កីឡាជាតិ
គ្រូបង្វឹក​ទី​ម័​រ​ខាងកើត​៖«​ការ​ចាញ់​ព្រុយ​ណេ​មិនមែន​ខ្ញុំ​ជា​អ្នកចាញ់​នោះទេ​គឺ​កីឡាករ​ចាញ់​ខ្លួនឯង​»
16, Oct 2016 , 4:30 pm        
រូបភាព
ដោយ:
​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត​បាន​ចាញ់​ក្រុម​ជម្រើសជាតិ​ព្រុយ​ណេ ២-១ នា​ការប្រកួត​បើកឆាក​នៃ​វគ្គ​ជម្រុះ​ពានរង្វាន់ AFF Suzuki Cup 2016 នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ម្សិលមិញ​។ លទ្ធផល​ចាញ់​ព្រុយ​ណេ​នេះ គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត​យល់ថា លោក​មិនមែនជា​អ្នកចាញ់​នោះទេ ពោលគឺ​កីឡាករ​ជា​អ្នកចាញ់​ខ្លួនឯង​។​

 
​លោក Fernando Rogério de Alcântara គ្រូបង្វឹក​ក្រុមទី​ម័​រ​ខាងកើត​ហាក់ដូចជា​មិន​ចង់​ទទួលស្គាល់​ពី​កំហុស​របស់ខ្លួន​ក្នុងការ​ដឹកនាំ​កូនក្រុម​នោះឡើយ ដោយ​លោក​បានចាត់ទុក​ការ​ចាញ់​ក្រុម​ជម្រើសជាតិ​ព្រុយ​ណេ ២-១ ក្នុង​ថ្ងៃ​បើ​ឆាក​នៃ​វគ្គ​ជម្រុះ​ពានរង្វាន់ AFF Suzuki Cup 2016 កាលពី​ម្សិលមិញ​ថា កីឡាករ​ជា​អ្នកចាញ់​ខ្លួនឯង​។​
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ចប់​ការប្រកួត​កាលពី​ម្សិលមិញ​គ្រូបង្វឹក​រូបនេះ​បញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​គិតថា ការ​ចាញ់​ព្រុយ​ណេ ២-១ មិនមែន​ខ្ញុំ​ជា​អ្នកចាញ់​នោះ គឺ​កីឡាករ​ជា​អ្នកចាញ់​ខ្លួនឯង ព្រោះ​ខ្ញុំ​គិតថា វា​ជាការ​ប្រកួត​មួយ​ដ៏​ងាយស្រួល ប៉ុន្តែ​ពួកគាត់​ធ្វើ​មិន​បានល្អ​»​។ 
 
​យ៉ាងណាក៏ដោយ គ្រូបង្វឹក​ក្រុមទី​ម័​រ​ខាងកើត​រូបនេះ​មានការ​សោកស្តាយ និង​ខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការ​ចាញ់​ព្រុយ​ណេ​ក្នុង​ថ្ងៃ​បើកឆាក​នេះ​។ ហើយ​លោក​ទទួលស្គាល់ថា កូនក្រុម​របស់លោក​ធ្វើ​បានល្អ​ក្នុង​តង់​ទី​២ ប៉ុន្តែ​មាន​ធ្វេសប្រហែស​ខ្លាំង​ក្នុង​តង់​ទី​១​ដែល​ធ្វើ​ឲ្យ​ព្រុយ​ណេ​អាច​ទម្លុះ​សំណាញ់​ទី​រហូតដល់​២​គ្រាប់​។ ទោះបី​ក្រុម​លោក​មិនអាច​ទទួលបាន​ជ័យជម្នះ​លើ​ព្រុយ​ណេ​ក៏ដោយ ប៉ុន្តែ​លោក​បានចាត់ទុក​ការប្រកួត​នេះ​ជាការ​ដកស្រង់​បទពិសោធន៍​មួយ​ដ៏​ល្អ ដើម្បី​ត្រៀម​ជួប​ម្ចាស់ផ្ទះ​កម្ពុ​ជានា​ការប្រកួត​បន្ទាប់​។ 
 
​គួរ​បញ្ជាក់ថា ជ័យជម្នះ ២-១ របស់​ព្រុយ​ណេ​លើ​ក្រុមទី​ម័​រ​ខាងកើត​នេះ​បានធ្វើ​ឲ្យ​ក្រុម​នេះ​ទទួលបាន​៣​ពិ​ន្ទ ស្មើ​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា​ដែល​យកឈ្នះ​ក្រុម​ឡាវ​ក្នុង​លទ្ធផល ២-១ ក្នុង​វគ្គ​ជម្រុះ AFF Suzuki Cup 2016 ក្នុង​ថ្ងៃ​បើកឆាក​ដំបូង​ដូចគ្នា​កាលពី​ម្សិលមិញ​៕   

Tag:
 បាល់ទាត់​
  AFF Suzuki Cup 2016
  Fernando Rogério de Alcântara
© រក្សាសិទ្ធិដោយ thmeythmey.com