កីឡាជាតិ
ជាតិ
កីឡា​ជាតិ​លើក​ទី​១៖ កីឡាការិនី នី សំណាង​, លោក កែម ស៊ី​ហួត ដឹកនាំ​ការធ្វើ​សច្ចាប្រណិធាន​
23, Oct 2016 , 1:30 pm        
រូបភាព
កីឡាការិនី នី សំណាង និង​លោក កែម ស៊ីហួត
កីឡាការិនី នី សំណាង និង​លោក កែម ស៊ីហួត
ដោយ:
​កីឡាការិនី​ចំបាប់ នី សំណាង និង​លោក កែម ស៊ី​ហួត នឹង​ធ្វើជា​តំណាង​អត្ត​ព​លិ​ក និង​មន្ត្រី​កីឡា​កម្ពុជា ​ធ្វើ​សច្ចាប្រណិធាន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១ ​ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២៥ ខែតុលា ដល់​ថ្ងៃទី​៥ ខែវិច្ឆិកា​។ ចំណែក​ការ​សច្ចាប្រណិធាន​ ធ្វើឡើង​នៅក្នុង​កម្មវិធី​បើក​ការប្រកួត​កីឡា​ជាតិ​នា​ថ្ងៃទី​២៨ ខែតុលា​។



កីឡាការិនី​ចំបាប់ នី សំណាង ម្ចាស់​មេដាយ​សំរឹទ្ធ​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី​ឆ្នាំ​២០១២​នៅ​ថៃ និង​លោក កែម ស៊ី​ហួត អនុប្រធាន​កីឡា​ទាញព្រ័ត្រ​កម្ពុជា នឹង​ធ្វើសច្ចាប្រណិធាន​នៅមុខ​ថ្នាក់ដឹកនាំ​ប្រទេស និង​កីឡា ព្រមទាំង​គណៈ​ក​ម្មការ​រៀបចំ​ការប្រកួត​ក្នុង​ថ្ងៃ​បើក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១ នា​ថ្ងៃទី​២៨ ខែតុលា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។  

​បើ​យោងតាម​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ការ​សច្ចាប្រណិធាន​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ឲ្យ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១ ប្រកបដោយ​សមភាព និង​យុទ្ធ​ធម៌ ជាពិសេស​ដាស់​ស្មារតី​របស់​អត្ត​ព​លិ​ក​ក៏ដូចជា​មន្ត្រី​កីឡា​ឲ្យ​ត្រូវគោរព​តាម​គោលការណ៍ Fair Play ក្នុងការ​ប្រកួត និង​វិន្និច្ឆ័យ​។

​កីឡាការិនី នី សំណាង ដែល​តំណាង​ឲ្យ​អត្ត​ព​លិ​ក​កម្ពុជា​ត្រូវ​កាន់​ទង់ជាតិ​កម្ពុជា​ហើយ​ត្រូវ​ស្រែក​ប្តេជ្ញា​នៅមុខ​ថ្នាក់ដឹកនាំ​កីឡា​ថា នឹង​ប្រកួត​ដោយ​សមភាព មិត្តភាព​, សមា​គ្គី​ភាព និង​ភាតរភាព ជាពិសេស​នឹង​គោរព​តាម​គោលការណ៍​នៃ​ការប្រកួត និង Fair Play​។ មិន​ខុសគ្នា​នោះឡើយ លោក កែម ស៊ី​ហួត តំណាង​ឲ្យ​មន្ត្រី​កីឡា​ត្រូវ​ស្រែក​ប្តេជ្ញា​ថា នឹង​វិនិច្ឆ័យ​ដោយ​សមភាព និង​យុត្តិធម៌ ជាពិសេស​ផ្អែក​តាម​គោលការណ៍ Fair Play​។    

​លោក​អគ្គលេខាធិការ NOCC រូបនេះ​បាន​បញ្ជាក់ថា ការធ្វើ​សច្ចាប្រណិធាន​នេះ​មិន​ប្រកាន់​ពី​កម្រិត​សមត្ថភាព និង​ស្នាដៃ​នោះឡើយ ពោល​គឺអាច​ធ្វើបាន​គ្រប់​កីឡាករ​ទាំងអស់​។ លើសពីនេះ ការ​សច្ចាប្រណិធាន​គេ​តែង​ប្រារព្ធ​ធ្វើឡើង​រៀងរាល់​ការប្រកួត​ធំៗ​ទូទាំង​ពិភពលោក​ដើម្បី​បញ្ជាក់​ពី​គោលការណ៍ Fair Play​។

​គួរ​បញ្ជាក់ថា ការប្រកួត​កីឡា​ជាតិ​លើក​ទី​១​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៥ ខែតុលា ដល់​ថ្ងៃទី​៥ ខែវិច្ឆិកា ឬ​ឯ​កម្មវិធី​បើក​ការប្រកួត​ធ្វើ​នៅ​ថ្ងៃទី​២៨ ខែតុលា នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្រោម​វត្តមាន​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន​។ ក្រៅពី​កម្មវិធី​បើក​ដោយមាន​ការរត់​ភ្លើង​គប់ និង​ដង្ហែ​ទង់ជាតិ​ក៏មាន​ការសម្តែង​ផ្ទាំងទស្សនីយភាព សិល្បៈ តន្ត្រី និង​ក្បាច់គុន​របស់​កងយោធពល​ខេមរភូមិន្ទ​ផងដែរ​៕


Tag:
 កីឡា​ជាតិ​លើក​ទី​១
  នី សំណាង​
  កែម ស៊ី​ហួត
© រក្សាសិទ្ធិដោយ thmeythmey.com