អន្តរជាតិ
​អាមេរិក​ពង្រាយ​ទ័ព​ជាង​៣០០​នាក់​ទៅ​ន័​រ​វែ​ស ធ្វើ​ឲ្យ​រុស្ស៊ី​ខឹងសម្បារ​
25, Oct 2016 , 8:59 pm        
រូបភាព
​អាមេរិក​ត្រៀម​បញ្ជូន​កងទ័ព​ជាង ៣០០​នាក់​ទៅកាន់​ប្រទេស​ន័​រ​វែ​ស​ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រុស្ស៊ី​ឡើយ​។​កងទ័ព​ទាំងនេះ​នឹងត្រូវ​ចូលរួម​ក្នុង​សកម្មភាព​ហ្វឹកហ្វឺន​និង​សមយុទ្ធ​នានា​។ ហើយ ការពង្រាយ​កងទ័ព ធ្វើឡើង​ស្របពេល​ដែល​ទំនាក់ទំនង​រវាង​លោកខាងលិច​និង​រុស្ស៊ី​តានតឹង​ខ្លាំង ហើយ​សកម្មភាព​នេះ​រឹតតែ​ធ្វើ​ឲ្យ​រុស្ស៊ី​ខឹងសម្បារ​ខ្លាំង​ថែមទៀត​។​



​រដ្ឋាភិបាល​ន័​រ​វែ​ស​បានប្រកាស​នៅ​ថ្ងៃ​ចន្ទ​ទី ២៤ តុលា​ថា កងទ័ព​អាមេរិក​ប្រហែល ៣៣០ នាក់​នឹងត្រូវ​បញ្ជូន​មកកាន់​ប្រទេស​នេះ​នៅពេល​ខាងមុខ ក្រោម​គម្រោង​ពង្រាយ​កងទ័ព​ប្តូរ​វេន​។ កងទ័ព​ទាំងនេះ​នឹងត្រូវ​ចូលរួម​ក្នុង​សកម្មភាព ហ្វឹកហ្វឺន និង សមយុទ្ធ​មួយចំនួន​ផងដែរ​។ ប៉ុន្តែ​រុស្ស៊ី​បាន​ប្រាប់ថា ខ្លួន​បារម្ភ​និង​ឆ្ងល់​ថា​ហេតុអ្វី​បានជា​ន័​រ​វែ​ស​ចង់​ឲ្យ​កងទ័ព​អាមេរិក​ស្ថិតនៅលើ​ទឹកដី​ខ្លួន​ដូច្នេះ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រសួងការពារជាតិ​ន័​រ​វែ​សបាន​បញ្ជាក់ថា កងទ័ព​អាមេរិក​ទាំងនេះ​នឹងត្រូវ​ឈរជើង​នៅ​ន័​រ​វែ​ស​នៅ​ខែមករា​ឆ្នាំក្រោយ​ក្រោម​ក្របខណ្ឌ​របស់​ណា​តូ ហើយ​វា​នឹង​ជួយ​ពង្រឹងសមត្ថភាព​កងទ័ព​ន័​រ​វែ​ស​ក៏ដូចជា​សមាជិក​ណា​តូ​ផ្សេងទៀត​ផងដែរ​។

​រដ្ឋមន្ត្រី​ការពារជាតិ Ine Eriksen Soreide  បាន​លើកឡើងថា​៖« គំនិត​ផ្តួចផ្តើម​របស់​អាមេរិក​ត្រូវ​បានទទួល​ស្វាគមន៍ និង​សមស្រប​ជាមួយ​ដំណើរការ​របស់​បក្សសម្ព័ន្ធ​យោធា​ណា​តូ​នាពេល​បច្ចុប្បន្ន​ដែល​កំពុង​ព្យាយាម​បង្កើន​លំ​ហាត់​យោធា​, ការហ្វឹកហ្វឺន និង​សកម្មភាព​យោធា​ផ្សេងទៀត​ក្នុង​ភាពជា​ដៃគូ​»​។

