ពីនេះ ពីនោះ
ទស្សនៈ​ទូទៅ​៖ មាននិយាយ​ទេ​ថា អ្នកមានចំណេះដឹង ត្រូវតែ​ក្លាយជា​អ្នកមាន​?
01, Nov 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ តើ​វា​ក្លាយជា​ផ្នត់គំនិត​មួយ​ដែល​ពិបាក​កែ​មែនឬ​មិនមែន​? នៅពេលដែល​បុគ្គល​មួយចំនួន ឲ្យ​តម្លៃ​កម្រិត​ចេះដឹង សមត្ថភាព របស់​មនុស្ស​ដោយ​ផ្អែកលើ​ទ្រព្យសម្បត្តិ ឋានៈ បុណ្យ​សក្តិ​ខ្ពស់​នៅក្នុង​សង្គម​។

 


​នៅក្នុង​សង្គម​បច្ចុប្បន្ន គេ​សង្កេតឃើញថា តម្លៃ​របស់​អ្នកចេះដឹង​មួយចំនួន ត្រូវបាន​ធ្លាក់ចុះ​ព្រោះតែ​ស្ថានភាព​សេដ្ឋកិច្ច​របស់​បុគ្គល សេដ្ឋកិច្ច​គ្រួសារ​បុគ្គល​អ្នកចេះដឹង មិនមាន​ភាព​ធូរធារ​។ បន្ថែម​ពីនេះ លក្ខណៈសម្បត្តិ​ផ្នែក​ខាងក្រៅ​មិន​ឡូយឆាយ មិន​ហឺ​ហារ មិន​ស៊ីវីល័យ សម្ភារ​ប្រើប្រាស់​មិនសូវ​ទាន់សម័យ បាន​នាំ​ឲ្យ​មានការ​វាយតម្លៃថា ជា​មនុស្ស​គ្មាន​សមត្ថភាព ទាំង​បុគ្គល​នោះ​មានចំណេះដឹង​ជ្រៅជ្រះ សមត្ថភាព​ច្បាស់លាស់​ជាដើម​។ ស្របពេល ជាមួយ​លក្ខខណ្ឌ​ផ្នែក​សេដ្ឋកិច្ច សម្ភារ​និយម​នេះ អ្នកមាន​សមត្ថភាព មាន​កម្រិត​ពុទ្ធិ​ជ្រៅជ្រះ​នោះ បែរជា​មិន​ត្រូវបាន​ស្វាគមន៍​ដោយ​ការ​ឲ្យ​តម្លៃពិត និង​គោរព​ពី​មហាជន​មួយចំនួន​ទៅវិញ​។

​បន្ថែម​ពីនេះ មហាជន​ទាំងនោះ​រហូត​វាយតម្លៃថា «​បើ​គាត់​/​នាង​/​វា មាន​សមត្ថភាព មានចំណេះដឹង​មែន មិនមែន​នៅតែ​ក្រ​នោះទេ​»​។ ហេតុផល​នេះ វា​បាន​ក្លាយជា​ផ្នត់គំនិត​មួយ​ដែលមាន​ឥទ្ធិពល​លើ​សាធារណជន​មួយចំនួន ហើយ​នាំ​ឲ្យ​អ្នក​ទាំងនោះ​វាយតម្លៃ​បុគ្គល​តាមរយៈ​លក្ខខណ្ឌ​ខាងក្រៅ​ដែល​ពួកគេ​បាន​មើលឃើញ​។ ពិតណាស់ ប្រសិនបើ​បុគ្គល​នោះ​គ្មាន​ចំណេះដឹង​ពិតប្រាកដ​មែន ការវាយតម្លៃ​បែបនេះ​គឺ​មិន​ខុស​នោះទេ​។

​ផ្ទុយ​មកវិញ ប្រសិន​បុគ្គល​មួយចំនួន មាន​លក្ខខណ្ឌ​សង្គម​សេដ្ឋកិច្ច​ខ្ពស់ ស្ថានភាព​ភាព​រស់នៅ​ទំនើប របស់​ប្រើប្រាស់​ទំនើប និង​មានតម្លៃ បុគ្គល​នោះ​បែរជា​ត្រូវបាន​មហាជន​មួយចំនួន​គោរព និង​ឲ្យ​តម្លៃ ព្រមទាំង​ចាត់ទុកថា ជា​មនុស្ស​មាន​សមត្ថភាព មានចំណេះដឹង​។ ប្រការនេះ វា​នឹង​ត្រឹមត្រូវ​ស្របតាម​ត​ថ ប្រសិនបើ​បុគ្គល​នោះ​ពិតជា​មានចំណេះដឹង មាន​សមត្ថភាព​ពិត ប្រើប្រាស់​ជំនាញ​ពុទ្ធិ​ក្នុង​ផ្លូវ​វិជ្ជមាន​ដើម្បី​រក​ទ្រព្យ​។ ប៉ុន្តែ វា​នឹង​ក្លាយជា​កំហុស​មនសិការ​ខ្លួនឯង ក្នុងករណី ជន​មានបាន​ទាំងនោះ​ដើរ​លើផ្លូវ​អវិជ្ជមាន ដើម្បី​ប្រមូល​ទ្រព្យសម្បត្តិ​ទាំង​បុគ្គល​នោះ​គ្មាន​ចំណេះដឹង​ពិតប្រាកដ ហើយ​សាធារណជន បែរជា​នាំគ្នា​គោរព និង​ឲ្យ​តម្លៃ ព្រមទាំង​ចាត់ទុកថា ជា​អ្នកមានចំណេះដឹង​។​
 
