ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ​កំពូល​តម្កល់​សេចក្តីសម្រេច​មិន​ឲ្យ​លោក មា​ជ សុវណ្ណារ៉ា ទៅ​ក្រៅប្រទេស​
26, Oct 2016 , 9:49 am        
រូបភាព
រូបភាពពីហ្វេសប៊ុកលោក មាជ សុវណ្ណារ៉ា
រូបភាពពីហ្វេសប៊ុកលោក មាជ សុវណ្ណារ៉ា
 
​តុលាការ​កំពូល​បាន​តម្កល់ សេចក្តីសម្រេច​របស់​តុលាការ​សាលាដំបូង ដែល​សម្រេច​មិន​ឲ្យ​លោក មា​ជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ចេញទៅ​ក្រៅប្រទេស​។ សេចក្តីសម្រេច​នេះ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២៦ តុលា​នេះ ដោយ​អវត្តមាន លោក មា​ជ សុវណ្ណារ៉ា​។  


​លោក ជូ​ង ជូ​ងី មេធាវី​ការពារ​ក្តី​លោក មា​ជ សុវណ្ណារ៉ា ដែល​បាន​ចូល​ស្តាប់​ការសម្រេច​របស់​តុលាការ​កំពូល ចាត់ទុកថា​ការសម្រេច​នេះ ជា​រឿង​មិន​សម​ហេតុផល ដែល​រារាំង​មិន​ឲ្យ​មនុស្ស​ដែល​គ្មាន​ទោស ទៅ ជួប​ប្រពន្ធ​កូន និង​ព្យាបាល​នៅក្រៅ​ប្រទេស​នោះ​។ លោក បញ្ជាក់​ដូច្នេះ​ថា​៖«​អត់​មាន​ភាពចាំបាច់ ដែល​ត្រូវ​ហាម​មិន​ឲ្យ​មនុស្ស​គ្មាន​ទោស មិន​ឲ្យ​ទៅ​ក្រៅប្រទេស​ទេ​។ លោក មា​ជ សុវណ្ណ​រ៉ា ក៏មាន​សញ្ជាតិ​អាមេរិក ហើយ​ប្រពន្ធ​កូន​គាត់​នៅ​ទីនោះ​។ ការហាម​គេ​មិន​ឲ្យ​ទៅ​ជួប​ប្រពន្ធ​កូន ដូចជា​អមនុស្សធម៌​ពេក​»​។​
 
​កន្លងមក​លោក មា​ជ សុវណ្ណារ៉ា តែងតែ​លើកឡើងថា  ករណី​របស់លោក គឺជា​រឿង​នយោបាយ ទាល់តែ​មានការ​ដោះស្រាយ​តាមផ្លូវ​នយោបាយ ទើប​អាចទៅរួច​។ 
 
​សូមបញ្ជាក់ថា លោក មា​ជ សុវណ្ណារ៉ា រួមទាំង​សកម្មជន​បក្សប្រឆាំង​ជាង​១០​នាក់​ទៀត ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាត់ទោស​ឲ្យ​ជាប់ពន្ធ​គារ ពី​៧​ឆ្នាំ ទៅ​២០​ឆ្នាំ​។ តុលាការ បាន​ចោទ​ពួកគេ​ថា បាន​ចូលរួម និង​ដឹកនាំ​ធ្វើ​កុបកម្ម​ប្រឆាំង​អាជ្ញាធរ​សាធារណៈ នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ខែកក្កដា ឆ្នាំ​២០១៤៕
 
 

Tag:
 មា​ជ សុវណ្ណារ៉ា​
  ​ជូ​ង ជូ​ងី​
© រក្សាសិទ្ធិដោយ thmeythmey.com