កីឡាជាតិ
NOCC បង្ហាញ​សមាសភាព​កីឡាករ​ទាំង​៩​នាក់​ដែល​រត់​ភ្លើង​គប់​ក្នុង​ថ្ងៃ​បើក​ការប្រកួត​កីឡា​ជាតិ​
19, Oct 2016 , 8:19 am        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ NOCC
លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ NOCC
ដោយ:
 
​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១​ដែលជា​ការប្រកួត​មួយ​មាន​កម្រិត​បច្ចេកទេស​ខ្ពស់​ដូច​ការប្រកួត​ស៊ី​ហ្គេម​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៥ ខែតុលា ដល់​ថ្ងៃទី​៥ ខែវិច្ឆិកា នៅក្នុង​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​កម្មវិធី​បើក​ការប្រកួត​ដែល​ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា​អះអាងថា នឹងធ្វើ​ឲ្យ​ដូច​ការបើក​ការប្រកួត​កីឡា​អូឡាំពិក​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៨ ខែតុលា​។ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) កាលពី​ថ្ងៃទី​១៨ ខែតុលា បានបង្ហាញ​ពី​សមាសភាព​កីឡាករ និង​អតីត​កីឡាករ​ឆ្នើម​ទាំង​៩​នាក់​ដែល​រត់​ភ្លើង​គប់​ក្នុង​ថ្ងៃ​បើក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១​។

 
​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​កាលពី​ថ្ងៃទី​១៨ ខែតុលា បានបង្ហាញ​ឈ្មោះ​សមាសភាព​កីឡាករ និង​អតីត​កីឡាករ​ជើងចាស់​ដ៏​ឆ្នើម​ក្នុងសម័យ​បច្ចុប្បន្ន និង​ទស្សវត្សរ៍​៦០, ៧០ និង​៨០​ទាំង​៩​នាក់ ដែលជា​អ្នករត់​ភ្លើង​គប់​ក្នុង​ថ្ងៃ​បើក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ នា​ថ្ងៃទី​២៨ ខែតុលា ខាងមុខ​។ 
 
​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​គណៈកម្មាធិការ NOCC កីឡាករ និង​អតីត​កីឡាករ​ឆ្នើម​ទាំង​៩​រូប​រួមមាន លោក កែវ ថុ​ន​, លោក អៀ​ត គឹម​ហេង​, លោក ប៉ែន ផាត​, លោក សោម សារ៉ន​(​តា​ម៉ាំង​), លោក តូ រឹទ្ធី​យ៉ា​, កីឡាការិនី កែ ឡេង​, កីឡាការិនី ស៊ន សៀវ​ម៉ី​, កីឡាករ ចាន់ វឌ្ឍនាកា និង​កីឡាករ ប្រាក់ មុនី​ឧ​ត្ត​ម​។​
 
​បើ​យោងតាម​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ការជ្រើសរើស​អតីត​កីឡាករ និង​កីឡាករ​ឆ្នើម​នាពេល​បច្ចុប្បន្ន​រត់​ភ្លើង​គប់​ក្នុង​ថ្ងៃ​បើក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១​នេះ​។ លោក​បាន​បញ្ជាក់ថា គឺ​ដើម្បី​បង្ហាញ​អតីត​កីឡាករ​ដ៏​ល្បីល្បាញ​ប្រចាំ​ទស្សវត្សរ៍​៦០, ៧០ និង​៨០ និង​កីឡាករ​ឆ្នើម​បច្ចុប្បន្ន ឲ្យ​កីឡាករ​កីឡាការិនី​ជំនាន់​ក្រោយ​ក៏ដូចជា​មហាជន​ទាំងអស់​បាន​ស្គាល់​។ ម្យ៉ាងទៀត ដើម្បី​ផ្តល់ឱកាស ក៏ដូចជា​លើកទឹកចិត្ត​ដល់​កីឡា​ទាំងនេះ​ឲ្យ​បាន​ចូលរួម​ក្នុង​ថ្ងៃ​ដ៏​អស្ចារ្យ​ដែល​មិន​ធ្លាប់​មាននៅ​កម្ពុជា​។​
 
