ជាតិ
​​​ន​យោ​បាយ​ជាតិ​
​មេបក្ស​ប្រឆាំង​ចូល​ស្រុក​វិញ អាច​បង្កើន​ប្រជាប្រិយភាព ឬ​បង្កចលាចល​?
25, Oct 2016 , 9:19 pm        
រូបភាព
ឯកឧត្តម​ សម រង្ស៊ី នា​អំឡុង​ការឃោស​នា​បោះ​ឆ្នោត​អណត្តិទី​៥។ រូបថត ThmeyThmey
ឯកឧត្តម​ សម រង្ស៊ី នា​អំឡុង​ការឃោស​នា​បោះ​ឆ្នោត​អណត្តិទី​៥។ រូបថត ThmeyThmey
​ភ្នំពេញ​៖ ក្រុម​អ្នក​ដាម​តាន​ស្ថានការណ៍​ន​យោ​យ​បាយ មិន​ស្វាគមន៍​ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល​ឡើយ ដែល​ទប់ស្កាត់​ឯកឧត្តម សម រង្ស៊ី មិន​ឲ្យ​វិល​មក​កម្ពុជា​វិញ​។ ពួកគេ សន្និដ្ឋានថា ទង្វើ​របស់​រដ្ឋាភិបាល​បែបនេះ ហាក់ដូចជា​ភ័យ​ខ្លាយ​ចំពោះ​ដៃគូ​នយោបាយ​របស់ខ្លួន​។ ប៉ុន្តែ ភាគី​បក្ស​កាន់អំណាច បំភ្លឺថា ការចាត់វិធានការ​ខាងលើ មិនមែន​ដោយសារតែ​រដ្ឋាភិបាល ព្រួយបារម្ភ​ពី​ប្រជាប្រិយភាព​របស់​ឯកឧត្តម សម រង្ស៊ី​នោះទេ តែដោយសារ ខ្លាច​មេបក្ស​ប្រឆាំង​រូបនេះ បង្កចលាចល ពេល​វិល​មក​កម្ពុជា​វិញ​។​



​លោក សូ ចន្ថា អ្នកវិភាគ​នយោបាយ មិនសូវ​ពេញចិត្ត​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល ប៉ុន្មាន​ទេ ដែល​បិទផ្លូវ​មិន​ឲ្យ​ឯកឧត្តម សម រង្ស៊ី ត្រឡប់មក​កម្ពុជា​វិញ​។ លោក សូ ចន្ថា យល់ឃើញថា រដ្ឋាភិបាល ក៏ដូចជា​បក្ស​កាន់អំណាច ទំនងជា​ភ័យព្រួយ​ចំពោះ​ប្រជាប្រិយភាព​របស់​ឯកឧត្តម សម រង្ស៊ី ទើប​ព្យាយាម​ទប់ស្កាត់​មេបក្ស​ប្រឆាំង​រូបនេះ មិន​ឲ្យ​ចូល​ស្រុក​។ លោក បញ្ជាក់​ដូច្នេះ​ថា​៖«​ការធ្វើ​បែបនេះ ឆ្លុះបញ្ចាំង​ថា រដ្ឋាភិបាល និង​បក្ស​កាន់អំណាច​ខ្លាច​ប្រជាប្រិយភាព​របស់លោក សម រង្ស៊ី ក្នុង​ឆាកនយោបាយ​»​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក សូ ចន្ថា បាន​លើក​ទិដ្ឋភាព​នយោបាយ កាលពី​ឆ្នាំ​២០១៣ មក​ធ្វើជា​ទឡ្ហីករណ៍​។ លោក​រម្លឹកថា កាលពី​ឆ្នាំ​២០១៣ ប្រជាជន​យ៉ាងច្រើន បាននាំគ្នា​ទៅ​ទទួល​និង​ហែហម ឯកឧត្តម សម រង្ស៊ី ពេល​វិល​មក​កម្ពុជា​វិញ​។ លោក ស​ន្និ​ដា្ន​ន​ថា ទំនងជា​ព្រួយបារម្ភ​បែបនេះហើយ ទើប​បក្ស​កាន់អំណាច ព្យាយាម ផាត់​ឯកឧត្តម សម រង្ស៊ី ចេញពី​សង្វៀន​នយោបាយ​កម្ពុជា​។

