ជាតិ
ក្រសួងយុត្តិធម៌ និង​យូ​នី​សេ​ហ្វ ចេញផ្សាយ​សេចក្តីពន្យល់​អំពី​ការ​ស្មុំ​កូន​ខ្មែរ ជា​លើកដំបូង​
19, Oct 2016 , 4:07 pm        
រូបភាព
លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
ដោយ:
​ភ្នំពេញ​៖ ក្រសួងយុត្តិធម៌ និង​មូលនិធិ​កុមារ​អង្គការសហប្រជាជាតិ (UNICEF) បាន​ផ្សព្វផ្សាយ សេចក្តីពន្យល់​អំពី​ការ​ស្មុំ​កូន​ក្នុងប្រទេស លើកដំបូង នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ ២០១៦​នេះ​។



​ក្រសួងយុត្តិធម៌ ក្រោម​ជំនួយ​ថវិកា​ពី​យូ​នី​សេ​ហ្វ​ចងក្រង​សេចក្តីពន្យល់​នេះ​ឡើង ក្នុង​គោលបំណង​ជួយ​ចៅក្រម ព្រះ​អាជ្ញា មន្ត្រី​អនុវត្ត​ច្បាប់ និង​សាធារណជន​ទូទៅ ឲ្យ​យល់​ពី​ខ្លឹមសារ​ច្បាប់ និង​នីតិវិធី​នៃ​ការ​ស្មុំ​កូន​ក្នុងប្រទេស ពិសេស​គឺ ការពង្រឹង​ការងារ​តុលាការ​ពាក់ព័ន្ធ​ការ​ស្មុំ​កូន​។​

​លោកស្រី ដេ​បូរ៉ា កូ​មី​នី ប្រធាន​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​សេចក្តីពន្យល់​អំពី​ស្មុំ​កូន​ក្នុងប្រទេស​កម្ពុជា រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃទី​១៩ ដល់​ថ្ងៃទី ២១ ខែតុលា​ឆ្នាំ​២០១៦ ពី​សារៈសំខាន់​នៃ​សេចក្តីពន្យល់​អំពី​ការ​ស្មុំ​កូន​។​

​តំណាង​អង្គការ​យូ​នី​សេ​ហ្វ​រូបនេះ បាន​ថ្លែង​ជំរុញ​មន្ត្រី​រដ្ឋាភិបាល តំណាង​តុលាការ​និង​អយ្យការ​គ្រប់​ជាន់ថ្នាក់​ជាង ៣០០​នាក់​មកពី ២៥​រាជធានី ឲ្យ​ពង្រឹង​ប្រព័ន្ធ​ការពារ​សិទ្ធិ​កុមារ​ថែមទៀត ដើម្បី​ពួកគេ​ទទួលបាន​គ្រួសារ​ប្រកបដោយ​ក្តី ស្រលាញ់​។

«​យើង​សង្ឃឹមថា សេចក្តីពន្យល់​នេះ​អាចជួយ​ធានាថា កុមារ​នឹង​ទទួល​ការការពារ និង​ដាក់​ឲ្យ​រស់នៅ​ជាមួយ​គ្រួសារ​ដែលមាន​លទ្ធភាព​ថែទាំ និង​បំពេញ​នូវ​សេចក្តីត្រូវការ​របស់ ពួកគេ​»​។ លោកស្រី ដេ​បូរ៉ា កូ​មី​នី ថ្លែង​សង្កត់ធ្ងន់​ទៅកាន់​ភាគី​ពាក់ព័ន្ធ ក្នុង​ពិធី​ចេញផ្សាយ​សៀវភៅ​ពន្យល់​នីតិវិធី​ស្មុំ​កូន​ក្នុងប្រទេស​ដែលមាន​ចំនួន ៥ ជំពូក ស្មើនឹង ១៥៧​ទំព័រ ក្នុង​សណ្ឋាគារ Intercontinental​។​

​ក្រសួងយុត្តិធម៌ និង​អ្នកជំនាញការ​ច្បាប់ បាន​ចំណាយពេល​ជាង ២​ឆ្នាំ ពិភាក្សា​ចងក្រង​សេចក្តីពន្យល់​អំពី​ការ​ស្មុំ​កូន​ក្នុងប្រទេស​ដែលជា​ជំនួយស្មារតី​ជា​មូលដ្ឋាន​ដល់​អ្នកអនុវត្ត​ច្បាប់​នេះ ស្របតាម​បទបញ្ញត្តិ​ជាតិ និង​អន្តរជាតិ​នានា​។​
​ឱកាស​នោះដែរ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក អង្គ វង្ស​វ​ឌ្ឍ​នា បាន​សង្កត់ធ្ងន់​បន្ថែម​ពី​សារៈសំខាន់​នៃ​សេចក្តីពន្យល់​នេះ ដោយ​លោក​បាន​អះអាងថា ការបកស្រាយ​ពី​ពាក្យ​បច្ចេកទេស​ច្បាប់ រួមទាំង​ការលើក​ឧទាហរណ៍​ពន្យល់​ពី​នីតិវិធី​ស្មុំ​កូន​ក្នុងប្រទេស បាន​ពន្យល់​យ៉ាង​ក្បោះក្បាយ​។​

«​វា​ជា​ការល្អ​ក្នុងការ​លើកកម្ពស់​សិទ្ធិ​កុមារ ដើម្បី​ផ្សព្វផ្សាយ​សេចក្តីពន្យល់​និង​ការណែនាំ​ដល់​អ្នកធ្វើ​ការពាក់ព័ន្ធ​ក្នុង​ដំណើរការ​អនុវត្ត​ស្មុំ​កូន​ក្នុងប្រទេស​កម្ពុជា ជៀសវាង​ការ​ស្មុំ​កូន​ធ្វើ​អាជីវកម្ម​ខុសច្បាប់​»​។ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បង្ហាញ​ពី​ការយកចិត្ត​ទុក​លើកកម្ពស់​សិទ្ធិ​កុមារ តាមរយៈ​ការពង្រឹង​ច្បាប់ មុនពេល​លោក​សរសើរ​អ្នកជំនាញការ​ច្បាប់​ជាតិ និង​អន្តរជាតិ​ដែល​ខិតខំ​តាក់ តែងសេចក្តី​ពន្យល់​នេះ​។​

​លើសពីនេះ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ដែល​រង​ការ​រិៈ​គន់​បញ្ហា​យុត្តិធម៌​រូបនេះ បាន​បន្ត​ថ្លែង​ស្នើ ភាគី​ពាក់ព័ន្ធ ជួយ​ពិភាក្សា​តាក់តែង​សេចក្តីព្រាងច្បាប់​ពាក់ព័ន្ធ​នឹង​ការការពារ​សិទ្ធិ​កុមារ ផ្សេងទៀត ដូចជា ច្បាប់​ពពោះ​ជំនួយ ផងដែរ​៕


Tag:
 អង្គ វង្ស វ​ឌ្ឍា​នា​
  Debora Comini
  UNICEF
© រក្សាសិទ្ធិដោយ thmeythmey.com