កីឡាជាតិ
AFF Suzuki Cup៖ គ្រូបង្វឹក​ព្រុយ​ណេ​ថា កម្ពុជា​ជា​ក្រុម​ដែល​ខ្លាំងជាងគេ​
18, Oct 2016 , 8:39 am        
រូបភាព
ដោយ:
 
​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ព្រុយ​ណេ​ក្រោយពី​ទទួល​ជ័យជម្នះ ២-១ លើ​ក្រុមទី​ម័​រ​ខាងកើត​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​បានចាត់ទុក​ក្រុម​ជម្រើសជាតិ​កម្ពុជា​ជា​ក្រុម​ខ្លាំងជាងគេ​ក្នុងចំណោម​៤​ក្រុម​នៅក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់ AFF Suzuki Cup 2016​។ ប៉ុន្តែ​លោក​នឹង​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាព​នៅពេល​ជួប​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា​នៅវេលា​ម៉ោង​៦ និង​៣០​នាទី ថ្ងៃ​អង្គារ​នេះ ។​

 
​ទោះបី​ក្រុម​ជម្រើសជាតិ​ព្រុយ​ណេ​មិនទាន់​ជួប​ម្ចាស់ផ្ទះ​កម្ពុជា​ក្នុង​ជម្រុះ​ពានរង្វាន់ AFF Suzuki Cup 2016 នេះ​ក៏ដោយ ប៉ុន្តែ​តាមរយៈ​ការ​ទស្សនា​ការប្រកួតរ​បស់​កម្ពុជា​ជាមួយ​ឡាវ បានធ្វើ​ឲ្យ​គ្រូបង្វឹក​ក្រុម​ព្រុយ​ណេ​អាច​វាយតម្លៃថា កម្ពុជា​ជា​ក្រុម​ខ្លាំងជាងគេ​ក្នុងចំណោម​ក្រុម​ទាំង​៤(​កម្ពុជា​, ព្រុយ​ណេ​, ឡាវ និង​ទី​ម័​រ​ខាងកើត​)​នៃ​វគ្គ​ជម្រុះ​នេះ​។ 
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ក្រុម​ព្រុយ​ណេ​យកឈ្នះ​លើ​ក្រុមទី​ម័​រ​ខាងកើត ២-១ លោក   ​Mike Wong Mun Heng បានបញ្ជាក់​ដូច្នេះ​ថា​៖«​សម្រាប់​ការប្រកួត​ក្នុង​វគ្គ​ជម្រុះ​នេះ ខ្ញុំ​គិតថា ក្រុម​កម្ពុជា​ជា​ក្រុម​មួយ​ដែលមាន​សមត្ថភាព​ខ្លាំង​ជាងគេ ព្រោះ​កាលពី​ប៉ុន្មាន​ខែ​មុន​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​កម្ពុជា​បាន​យកឈ្នះ​យ៉ាងដំណំ​លើ​ក្រុម​ជម្រើសជាតិ​ព្រុយ​ណេ​»​។ 
 
​លោក​បាន​បន្តទៀតថា​៖«​ខ្ញុំ​សង្កេតឃើញថា ពីរ​ឆ្នាំ​ចុងក្រោយ​នេះ​ក្រុម​កម្ពុជា​មានការ​រីកចម្រើន​យ៉ាងខ្លាំង ហើយ​ខ្ញុំ​រំពឹងថា ក្រុម​ជម្រើសជាតិ​ព្រុយ​ណេ នឹង​រីកចម្រើន​ដូច​កម្ពុជា​ដែរ ប៉ុន្តែ​ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល​។ ខ្ញុំ​គិតថា ការប្រកួត​ទាំង​៣​ប្រកួត​សុទ្ធសឹង​ជាការ​ប្រកួត​ដែលមាន​លក្ខណៈ​ប្រកួត​ព​ប្រជែង​ខ្ពស់ ហើយ​ខ្ញុំ​រំពឹងថា កូនក្រុម​របស់ខ្ញុំ​នឹង​ប្រឹង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងជំនួប​ជាមួយ​កម្ពុជា​»​។ 
 
​គួរ​បញ្ជាក់ថា ក្រុម​ជម្រើសជាតិ​ព្រុយ​ណេ​មាន​៣​ពិន្ទុ​នៅក្នុង​ដៃ​បន្ទាប់ពី​យកឈ្នះ​ក្រុមទី​ម័​រ​ខាងកើត ២-១ ខណៈ​កម្ពុជា​ក៏មាន​៣​ពិន្ទុ​ផងដែរ​បន្ទាប់ពី​យកឈ្នះ​ក្រុម​ឡាវ ២-១ ក្នុង​ថ្ងៃ​បើកឆាក​នៃ​វគ្គ​ជម្រុះ​ពានរង្វាន់ AFF Suzuki Cup 2016 ដូចគ្នា​កាលពី​សប្តាហ៍​មុន​៕  

Tag:
 បាល់ទាត់​
  AFF Suzuki Cup 2016
© រក្សាសិទ្ធិដោយ thmeythmey.com