កីឡាជាតិ
AFF SUZUKI CUP ៖ គ្រូបង្វឹក​ឡាវ ថា ព្រុយ​ណេ និង​ទី​ម័​រ​ខាងកើត មិនអាច​រារាំង​កម្ពុជា​បានទេ​
16, Oct 2016 , 4:18 pm        
រូបភាព
ភ្នំពេញ​៖ គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ឡាវ មើលឃើញថា ក្រុម​ព្រុយ​ណេ និង​ទី​ម័​រ​ខាងកើត នៅមាន​ទម្រង់​លេង​ខ្សោយ​ជាង​ក្រុម​កម្ពុជា និង​ឡាវ​។ លោក​ជឿជាក់ថា កម្ពុជា​នឹង​ឆ្លង​ផុត​វគ្គ​ជម្រុះ​នេះ ព្រោះ​ព្រុយ​ណេ និង​ទី​ម័​រ​ខាងកើត​មិនអាច​រារាំង​កម្ពុជា​បាន​នោះទេ​។​


 
​លទ្ធផល​ចាញ់​ក្រុម​ជម្រើសជាតិ​កម្ពុជា​២​ទល់​១ ធ្វើ​ឲ្យ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ឡាវ​លោក Valakone Phomphady ហាក់​មិន​អស់ចិត្ត​ឡើយ​។ លោក Valakone Phomphady មើលឃើញថា កូនក្រុម​លោក​មាន​ទម្រង់​លេង​យ៉ាង​ល្អជា​មួយក្រុម​កម្ពុជា ប៉ុន្តែ​ដោយសារតែ​ខ្វះ​ការប្រមូល​អារម្មណ៍​លេង​នៅ​១០​នាទីចុងក្រោយ​នៃ​ការប្រកួត​នោះ ទើប​ធ្វើ​ឲ្យ​កម្ពុជា​អាច​ទទួលបាន​៣​ពិន្ទុ​ក្នុង​ដៃ​។​
​ក្រោយ​ចាញ់​កម្ពុជា​នេះ​លោក Valakone ជឿជាក់ថា កម្ពុជា​នឹង​ឆ្លង​ផុត​វគ្គ​ជម្រុះ​នេះ ព្រោះ​ព្រុយ​ណេ និង​ទី​ម័​រ​ខាងកើត​មិនអាច​រារាំង​កម្ពុជា​បាន​នោះទេ​។ ថ្លែង​ក្នុង​សន្និសីទកាសែត​កាលពី​ម្សិលមិញ គ្រូបង្វឹក​ជម្រើសជាតិ​ឡាវ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​សង្ឃឹមថា​ក្រុម​កម្ពុជា នឹង​ឈានទៅដល់​ជុំ​ចុងក្រោយ​។ ពីព្រោះ​ការប្រកួត​រវាង​កម្ពុជា និង​ឡាវ គឺជា​ប្រកួត​ដ៏​រំជើបរំជួល និង​ចាប់អារម្មណ៍​ដែល​វា​សំខាន់ បើសិនជា​ក្រុម​ណាមួយ​ឈ្នះ​នោះ គឺមាន​ឱកាស​ឡើង​ខ្ពស់ ព្រោះ​ខ្ញុំ​គិតថា ទី​ម័​រ​ខាងកើត និង​ព្រុយ​ណេ នៅមានកម្រិត​ខ្សោយ​ជាង​កម្ពុជា និង​ឡាវ​»​។​
 
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​បើកឆាក​ប្រកួត​ជម្រុះ AFF Suzuki Cup ជាមួយនឹង​ជ័យជម្នះ ២-១ លើ​ក្រុម​ឡាវ នា​ល្ងាច​ថ្ងៃទី​១៥ ខែតុលា នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ បន្ទាប់ពី​ព្រុយ​ណេ យកឈ្នះ​ទី​ម័​រ​ខាងកើត​ក្នុង​លទ្ធផល ២-១ ដូចគ្នា​។ ក្រុម​ដែលមាន​ពិន្ទុរ​ខ្ពស់​ជាងគេ នឹង​ឡើងទៅ​កាន់​វគ្គ​បន្ត​នៃ​ពានរង្វាន់​នេះ ដោយ​ត្រូវជួប​ជាមួយ​ក្រុម​មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី និង​វៀតណាម​៕

Tag:
 កីឡាករ​
 ​បាល់ទាត់​
© រក្សាសិទ្ធិដោយ thmeythmey.com