​អ្នកវិភាគ​រូបនេះ អះអាងថា  ការធ្វើ​ដូច្នេះ គឺជា​ការរំលោភ​រដ្ឋធម្មនុញ្ញ ដែល​បានចែង​ពី​សិទ្ធិសេរីភាព​របស់​ពល​រដ្ឋ​គ្រប់រូប ក្នុងការ​ដើរហើរ​។

​មាត្រា​៤០ នៃ​រដ្ឋធម្មនុញ្ញ​បានសរសេរថា​៖«​ប្រជាពលរដ្ឋ​ខ្មែរ អាច​ចេញទៅ​តាំងទី​លំនៅ នៅ​ប្រទេសក្រៅ ឬ វិលត្រឡប់​មកវិញ​បាន​»​។ 

​លោក សូ ចន្ថា ពន្យល់ថា រដ្ឋាភិបាល អាច​ទប់ស្កាត់​បុគ្គល​ណា​ម្នាក់ លុះត្រាតែ​បុគ្គល​នោះ ជា​ឧក្រិដ្ឋជន ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​សន្តិសុខ​សង្គម​។ ប៉ុន្តែ ឯកឧត្តម សម រង្ស៊ី គឺជា​អ្នកនយោបាយ ហើយក៏​ជា​ប្រធាន​បក្សប្រឆាំង ដែល​ត្រូវ​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​។ ដូច្នេះ​ការហាមឃាត់​ឯកឧត្តម សម រង្ស៊ី បែបនេះ មិនបាន​ឆ្លុះបញ្ចាំង​ពី​វិធានការ​ផ្លូវច្បាប់​នោះទេ​។

​លោក សូ ចន្ថា បន្ថែមទៀតថា បក្ស​កាន់អំណាច មិនគួរ​រុញ​ដៃគូ​របស់ខ្លួន ឲ្យ​ចេញពី​ការប្រកួត​នោះទេ ព្រោះ​វា មិន​ត្រឹមត្រូវ​តាម​គោលការណ៍​ប្រជាធិបតេយ្យ​។ លោក ចាត់ទុក​ទង្វើ​របស់រ​ដ្ឋា​ភិ​បាល​ថា មិន​ស្មើភាព​គ្នា ក្នុងការ​ប្រកួតប្រជែង​លើ​ឆាកនយោបាយ​។ 

​ចំណែកឯ លោក មាស នី ដែលជា​អ្នកវិភាគ​មួយរូប​ដែល​នោះ ក៏​មិន​គាំទ្រ​ដូចគ្នា នៅពេល​រដ្ឋាភិបាល ចាត់​វិធា​ការ​ចំពោះ​មេបក្ស​ប្រឆាំង​បែបនេះ​។ លោក អះអាងថា បំណង​របស់​បក្ស​កាន់អំណាច ដែល​មិន​ចង់​ឲ្យ​ឯកឧត្តម សម រង្ស៊ី មាន​វត្ត​មាននៅ​ប្រទេស​កម្ពុជា គឺជា​ជម្រើស​ចុងក្រោយ​របស់​រដ្ឋាភិបាល​។​

​លោក មាស នី មើលឃើញថា វា អាច​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​របស់​រដ្ឋាភិបាល ប្រសិនបើ ឯកឧត្តម សម រង្ស៊ី ចូលមក​កម្ពុជា ដោយ​គ្មាន​ការ​ចាប់ចង ហើយ​មាន​សេរីភាព​ក្នុង​ឆាកនយោបាយ​។ លោក និយាយ​ផ្ទុយ​មកវិញ​ថា ប្រសិនបើ រដ្ឋាភិបាល ចាប់​ឯកឧត្តម សម រង្ស៊ី ដាក់​ពន្ធ​នាគារ ពេលមកដល់​កម្ពុជា ក៏​រឹង​តែ​បង្ក​ភាព​ធ្ងន់​ធ្ងរ​ដល់​ស្ថានការណ៍​នយោបាយ ថែមទៀត​។ អ្នកវិភាគ​រូបនេះ សង្កត់ធ្ងន់ៗ​ថា​៖«​បើ​ផ្តល់​សេរីភាព​ឲ្យ​គាត់ (​ឯកឧត្តម សម រង្ស៊ី​) ចូល​ស្រុក​ក៏​មិនកើត ហើយ​បើ​ចាប់គាត់​ដាក់គុក ក៏​មិនបាន​»​។ អ៊ីចឹង មានតែ​មិន​ឲ្យ​គាត់​ចូល​ស្រុក​តែម្តង​»​។

