ពីនេះ ពីនោះ
មហាជន​៖ ធ្វើការ​កន្លែង​ខ្លាញ់អត់លុយ​គេ​ថា​ល្ងង់ ដល់ពេល​មាន​លុយ​គេ​ថា​មន្ត្រី​អាក្រក់​ ​
31, Oct 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ពាក្យ​ថា​«​ឯង​/​គាត់​/ វា ល្ងង់​ណាស់​ធ្វើការ​កន្លែង​ខ្លាញ់ ហើយ​មិនចេះ​រកលុយ​»​និង​ពាក្យ​«​មកពី​វា​/​គាត់ ពុករលួយ​ទើប​មាន​លុយ​ច្រើន បើ​ពឹង​តែ​ប្រាក់ខែ វា​គ្មាន​ប៉ុន្មាន​ទេ​»​។ ពាក្យ​ទាំងនេះ ជឿជាក់ថា សាធារណជន ធ្លាប់​និយាយ ធ្លាប់​អាន ធ្លាប់​ឮ​ស្ទើរតែ​គ្រប់ៗ​គ្នា​។  បន្ថែម​ពីនេះ ពាក្យ​ពី​ឃ្លា​នេះ ជួនកាល​និយាយ​ចេញពី​មាត់ មនុស្ស​តែ​ម្នាក់ ថែម​ទៀតផង ដែល​ធ្វើ​ឲ្យ​យើង​មិន​យល់ថា ហេតុអ្វី​បាន​មនសិការ​របស់​បុគ្គល​ទាំងនោះ​ផ្លាស់ប្ដូរ​បែបនេះ​?



មន្ត្រី​មួយចំនួន បានធ្វើការ​នៅតាម​មន្ទីរ ក្រសួង មួយចំនួន​យូរ​ឆ្នាំ​ហើយ ប៉ុន្តែ​ស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ នៅតែមាន​ជីវភាព​មធ្យម មិនមាន​បាន​ដូច​មន្ត្រី​មួយចំនួន​។ មូលហេតុ​គឺ ព្រោះតែ​ស្រឡាញ់ មាគ៌ា​ស្មោះត្រង់ សុចរិត​ភាព មិន​ពុករលួយ មិន​កេងប្រវ័ញ្ច​លើ​ប្រជាជន និង​ស្ថាប័ន​របស់ខ្លួន​។ ប៉ុន្តែ​ព្រោះតែ​មាគ៌ា​ត្រឹមត្រូវ​នេះហើយ ធ្វើ​ឲ្យ​មន្ត្រី​ទាំងនោះ ត្រូវ​ទទួលបាន​ការវាយតម្លៃ​ពី​មហាជន​ថា​ជា​មនុស្ស​ល្ងង់ ព្រោះ​បានធ្វើការ​ជា​មន្ត្រី​នៅ​កន្លែង​ខ្លាញ់ មាន​ច្រក​អាច​រកលុយ​បាន​ហើយ ប៉ុន្តែ​បែរជា​មិនចេះ​រកលុយ​។ ពេលខ្លះ​រហូតដល់​មាន​ពាក្យ​ថា «​ជួយ​ជាតិ​ស្អី ជួយ​ក្រពះ​ខ្លួនឯង​សិន​ទៅ​»​។ រហូត​អ្នកខ្លះ និយាយថា «​បើ​គាត់​/ ឯង​/ វា ឆ្លា​ត់​ចេះ​រកលុយ​ហើយ​»​។

ផ្ទុយ​មកវិញ បើ​មន្ត្រី​ផ្សេង ធ្វើការ​នៅ​កន្លែង​មន្ទីរ ក្រសួង ស្ថាប័ន ខ្លាញ់​ដូចគ្នា ប៉ុន្តែ​មាន​ជីវភាព​ធូ​ធារ មានទ្រព្យ​សម្បត្តិ​ច្រើន មាន​សម្ភារ​ទំនើប​ប្រើ មាន​រថយន្ត​ល្អៗ​ជិះ មន្ត្រី​នោះ​ត្រូវបាន​សាធារណជន​ដដែល វាយតម្លៃថា ជា​មនុស្ស​បំផ្លាញ​ជាតិ ជន​ក្បត់ជាតិ តាមរយៈ​អំពើពុករលួយ​។

ជារួម​មក ការគិត​របស់​សាធារណជន​មួយចំនួន ពិតជា​ពិបាក​យល់ ថា​ពួកគេ​ចង់បាន​អ្វី​ឲ្យ​ពិតប្រាកដ​? ព្រោះ​ពេលខ្លះ​មន្ត្រី​ស្មោះត្រង់ ខិតខំ​ធ្វើ​ការមិន​ហ៊ាន​បំភ័ន្ត ធ្វើការ​តាម​សមត្ថភាព ស៊ីប្រាក់ខែ​ដែល​រដ្ឋ​បានកំណត់ បែរជា​ត្រូវ​មហាជន​សើច​ចំ​អរ ថា​គ្មាន​ចំណេះ មិន​ឆ្លាត មិនចេះ​រកលុយ​។ ម្យ៉ាងទៀត​រហូតដល់​មានការ​មើលងាយ​ទៅលើ​ស្ថានភាព​សេដ្ឋកិច្ច​របស់​មន្ត្រី​នោះ​ទៀត​។ ប៉ុន្តែ​បើ​មន្ត្រី ដែល​ធ្វើការ​មានបាន មានទ្រព្យ​សម្បត្តិ មាន​របស់​ប្រើប្រាស់​ល្អ ក៏ត្រូវ​បាន​មហាជន​វាយតម្លៃថា ជា​មន្ត្រី​អាក្រក់ មន្ត្រី​មិនល្អ​។​

និយាយ​ទៅមក បែរជា​មន្ត្រី​ត្រឹមត្រូវ ល្អ ក៏ត្រូវ​បាន​គេ​មើលងាយ និង​វាយតម្លៃ​មិនល្អ​។ ចំណែក​មន្ត្រី​ខិល​ខួច ក៏ត្រូវ​បាន​គេ​វាយតម្លៃថា​មិនល្អ​ដូចគ្នា​។ បើ​បែបនេះ តើ​ចង់​ឲ្យ​មន្ត្រី​ទាំងនោះ​ធ្វើ​បែបណា​ទើប​សាធារណជន​មួយចំនួន​នោះ គោរព និង​ឲ្យ​តម្លៃ ដោយស្មោះ​?



© រក្សាសិទ្ធិដោយ thmeythmey.com