កីឡាជាតិ
វត្តមាន​លោក ប៉ែន ផាត ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ ជំរុញ​ឲ្យ​កីឡាករ​ខិតខំ​ហ្វឹកហាត់​
26, Oct 2016 , 9:19 am        
រូបភាព
ដោយ:
 
​លោក ប៉ែន ផាត អតីត​កីឡាករ​បាល់ទាត់​ក៏​ល្បីល្បាញ​ក្នុង​ទសវត្សរ៍​៦០ នឹង​បង្ហាញ​វត្តមាន​ក្នុង​ថ្ងៃ​បើក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១​នា​យប់​ថ្ងៃទី​២៨ ខែតុលា នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដោយ​លោក​ទទួល​តួនាទី​ជា​អ្នករត់​ភ្លើង​គប់​។ ការបង្ហាញ​ខ្លួន​តំណាង​ឲ្យ​កីឡាករ​ឆ្នើម​ក្នុង​ទស្សវត្សរ៍​៦០​នេះដែរ​លោក​រំពឹងថា នឹង​អាចជួយ​ជំរុញ​ឲ្យ​កីឡាករ​កីឡាការិនី​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​។​

 
​លោក ប៉ែន ផាត អតីត​កីឡាករ​បាល់ទាត់​ដ៏​ល្បីល្បាញ​មុន​សម័យ​សង្គ្រាម​ទស្សវត្សរ៍​៦០ ទោះបី​ធ្លាប់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ធំៗ​នៅលើ​ពិភពលោក​ក៏ដោយ ប៉ុន្តែ​លោក​បាន​សម្តែង​អារម្មណ៍​រំភើប​ក្រៃលែង​ដែល​ថ្នាក់​ដឹក​កីឡា​កម្ពុជា​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១​ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២៥ ខែតុលា ដល់​ថ្ងៃទី​៥ ខែវិច្ឆិកា​។​
 
​សម្រាប់​ការបង្ហាញ​វត្តមាន​តំណាង​ឲ្យ​កីឡាករ​ក្នុង​ទស្សវត្សរ៍​៦០​លើកដំបូង​នេះ អតីត​កីឡាករ​បាល់ទាត់​រូបនេះ​ត្រូវបាន​ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា​ប្រគល់​តួនាទី​ជា​អ្នក​កាន់​ភ្លើង​គប់​រត់​ក្នុង​ថ្ងៃ​បើក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១​ជា​ប្រវត្តិសាស្ត្រ នា​យប់​ថ្ងៃទី​២៨ ខែតុលា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ កម្មវិធី​បើក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១​នេះ ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា​អះអាងថា នឹងធ្វើ​ឲ្យ​ដូច​ការបើក​ការប្រកួត​កីឡា​អូឡាំពិក​។ 
 
​ក្នុង​ថ្ងៃ​សម្តែង​សាកល្បង​កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែតុលា លោក ប៉ែន ផាត បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​មាន​អារម្មណ៍​សប្បាយចិត្ត​មែនទែន ដែល​កម្ពុជា​យើង​មានការ​រីកចម្រើន ហើយ​ខ្ញុំ​សប្បាយចិត្ត​ដែល​ឯកឧត្តមៗ​បាន​នឹកឃើញ និង​អញ្ជើញ​ខ្ញុំ​មក​ឲ្យ​ចូលរួម នេះហើយ​ជា​គោលដៅ​មួយ​ដែល​ធ្វើ​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​ខិតខំ​ឲ្យ​ដូច​ខ្ញុំ និង​អ្នក​ដទៃទៀត​»​។     
 
​នេះ​ជា​លើក​ទី​២​ហើយ​សម្រាប់​អតីត​កីឡាករ​បាល់ទាត់​រូបនេះ ដែល​បាន​ចូលរួម​កម្មវិធី​បើក​ការប្រកួត​ដែលមាន​លក្ខណៈ​ធំ​នៅ​ប្រទេស​កម្ពុជា​បែបនេះ ពោលគឺ​លោក​ធ្លាប់​ចូលរួម​ម្តង​រួចមកហើយ​កាលពី​ឆ្នាំ​១៩៦៤​។ លោក​យល់ឃើញថា ការប្រកួត​កីឡា​ជាតិ​លើក​ទី​១​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​កម្ពុជា​ក្នុងការ​ពង្រឹងសមត្ថភាព និង​បច្ចេកទេស សម្រាប់​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣៕ 
 

Tag:
 កីឡា​ជាតិ​លើក​ទី​១
  ប៉ែន ផាត​
  កែ ឡេង
© រក្សាសិទ្ធិដោយ thmeythmey.com