អន្តរជាតិ
លោក Duterte ៖«​ហ្វីលីពីន​ចង់​ធ្វើ​សមយុទ្ធ​ជាមួយ​ចិន​និងរុស្ស៊ី​ព្រោះ​ឆ្អែតឆ្អន់​ជាមួយ​អាមេរិក​ហើយ​»
18, Oct 2016 , 7:39 pm        
រូបភាព
​ខណៈដែល​ទំនាក់ទំនង​រវាង​ហ្វីលីពីន និង​សម្ព័ន្ធមិត្ត​អាមេរិក​កាន់តែ​ល្អក់កករ​នោះ ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បានប្រកាស​ក្ដែ​ងៗ​ក្នុង​កិច្ចសម្ភាសន៍​មួយ​ថា លោក​បើកចំហ​សម្រាប់​ការធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ជាមួយ​ចិន និង​រុស្សី​។ ចំណែក​សមយុទ្ធ​យោធា​ជាមួយ​អាមេរិក ដែលជា​សម្ព័ន្ធមិត្ត​តាម​សន្ធិសញ្ញា​នោះ នឹង​មិនមាន​ទៀតឡើយ​នៅក្នុង​អាណត្តិ​ប្រធានាធិបតី ៦​ឆ្នាំ​របស់លោក​។​



​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte នឹង​ផ្ដើម​ទស្សនកិច្ច​នៅ​ចិន នៅ​ថ្ងៃទី​១៨ ខែតុលា​នេះ ដែល​មើលឃើញថា ជាការ​ពង្រឹង​ទំនាក់ទំនង​ឡើងវិញ ក្រោយ​ល្អក់កករ​នៅក្រោម​អាណត្តិ​ដឹកនាំ​របស់​អតីត​ប្រធានាធិបតី Aquino ដែល​ជិតស្និទ្ធ​អាមេរិក​នោះ​។ ហើយ​លោក​ក៏មាន​បំណង​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​ចិន និង​រុស្សី ដ្បិត​សមយុទ្ធ​ជាមួយ​អាមេរិក​នោះ លោក​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ទៀតឡើយ​។​

​ឆ្លើយ​នឹង​សំណួរ​របស់​ទូរទស្សន៍​ហុងកុង Phoenix TV ទាក់ទង​នឹង​សមយុទ្ធ​នេះ ប្រធានាធិបតី​ហ្វីលីពីន Duterte បញ្ជាក់ថា លោក​ពិចារណា​ធ្វើ​សមយុទ្ធ​ជាមួយ​ចិន និង​រុស្សី ដោយសារ​លោក​ឆ្អែតឆ្អន់​ជាមួយ​សមយុទ្ធ​ជាមួយ​អាមេរិក​ហើយ​។ លោក​បន្តថា សមយុទ្ធ​រួមគ្នា​រវាង​ហ្វីលីពីន និង​អាមេរិក ដែល​ទើប​បញ្ចប់​កាលពី​សប្ដាហ៍​មុន គឺជា​សមយុទ្ធ​ចុងក្រោយ ហើយ​លោក​មិន​ចង់​ឲ្យ​អាមេរិក មើលងាយ​ទាហាន​ហ្វីលីពីន​ទៀតឡើយ​។​

​ចាប់តាំងពី​ការឡើង​កាន់អំណាច​ក្នុង​ដំណាច់ខែ​មិថុនា​មក​នោះ ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ បាន​អនុវត្ត​គោលនយោបាយ​ការបរទេស​ផ្សេង​មួយទៀត ដែល​លោក​អះអាងថា ជា​គោលនយោបាយ​ឯករាជ្យ​។ ពោល គឺ​រដ្ឋាភិបាល​ក្រុង​ម៉ានីល​ងាក​កាន់តែ​ជិតស្និទ្ធ​ទៅរក​ក្រុង​ប៉េកាំង ដែលជា​គូប្រជែង​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង និង​បែរខ្នង​ដាក់​អាមេរិក ដែលជា​សម្ព័ន្ធមិត្ត​យូរអង្វែង​ទៅវិញ​។​

​តាមពិតទៅ ការ​ងាក​ចេញពី​អាមេរិក​របស់​រដ្ឋបាល​ប្រធានាធិបតី Duterte ក៏​ព្រោះតែ​អាមេរិក​រិះគន់ លើ​យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន​ខ្លាំងៗ​។ រឿងនេះ​ហើយ​ដែល​ធ្វើ​ឲ្យ​លោក Duterte មិន​សប្បាយចិត្ត និង​បែរ​ទៅ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ចិន ដែល​កន្លងមក​នោះ ក៏​មិនសូវមាន​ទំនាក់ទំនង​ល្អជា​មួយ​ហ្វីលីពីន​ក្រោម​អាណត្តិ​លោក Aquino​។ លោក Aquino បាន​ប្ដឹង​ចិន​រឿង​សមុទ្រ​ចិន​ខាងត្បូង ហើយ​ថែមទាំង​អនុញ្ញាត​ឲ្យ​អាមេរិក ដាក់​ទ័ព​លើ​ទឹកដី​ហ្វីលីពីន​រយៈពេល​យូរ​ទៀតផង​។​

​មិនតែប៉ុណ្ណោះ លោក​ប្រធានាធិបតី Duterte ក៏បាន​អរគុណ​ចិន ដែល​គាំទ្រ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​របស់​ហ្វីលីពីន តាមរយៈ​ការជួយ​សាងសង់​មជ្ឈមណ្ឌល​ស្ដារនីតិសម្បទា ខណៈ​អាមេរិក សហភាព​អឺរ៉ុប និង​អង្គការសហប្រជាជាតិ រិះគន់​ហ្វីលីពីន​ខ្លាំងៗ​នោះ​។ ហើយ​លោក​ថែមទាំង​ប្រកាស​ចរចា​ផ្ទាល់​ជាមួយ​លើ​សមុទ្រ​ចិន​ខាងត្បូង ដោយ​មិន​ឲ្យ​អ្នកណា​ចូលមក​ពាក់ព័ន្ធ​ឡើយ​៕


Tag:
 ហ្វីលីពីន​
  អាមេរិក​
  ចិន​
  រុស្សី​
  Rodrigo Duterte
© រក្សាសិទ្ធិដោយ thmeythmey.com