ពីនេះ ពីនោះ
តើ​ពាក្យ​«​កេរ និង កេ​រ្តិ៍» មាន​របៀប​ប្រើ​និង​អត្ថន័យ​ខុសគ្នា​ដូចម្ដេច​? ​
31, Oct 2016 , 7:37 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ​ថា «​កេរ និង កេរ្តិ៍​» គឺជា​ពាក្យ​ពីរ​ដែល​សាធារណជន​ភាគច្រើន តែងតែ​សរសេរ​មិនត្រូវ​តាម​បរិបទ​នៃ​ការប្រើប្រាស់​ពាក្យ ដែល​នាំ​ឲ្យ​ខុសពី​អត្ថន័យ​ដែល​ខ្លួន​ចង់បាន​។ វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពី​អត្ថន័យ និង​ការប្រើប្រាស់​ដូចខាងក្រោម​៖



ចំពោះ​ពាក្យ​«​កេរ​» គឺជា​នាមសព្ទ មានន័យថា ដំណែល​, ជា​សម្បាច់​របស់​ដូនតា ឬ​មាតាបិតា ជាដើម​។ ឧទាហរណ៍ ស្រែ​នេះ ជា​កេរ​របស់​ជីដូន​ខ្ញុំ​, ប្រាសាទ​នគរវត្ត ជា​កេរ​របស់​ព្រះមហាក្សត្រ ជា​បុព្វបុរស​របស់​ខ្មែរ​។​

ចំណែក​ពាក្យ​«​កេរ្តិ៍​» វិញ​គឺជា​នាម មានន័យថា សេចក្ដី​សរសើរ​, ការ​ល្បី​, ការ​ល្បី​លេចឮ​, ខ្ចរខ្ចាយ​កេរ្តិ៍ឈ្មោះ​, និយាយ​បង្កាច់​កេរ្តិ៍​គេ​, កេរ្តិ៍ឈ្មោះ​មិនសូវ​ល្អ​។

ជារួម​មក​នៅក្នុង​ការប្រើប្រាស់ សាធារណជន អាច​ចំណាំ​ថា ប្រសិនបើ​ចង់​សរសេរ​ក្នុងន័យ បង្ហាញ​ពី ដំណែល​, របស់ទ្រព្យ​របស់​មាតា​បិតា បុព្វបុរស​ដែល​បន្សល់ទុក​ឲ្យ ជាដើម​នោះ គឺ​ត្រូវ​ប្រើ​ជាមួយ​ពាក្យ​«​កេរ​»​។ ប៉ុន្តែ​បើ​ចង់​និយាយ​ពី សេចក្ដី​សរសើរ​, ការ​ល្បី​, ការ​ល្បី លេចឮ គឺ​ត្រូវ​ប្រើពាក្យ​ថា «​កេរ្តិ៍​»​។

ដោយឡែក​ចំពោះ​ពាក្យ​មួយទៀត​ដែល​មានន័យថា ខាំ​រឿយៗ ដើម្បី​ឲ្យ​ដាច់ គឺ​ត្រូវ​សរសេរថា «​កកេរ​» មិនមែន​«​ក​កេរ្តិ៍​»​ទេ​។

ដកស្រង់​ពី​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត​



Tag:
 ភាសាខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com