​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​រូបនេះ​បាន​បន្តទៀតថា ក្រៅពី​កម្មវិធី​បើក​ដ៏​អស្ចារ្យ​ក៏មាន​ការសម្តែង​សិល្បៈ​និង​ផ្ទាំងទស្សនីយភាព​ដើម្បី​អបអរ​ជាច្រើន​ទៀតផង​ដែរ​។ ក្នុងនោះ​មានការ​សម្តែង​ក្បាច់គុន​បូរាណ​ខ្មែរ​របស់​កង​យុទ្ធ​ពល​ខេមរភូមិន្ទ ការសម្តែង​សិល្បៈ​តន្ត្រី​ក្រោម​វត្តមាន​តារាចម្រៀង​ល្បីៗ​ប្រចាំ​កម្ពុជា​ដូចជា​លោក ព្រាប សុវត្ថិ​, ខេមរៈ សិរីមន្ត​, ឱក សុគន្ធ​កញ្ញា  និង​តារាចម្រៀង​ជាច្រើនរូប​ទៀត​។ លើសពីនេះ​មាន​ការបាញ់​កាំជ្រួច​ដ៏​អស្ចារ្យ និង​ប្លែក​ដែល​រៀបចំ​ដោយ​អ្នកជំនាញ​បរទេស​។ 

 
​នៅក្នុង​ថ្ងៃ​បើក​កម្មវិធី​ប្រកួត​នោះដែរ​ដោយ​ទទួលបាន​ការចូលរួម​ក្រោម​វត្តមាន​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ លើសពីនេះ​ស​ម្តេចក៏​ជា​អ្នក​ប្រគល់​ភ្លើង​គប់​ដល់​កីឡាករ និង​អតីត​កីឡាករ​ជើងចាស់ ដើម្បី​រត់​បើក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១​នាឱកាស​នោះ​ផងដែរ​។ 
 
​ដើម្បី​ជួយ​គាំទ្រ​វិស័យ​កីឡា​កម្ពុជា ក៏ដូចជា​អបអរ​ក្នុង​ថ្ងៃ​បើក និង​បិទ​កម្មវិធី​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១ ថ្នាក់​ដឺ​ក​នាំ​កីឡា​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជា​ពល សិស្ស និស្សិត​ទាំងអស់​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​ក្នុង​កម្មវិធី​បើក​សេរី​មួយ​នេះ​។ លើសពីនេះ​ថ្នាក់ដឹកនាំ​កីឡា​នៅ​បន្ត​ផ្សព្វផ្សាយ​ស្វែងរក​អតីត​កីឡាករ​ជើងចាស់​ល្បីៗ ដើម្បី​ចូលរួម​កម្មវិធី​ដ៏​អស្ចារ្យ​មួយ​នេះ ហើយ​លោក​បាន​បញ្ជាក់ថា ប្រសិនបើ​អតីត​កីឡា​ជើងចាស់​ទាំងនោះ​បានដឹង​សូម​មក​ទំនាក់ទំនង​នៅ​ទីស្នាក់ការ NOCC​។   
 
​គួរ​បញ្ជាក់ថា ការប្រកួត​កីឡា​ជាតិ​លើក​ទី​១​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៥ ខែតុលា ដល់​ថ្ងៃទី​៥ ខែវិច្ឆិកា នៅក្នុង​រាជា​ធានី​ភ្នំពេញ​។ ចំណែក​កម្មវិធី​បើក​ប្រកួត​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃទី​២៨ ខែតុលា នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។ ការប្រកួត​កីឡា​ជាតិ​លើក​ទី​១​មាន​អត្ត​ព​លិ​ក និង​គណប្រតិភូ​ដែល​មកពី​រាជធានី​ខេត្ត​ទាំង​២៥ ព្រមទាំង​ក្រសួងការពារជាតិ និង​ក្រសួងមហាផ្ទៃ​ចំនួន​២,៧០០​នាក់​ចូលរួម​។ អត្ត​ព​លិ​ក​ទាំងនេះ​ប្រកួតប្រជែង​ក្នុង​១៨៩​វិញ្ញាសា​លើ​១៥​ប្រភេទ​កីឡា ក្រោម​ការរៀបចំ​របស់​គណៈកម្មការ​ចំនួន​៥៤៨​នាក់​៕   
 
  





Tag:
 កីឡា​ជាតិ​លើក​ទី​១
  NOCC
  កែវ ថុ​ន​
  ប៉ែន ផាត​
  កែ ឡេង
© រក្សាសិទ្ធិដោយ thmeythmey.com