក្រុម​ឡាវ​២​ទល់​១ ក្នុង​វគ្គ​ជម្រុះ AFF SUZUKI CUP កាល​ម្សិលមិញ​នោះ លោក Lee Tea Hoon បាន​បញ្ជាក់ថា ក្នុងការ​ប្រកួត​កីឡាករ ចាន់ វឌ្ឍនាកា មាន​កម្រិត​លេង​ល្អ ប៉ុន្តែ​លក្ខខណ្ឌ​កម្លាំង​របស់​ខ្សែប្រយុទ្ធ​វ័យក្មេង​រូបនេះ មិនទាន់​ល្អ​គ្រាប់​គ្រាន់​ឡើយ ។ ដូច្នេះ​ការដាក់​កីឡាករ ចាន់ វឌ្ឍនាកា លេង​នៅ​ជម្រើស​ទី​ពីរ​នេះ សម្រាប់​លោក Lee ក៏​ជាតា​ក់ទិច ដើម្បី​បង្កើន​ស្ថានភាព​គ្រោះថ្នាក់ ដល់​គូប្រកួត​ផងដែរ​។​
 
​គ្រូបង្វឹក​កម្ពុជា​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​មនុស្ស​ជាច្រើន​តែងតែ​ចង់ដឹង​ហេតុផល​ថា ហេតុអ្វី ចាន់ វឌ្ឍនាកា (​លេង​១១) មិនអាច​លេង​ជម្រើស​១១​នាក់​ដំបូង​បាន​។ ឥឡូវនេះ​លក្ខខណ្ឌ​កម្លាំង​របស់ វឌ្ឍនាកា មិនទាន់​ល្អ​គ្រាប់​គ្រាន់​ក្នុងការ​ប្រកួត ។ តែបើ​និយាយ​ពី​កម្រិត​លេង​របស់ វឌ្ឍនាកា អាច​លេង​៩០​នាទី​ពេញ​បាន ដូច្នេះ​រូបគេ​ត្រូវការ​បង្កើន​កម្លាំង​លេង​បន្ថែមទៀត​។ ប៉ុន្តែ​សម្រាប់​បច្ចេកទេស​លេង នៅពេលដែល​យើង​មិនអាច​ស៊ុត​បញ្ចូល​ទី​គូប្រកួត​បាន ខ្ញុំ​នឹង​ផ្លាស់ប្ដូរ វឌ្ឍនាកា ចូល​ដើម្បី​បង្កើន​ស្ថានភាព​គ្រោះថ្នាក់​ដល់​គូប្រកួតបន្ថែមទៀត ដូច​លេងជាមួយឡាវនេះ ​»​។​
 
​ងាក​មក​និយាយ​ពី​ខ្សែប្រយុទ្ធ​មួយរូប​ទៀត គឺ​កីឡាករ ឃួន ឡា​បូ​រ៉ាវី វិញ​លោក Lee សម្លឹង​មើលឃើញថា កីឡាករ​រូបនេះ ហាក់ដូច​ជាមាន​ទម្រង់​លេង​ធ្លាក់ចុះ​បន្តិច ដោយសារ បូ​ឡា​វី មាន​រូបរាងកាយ​ធាត់​ជាង​មុន​។ «​ជាការ​ពិតណាស់ ឡា​បូ​រ៉ាវី (​លេខ​៩) ពិត​ជាមាន​រាងកាយ​ធាត់​បន្តិច​។ ប៉ុន្តែ​គាត់​(​លេង​៩) ត្រូវ​ព្យាយាម​សម្រក​ទម្ងន់ បើ​មិន​ដូច្នេះ​ទេ គាត់​មិនអាច​លេង​ក្នុង​កម្រិត​អាំង​តង់​ស៊ី​តេ​ខ្ព​ស់បាន​នោះទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​បាន​អះអាងថា មូលហេតុ​ដែល​លោក ផ្លាស់ប្តូរ​ទម្រង់​កីឡាករ​ជម្រើស​១១​នាក់​ដំបូង​នេះ គឺ​ដើម្បី​បង្វែរ​ទម្រង់​លេង និង​កុំ​ឲ្យ​គូប្រកួត​ដឹង​ពី​ចំណុចខ្សោយ​ក្នុងការ​ការពារ និង​វាយ​សម្រុក​គូប្រកួត​របស់​ក្រុម​កម្ពុជា​។​
 
​ការលើកឡើង​លោក Lee Tea Hoon ដូចជា​អ្វីដែល​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ឡាវ មើលឃើញ​ពី​ចំណុច​ខ្វះខាត​របស់​ខ្សែប្រយុទ្ធ​កម្ពុជាទាំងពីររូបនេះ​ដែរ​។ លោក Valakone Phomphady មើលឃើញថា មូលហេតុ​ដែល​ក្រុម​ឡាវ​ចាញ់​កម្ពុជា ២​ទល់​១​នេះ មិនមែន​មកពីអសមត្ថភាពរារាំង​ខ្សែប្រយុទ្ធ​កម្ពុជា​នោះទេ ពោលគឺ​ដោយសារ​តែឡាវខ្វះការប្រមូល​អារម្មណ៍​លេង ធ្វេសប្រហែស​នៅក្នុង​ការប្រកួត​១០​នាទីចុងក្រោយ​ដោយ​ខ្លួនឯង​។ សម្រាប់​លោក Valakone Phomphady សម្លឹង​ឃើញថា ខ្សែប្រយុទ្ធ​កម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា មាន​កម្រិត​លេង​ល្អ ប៉ុន្តែ​កម្លាំង​លេង ៩០​នាទី​ពេញ​នោះ មិនទាន់​ល្អ​គ្រាប់​គ្រាន់​ឡើយ ។ ចំណែក​កីឡាករ ឃួន ឡា​បូ​រ៉ាវី មាន​រាងកាយ​ធាត់ ដែល​ទម្រង់​លេង​មិនអាច​ស្ទុះ​បានល្អ​នោះទេ​។​«​ខ្ញុំ​គិតថា កីឡាករ​កម្ពុជា​លេខ​១១ (​ចាន់ វឌ្ឍនាកា​) កម្លាំង​របស់គាត់ មិនអាច​លេង​ជម្រើស​ដំបូង​៩០​នាទី​បាន​។ ចំណែក​លេខ​៩(​ឃួន ឡា​បូ​រ៉ាវី ) វិញ ខ្ញុំ​គិតថា មាន​រូបរាងកាយ​ធំ​បន្តិច ។ មូលហេតុ​នេះហើយ​ទើប​គ្រូបង្វឹក​កម្ពុជា​ដាក់​កីឡាករ​ណា ដែលមាន​កម្លាំងកាយ សម្បទា​គ្រប់គ្រាន់ ហើយ​លឿន ដែល​អាច​ធ្វើការ​វាយ​សម្រុក​ក្រុម​យើងបាន»​។ នេះ​ជាតាក់​ទិ​ករ​បស់​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​ត្រូវបាន​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិឡាវ ដឹង​ពី​យុទ្ធសាស្ត្រ​លើកមក​ឆ្លើយតប​សំណួរ​អ្នកសារព័ត៌មាន​កាលពី​ម្សិលមិញ​៕

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com