​រាល់​ការលើកឡើង​ទាំង​អម្បាលម៉ាន​របស់​អ្នកវិភាគ​ខាងលើ ត្រូវបាន លោក សុខ ឥសាន អ្នកនាំពាក្យ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ចាត់ទុកថា ជា​សិទ្ធិសេរីភាព ក្នុងការ​បញ្ចេញមតិរ​បស់​បុគ្គល​ម្នាក់ៗ​។  លោក​អះអាងថា គោលបំណង​ពិតប្រាកដ​របស់​រដ្ឋាភិបាល មិន​ដូច​អ្វីដែល ក្រុមអ្នកវិភាគ បានលើកឡើង​នោះទេ​។

​លោក សុខ ឥសាន ពន្យល់ថា ការហាម​ប្រាម​មិន​ឲ្យ​ឯកឧត្តម សម រង្ស៊ី ចូល​ប្រទេស​កម្ពុជា​វិញ គឺ​ដោយសារតែ​រដ្ឋាភិបាល យល់ថា​មេបក្ស​ប្រឆាំង​រូបនេះ មាន​ចេតនា​មិនល្អ ដែល​អាច​នឹង​បង្ក​ភាពវឹកវរ​ដល់​សន្តិសុខ​របស់​ប្រទេសជាតិ និង​ប៉ះពាល់​ដល់​ស្ថេរភាព​នយោបាយ​។ លោក​បញ្ជាក់​ដូច្នេះ​ថា​៖«​គេ (​ឯកឧត្តម សម រង្ស៊ី​) មិនមែន​ស្នេហា​ជាតិ​ទេ​។ គេ ចង់​បានតែ​អំណាច​ប៉ុណ្ណោះ​។ យើង មិនអាច​បណ្តែតបណ្តោយ ឲ្យ​បុគ្គល​មួយ​នាក់ ឬ​ពីរ​នាក់ មក​អុកឡុក​ស្ថានការណ៍​ប្រទេសជាតិ​ទេ​។ ការពារ ប្រសើរ​ជាង​ព្យាបាល​»​។

​លោក សុខ ឥសាន បានលើកឡើង​ទៀតថា រដ្ឋាភិបាល ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ពលរដ្ឋ និង​ប្រទេសជាតិ​ទាំងមូល ដូច្នេះ​មិនអាច​អនុញ្ញាត​ឲ្យ​ជន​ទុច្ចរិត​ណា​ម្នាក់ មក​បង្កចលាចល និង​បំផ្លាញ​សុខសន្តិភាព​បានឡើយ​។

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦ រដ្ឋាភិបាល បានចេញ​លិខិត​មួយ ដើម្បី​ហាមឃាត់​ឯកឧត្តម សម រង្ស៊ី មិន​ឲ្យ​វិល​មក​កម្ពុជា​វិញ​។ លិខិត​ខាងលើ ត្រូវបាន ឯកឧត្តម សម យកទៅ​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៦​។ លិខិត​នេះ បានសរសេរថា​៖«​គ្រប់​ក្រុមហ៊ុន​អាកាសចរ​ទាំងអស់ ដែល​ធ្វើ​ប្រតិបត្តិ​ការហោះហើរ​មក​ក​ម្ពុ​ជា មិនត្រូវ​អនុញ្ញាត​ឲ្យ​បុគ្គល​នេះ (​ឯកឧត្តម សម រង្ស៊ី​) ឡើង​យន្តហោះ​មក​កម្ពុជា​ទេ ហើយ​ត្រូវ​ផ្តល់​របាយការណ៍​ទៀងទាត់​ក្នុងករណី​បុគ្គល​នេះ ទិញ​សំបុត្រ​យន្តហោះ ធ្វើដំណើរ​មក​កម្ពុជា​»៕


Tag:
 CPP
  CNRP
  សម រង្ស៊ី​
  អ្នកវិភាគ​
  សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com