កីឡាជាតិ
ជាតិ
ការសម្តែង​សាកល្បង​ត្រៀម​បើក​កីឡា​ជាតិ​...
24, Oct 2016 , 7:04 pm        
រូបភាព
ដោយ:
ក្រុម​សម្តែង​សាកល្បង​ត្រៀម​សម្រាប់​កម្មវិធី​បើក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១​កាលពី​ថ្ងៃទី​២៣ ខែតុលា ទទួលបាន​ការកោតសរសើ​រ​ពី​ថ្នាក់ដឹកនាំ​កីឡា​ដែល​បាន​ចូលរួម​ទស្សនា​ការសម្តែង​ផ្ទាល់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ជាមួយគ្នានេះ​ថ្នាក់ដឹកនាំ​កីឡា​បាន​សង្កេតឃើញថា ការសម្តែង​នៅមាន​ចំណុច​ខ្វះខាត​មួយចំនួន​ដែល​ត្រូវ​កែតម្រូវ​។





​ដើម្បី​ត្រៀម​មុន​ថ្ងៃ​បើក​ការប្រកួត​កីឡា​លើក​ទី​១​ជា​ប្រវត្តិសាស្ត្រ នា​ថ្ងៃទី​២៨ ខែតុលា ខាងមុខ ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា​ទាំងពីរ​ស្ថាប័ន​រួមមាន​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ម្ពុ​ជា បាន​ដឹកនាំ​ក្រុម​ដែល​ត្រូវ​សម្តែង​ក្នុង​ថ្ងៃនោះ​ធ្វើការ​សម្តែង​សាកល្បង​កាលពី​ថ្ងៃទី​២៣ ខែតុលា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ការសម្តែង​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ត្រៀមលក្ខណៈ​ឲ្យ​បានល្អ​មុន​ថ្ងៃ​បើក​ជា​ផ្លូវការ​មកដល់​។ 



​សម្រាប់​ការសម្តែង​សាកល្បង​ត្រៀម​ក្នុង​ថ្ងៃ​ដំបូង​របស់​ក្រុម​ទាំងនោះ ដោយ​ទទួលបាន​ការគាំទ្រ និង​កោតសរសើរ​ថា​ល្អ​ផងដែរ ពី​សំណាក់​ថ្នាក់​នាំ​កីឡា​ទាំងនេះ​។ ទោះបីជា​យ៉ាងនេះ​ក្តី ថ្នាក់ដឹកនាំ​ទាំងពីរ​ស្ថាប័ន​បានកត់សម្គាល់​ឃើញថា ការសម្តែង​នេះ​មិនទាន់មាន​លក្ខណៈ​ល្អ​គ្រប់គ្រាន់​នោះឡើយ​។

​ជាមួយគ្នានេះ លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​ដែល​បាន​ចូលរួម​ទស្សនា​ការសម្តែង​នោះបាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ក្មួយៗ​បងប្អូន​ទាំងអស់​ធ្វើ​បានល្អ​ណាស់ ជាមួយ​ការខិតខំ​ប្រឹងប្រែង ប៉ុន្តែ​ខ្ញុំ​រំពឹងថា នឹង​ខិតខំ​ធ្វើ​ឲ្យ​ល្អ​ជាង​នេះ​ថែមទៀត​។ អ៊ីចឹង​ខាង​បច្ចេកទេស​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ ព្រោះ​នៅមាន​ចំណុច​ខ្វះខាត​មួយចំនួន​ដែល​ត្រូវ​កែប្រែ​ឡើងវិញ​»​។​



​ដោយ​មើលឃើញ​ពី​ចំណុច​ខ្វះខាត​ទាំងនេះ ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ជំរុញ​ឲ្យ​គណៈកម្មការ​ទទួលបន្ទុក​រៀបចំ​កម្មវិធី​បើក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១ ត្រូវ​បន្ត​ការហ្វឹកហាត់​ឲ្យ​លើស​ផែន​ការដែល​ថ្នាក់ដឹកនាំ​កីឡា​បានកំណត់ ពោលគឺ​ត្រូវធ្វើ​ការហ្វឹកហាត់​ចាប់ពី​ថ្ងៃទី​២៣ ខែតុលា រហូតដល់​ថ្ងៃទី​២៦ ខែតុលា ខណៈ​គម្រោង​មានតែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​គឺ​នៅ​ថ្ងៃទី​២៣ ខែតុលា និង​ថ្ងៃទី​២៦ ខែតុលា​៕ 













Tag:
 កីឡា​ជាតិ​លើក​ទី​១
  ថោង ខុន
© រក្សាសិទ្ធិដោយ thmeythmey.com