​ការលើកឡើង មិនមែន​ចង់​ដាក់បន្ទុក​ទៅលើ​អ្នកមាន​ទ្រព្យសម្បត្តិ​ស្ដុ​ប​ស្ដ​ម ថា​មាន​កំហុស​ផ្នែក​ណាមួយ​ឡើយ​។ ប៉ុន្តែ​បញ្ហាសំខាន់ គឺ​នៅត្រង់ថា ផ្នត់គំនិត​មួយ​ដែល​មិនទាន់​អាច​កែប្រែបាន​នោះ​គឺ របៀប​វាយតម្លៃ​មនុស្ស​តាម​លក្ខណៈ​ខាងក្រៅ សេដ្ឋកិច្ច​និយម និង​សម្ភារ​និយម​ជាដើម ហើយ​ព្រមទាំង​យក​លក្ខខណ្ឌ​ទាំងនេះ​មក​ធ្វើ​ការវាស់ស្ទង់​ពី​កម្រិត​ចំណេះដឹង​បុគ្គល គឺ​មិនមែនជា​ការគិត​មួយ​ដែល​ត្រឹមត្រូវ​នោះទេ​។

​តើ​មាន​ទេ​ទស្សនៈ​ថា «​គ្រប់​អ្នកចេះ​ទាំងអស់​ត្រូវតែ​ក្លាយជា​អ្នកមាន​!», «​គ្រប់​អ្នកមាន​ចំណេះ​ទាំងអស់​ត្រូវតែ​ក្លាយជា​អ្នកមាន​លុយ​!», «​គ្រប់​អ្នកមាន​សមត្ថភាព​ទាំងអស់ ត្រូវតែ​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដុ​ម​!»? ច្បាស់​ណាស់ គឺ​ប្រហែលជា​មិនមាន​នោះទេ ហើយក៏​ប្រហែលជា​គ្មាន​អ្នក​ហ៊ាន​មក​អះអាង​នោះដែរ​។ ប៉ុន្តែ​ធាតុពិត​ចំណេះដឹង គឺអាច​ត្រឹម​និយាយបានថា ជា​របស់​ម្យ៉ាង​ដែល​អាចជួយ​ឲ្យ​បុគ្គល រស់នៅ​គេច​ផុតពី​ភាពក្រីក្រ​។ ចំណេះដឹង ធ្វើ​ឲ្យ​បុគ្គល​អាច​រស់នៅក្នុង​ភាពថ្លៃថ្នូរ​។ ចំណេះដឹង គឺជា​ជំ​ហ៊ាន​ដែល​នាំ​ក្លាយជា​អ្នកមាន ទាំង​ទ្រព្យសម្បត្តិ តួនាទី កិត្តិយស និង​សេចក្ដី​ថ្ងៃ​ថ្នូរ​។

​ជារួម​ចំណេះដឹង មិនមែន​សុទ្ធតែ​អាច ធ្វើ​ឲ្យ​មនុស្ស​ក្លាយជា​អ្នកមាន​ស្ដុកស្ដុ​ម​បានទេ​។ ប៉ុន្តែ ក៏​មិនមែន​បណ្ដោយ​ឲ្យ​ជីវិត​បុគ្គល​ចេះដឹង​ក្លាយជា​មនុស្ស​ក្រ​គ្មានអ្វី​សោះ​ដែរ​។ ហេតុនេះ ប្រសិនបើ​អាច សាធារណជន​មួយចំនួន គួរ​បញ្ឈប់​ការប្រើប្រាស់​ពាក្យ​ថា «​បើ​វា​/ គាត់​/ នាង ពិតជា​ចំណេះ មាន​សមត្ថភាព វា​ក្លាយជា​អ្នកមាន​ហើយ​!»​បាន ក៏​គួរតែ​ត្រូវ​ស្វែងយល់​ផល​វិញ មុន​និយាយ​ពាក្យ​នេះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com