​យ៉ាងណា​ក៏ដោយចុះ កងទ័ព​អាមេរិក​នឹងត្រូវ​ឈរជើង​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំដែន​រុស្ស៊ី​ឡើយ ដោយ​ពី​ន័​រ​វែ​ស​ទៅ​រុស្ស៊ី​មាន​ចម្ងាយ​ត្រឹម ១០០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។ ដូច្នេះហើយ​ការបង្កើន​វត្តមាន​កង​ទ័ព​អាមេរិក​នៅក្បែរ​រុស្ស៊ី ពិតជា​ធ្វើ​ឲ្យ​រុស្ស៊ី​មិន​សប្បាយចិត្ត​ឡើយ ហើយ​ម្យ៉ាង​ការពង្រាយ​កងទ័ព​នេះ​ធ្វើឡើង​ស្របពេល​ដែល​ភាព​តានតឹង​រវាង​រុស្ស៊ី​និង​លោកខាងលិច​ជាពិសេស​សហរដ្ឋអាមេរិក​តានតឹង​ខ្លាំង​ផងដែរ​នោះ​។

 តាំងពី​យូរ​មកហើយ ទំនាក់ទំនង​រវាង​ន័​រ​វែ​ស​និង​រុស្ស៊ី នៅតែ​ប្រសើរឡើង​ក្នុងឋានៈ​ជា​អ្នកជិតខាង​គ្នា​នោះ​។ ប៉ុន្តែ​វត្តមាន​ទ័ព​អាមេរិក មិនបាន​ធ្វើ​ឲ្យ​រុស្ស៊ី​ស្រួល​ចិត្ត​ឡើយ ហើយ​វា​ក៏​បង្កើត​ឲ្យ​មាន​ភាព​ល្អក់កករ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ន័​រ​វែ​ស​ជាមួយ​រុស្ស៊ី​ទៀតផង​។​

​កាលពី​សប្តាហ៍​មុន ស្ថានទូត​រុស្ស៊ី​ប្រចាំ​ទីក្រុង​អូ​ស្លូ (Oslo) បាន​លើកឡើងថា ខ្លួន​ភ្ញាក់ផ្អើល​ចំពោះ​គម្រោង​ដាក់​តាំងទ័ព​អាមេរិក​នៅ​ន័​រ​វែ​ស​នេះដែរ​។ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​រុស្ស៊ី​បាន​ចោទ​សួរថា ហេតុអ្វី​បានជា​រដ្ឋាភិបាល​ក្រុង​អូ​ស្លូ ចង់​បង្កើន​កងទ័ព​របស់​អា​មេ​រិ​ក​នៅលើ​ទឹកដី​ខ្លួន​បែបនេះ​។

​ពាក់ព័ន្ធ​ការពង្រាយ​ទ័ព​អាមេរិក​ទៅកាន់​ប្រទេស​ន័​រ​វែ​ស​នេះ មន្ត្រី​យោធា​ជើងចាស់​ន័​រ​វែ​ស Jacob Borresen យល់ថា​ឃើញថា វា​ជាស​ញ្ញា​អវិជ្ជមាន​មួយ​ទៅ​រុស្ស៊ី​។ លោក​ក៏​ជឿជាក់​ផងដែរ​ថា សកម្មភាព​នេះ​មិន​ខុសពី​ការព្យាយាម​កសាង​តំបន់​ប្រឈមមុខ​ដាក់គ្នា​រវាង​មហាអំណាច​ដូច​សម័យ​សង្គ្រាមត្រជាក់​ឡើយ​។

​សូមបញ្ជាក់ថា បក្សសម្ព័ន្ធ​យោធា​ណា​តូ បាន​ព្យាយាម​កសាង​កម្លាំង​ទ័ព​នៅ​តំបន់​អឺរ៉ុប​ខាងកើត​ដែល​ជាប់​ជាមួយ​រុស្ស៊ី ចាប់ពី​ឆ្នាំ ២០១៤ ពោលគឺ​ក្រោយ ពេលដែល​រុស្ស៊ី​ក្រសោប​យក​ទឹកដី Crimea ពី​អ៊ុយ​ក្រែ​ន​នេះ​។ ហើយ​កាលពី​ខែកក្កដា​កន្លងទៅនេះ ណា​តូ បានប្រកាស​ពង្រាយ​ទ័ព​ចំនួន​៤ កងពលធំ​ទៅកាន់​តំបន់​បាល់​ទិ​ក​និង​ប្រទេស​ប៉ូឡូញ ដែលមាន​ព្រំដែន​ជាប់​ជាមួយ​រុស្ស៊ី​នោះ​ថែម​ទៀតផង​៕


Tag:
 រុស្ស៊ី
  ន័រវែស
  អាមេរិក
  Jacob Borresen
© រក្សាសិទ្ធិដោយ thmeythmey.com