កីឡាជាតិ
ប្រាក់ មុន្នី​ឧ​ត្ត​ម មិន​ធ្លាប់​ស្រមៃ​សោះ​ថា ខ្លួន​មាន​វាសនា​រត់​កាន់​ភ្លើង​គប់​ក្នុង​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​
28, Oct 2016 , 7:39 am        
រូបភាព
ដោយ:
 
​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ព្រះខ័ន​រាជ​ស្វាយរៀង​មានការ​ភ្ញាក់ផ្អើល​នៅពេល​ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា​ប្រគល់​តួនាទី​ជា​អ្នករត់​ភ្លើង​គប់​ក្នុង​ថ្ងៃ​បើក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១ ដែល​មិន​ធ្លាប់​គិតទុក​នាពេល​កន្លងមក​។ ឧ​ត្ត​ម ត្រូវ​រត់​ភ្លើង​គប់​ជា​កីឡាករ​ឆ្នើម និង​អតីត​កីឡាករ​ជើងចាស់​ជាច្រើនរូប​ទៀត​នា​ថ្ងៃទី​២៨ ខែតុលា នៅ​ពហុ​កីឡដ្ឋាន​ជាតិ ខណៈ​កីឡាការិនី ស៊ន សៀវ​ម៉ី ជា​អ្នក​ដុត​ភ្លើង​គប់​បើក​ការប្រកួត​ខាងលើនេះ​។​

 
​ខ្សែប្រយុទ្ធ​របស់​ព្រះខ័ន​រាជ​ស្វាយរៀង ប្រាក់ មុន្នី​ឧ​ត្ត​ម បាន​សម្តែង​ការភ្ញាក់ផ្អើល​នៅពេល​បានឃើញ​ឈ្មោះ​របស់ខ្លួន​ជា​លើកដំបូង​នៅក្នុង​បញ្ជី​អ្នករត់​ភ្លើង​គប់​ជាមួយ​អតីត​កីឡាករ​ជើងចាស់​ប្រចាំ​ទស្សវត្សរ៍​៦០, ៧០ និង​៨០ ព្រមទាំង​ជាមួយ​កីឡា​ឆ្នើមៗ​នាពេល​បច្ចុប្បន្ន ក្នុង​ថ្ងៃ​បើក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១​នា​យប់​ថ្ងៃទី​២៨ ខែតុលា​នេះ​។ 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ក្នុង​ថ្ងៃ​រត់​ភ្លើង​គប់​សាកល្បង​កាលពី​យប់​ថ្ងៃទី​២៦ ខែតុលា កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«​ដំបូង​នៅពេល​ខ្ញុំ​ឃើញ​ឈ្មោះ​ជា​អ្នក​កាន់​ភ្លើង​គប់​រត់ គឺ​ខ្ញុំ​រំភើប​មែនទែន​ស្ទើរ​អត់​ចង់​ជឿថា​ខ្លួនឯងបាន​មកកាន់​អញ្ចឹង​បង អត់​នឹកស្មាន​ដល់​»​។ 
 
​ទោះបីជា ឧ​ត្ត​ម មិន​ធ្លាប់​នឹក​ស្រមៃ​ដល់​ការ​កាន់​ភ្លើង​គប់​រត់​ក្នុង​បើក​ការប្រកួត​កីឡា​ជាតិ​នេះ​ក៏ដោយ ប៉ុន្តែ​តាមរយៈ​ការ​ទស្សនា​កម្មវិធី​បើក​ព្រឹត្តិការណ៍​ធំៗ​លំដាប់​អន្តរជាតិ បានធ្វើ​ឲ្យ​កីឡាករ​រូបនេះ​នឹក​រំពឹងថា នៅ​ថ្ងៃ​ណាមួយ​រូបគេ​នឹង​បាន​ចូលរួម​ព្រឹត្តិការណ៍​ទាំងអស់នេះ​។​
 
​ជាមួយគ្នានេះ កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម យល់ឃើញថា ការប្រកួត​កីឡា​ជាតិ​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​ល្អ ដើម្បី​ជួយ​ជំរុញ​វិស័យ​កីឡា​កម្ពុ​ជាមាន​ការរីក​ចម្រើន ជាពិសេស​ធ្វើ​ឲ្យ​កីឡាករ​ទទួលបាន​បទ​ពិសោធន៍​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព និង​បច្ចេកទេស​របស់​កីឡាករ​។ ម្យ៉ាងវិញទៀត គេ​ធ្វើ​ឲ្យ​កីឡាករ​កីឡាការិនី​ជំនាន់​ក្រោយ​បាន​ស្គា​ល់ពី​អតីត​កីឡា​ជើងចាស់​ឆ្នើម​កាលពី​ជំនាន់​មុន​៕ 
  

Tag:
 ​កីឡា​ជាតិ​លើក​ទី​១
  ប្រាក់ មុន្នី​ឧ​ត្ត​ម​
© រក្សាសិទ្ធិដោយ thmeythmey.com