កីឡាជាតិ
ជាតិ
កីឡា​ជាតិ​៖ ក្រសួងមហាផ្ទៃ​ឈ្នះ​មេដាយមាសទាំង៤វិញ្ញាសា ​នា​ការប្រកួត​បើកឆាក​ហែល​ទឹក​
30, Oct 2016 , 12:42 pm        
រូបភាព
កីឡាការិនី ហែម ថុន វិទិនី បង្ហាញមេដាយមាស​ដែល​ខ្លួន​ឈ្នះក្នុងព្រឹត្តិការណ៍កីឡាជាតិ​លើកទី១។ រូបថត ហ្វេសប៊ុក វិទិនី
កីឡាការិនី ហែម ថុន វិទិនី បង្ហាញមេដាយមាស​ដែល​ខ្លួន​ឈ្នះក្នុងព្រឹត្តិការណ៍កីឡាជាតិ​លើកទី១។ រូបថត ហ្វេសប៊ុក វិទិនី
ដោយ: ថ្មីៗ
ក្រសួងមហាផ្ទៃ​កំពុង​នាំមុខគេ​លើ​តារាង​នៃ​ប្រភេទ​កីឡាហែលទឹក​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជាតិ​លើក​ទី​១ (The 1st National Games) ដែល​ប្រព្រឹត្តទៅ​នៅ​មជ្ឈមណ្ឌល​ហែល​ទឹក​តេ​ជោ​សែន ខេត្តកំពង់ចាម កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៦​។​



យោងតាម​លទ្ធផល​ដែល​ផ្សាយ​ដោយ​អគ្គនាយកដ្ឋាន​កីឡា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា កីឡាករ​-​ការិនី​ហែល​ទឹក​នៃ​ក្រសួងមហាផ្ទៃ ទទួលបាន​មេដាយមាស​ទាំង​៤​នា​ការប្រកួត​បើកឆាក​។​

​លើ​វិញ្ញាសា​ហែល​របៀប​ផ្ញា​រ​បុរស​ចម្ងាយ​៥០​ម៉ែត្រ កីឡាករ ធឿន ចាន់ថុល បាន​មេដាយមាស ដោយ​នាំមុខ​កីឡាករ​ខេត្តកំពង់ចាម​ទាំង​ពីររូប គឺ​កីឡាករ ពេ​ជ ស៊ី​ថូ និង រុន សួស្តី ដែល​ទទួលបាន​មេដាយប្រាក់ និង​សំរឹទ្ធ​។​

​សម្រាប់​វិញ្ញាសា​ហែល​របៀប​កង្កែប​បុរស​ចម្ងាយ​១០០​ម៉ែត្រ កីឡាករ ហែល ថុ​ន​ពន្លឺ បាន​មេដាយមាស ខណៈ​មិត្ត​រូ​ម​ក្លិប​ក្រសួងមហាផ្ទៃ នាង ពេជ្រ ពិសិដ្ឋ បាន​មេដាយប្រាក់ ហើយ​ចេង សុ​ផា ពី​រាជធានី​ភ្នំពេញ បាន​មេដាយ​សំរឹទ្ធ​។​

​កីឡាការិនី​ក្រសួងមហាផ្ទៃ ប៊ុន រក្សា បាន​មេដាយមាស​លើ​វិញ្ញាសា​ហែល​របៀប​ផ្ញា​រ​នារី​ចម្ងាយ​៥០០​ម៉ែត្រ ដោយ​នាំមុខ​កីឡាការិនី ឆោម ស្រី​វ​លក្ខណ៍ ពី​រាជធានី​ភ្នំពេញ និង​កីឡាការិនី សាន បុ​ប្ឆា នៅ​ខេត្តកំពង់ចាម​។​

​ចំពោះ​វិញ្ញាសា​ហែល​របៀប​សេរី​នារី​ចម្ងាយ​១០០​ម៉ែត្រ កីឡាការិនី ហែម ថុ​ន​វិ​ទិ​នី ដែល​តំណាង​ឲ្យ​ក្រសួងមហាផ្ទៃ​ផងដែរ​នោះ បាន​មេដាយមាស​។ នេន សុ​ម៉ាលី ពី​រាជធានី​ភ្នំពេញ បាន​មេដាយប្រាក់ ខណៈ ប៊ុន រក្សា នៃ​ក្រសួងមហាផ្ទៃ បាន​មេដាយ​សំរឹទ្ធ​មួយ​បន្ថែមទៀត​៕



Tag:
 កីឡា​ជាតិ​លើក​ទី​១
  ក្រសួងមហាផ្ទៃ​
  ហែល​ទឹក​
© រក្សាសិទ្ធិដោយ thmeythmey.com