ពីនេះ ពីនោះ
វិញ្ញូ​ជន​មិន​ផ្សងព្រេង​លើ​ជោគជតា​ឡើយ​
01, Nov 2016 , 11:44 am        
រូបភាព
ដោយ: ថ្មីៗ
 
​ដកស្រង់​ចេញពី​សៀវភៅ ខុង​ជឺ ដែល​ប្រែ​សម្រួល​ដោយ លោក គឹម ចាន់ណា និង​បោះពុម្ព​ដោយ​គ្រឹះស្ថានបោះពុម្ពផ្សាយ Mind Books​។​

 
​ក្សត្រ អាយ​កុង  ទ្រង់មាន​ព្រះបន្ទូល​សួរ ខុង​ជឺ ថា «​យើង​ឮថា​វិញ្ញូ​ជន​មិន​ផ្សងព្រេង​នឹង​ជោគជតា​ពិត​មែនឬ​?»
​ខុង​ជឺ ក្រាបទូល​ថា «​ពិត​មែនហើយ​ក្រាបទូល​!»
​ព្រះអង្គ​នគរ​លូ​ទ្រង់មាន​ព្រះបន្ទូល​សួរ​បន្ត «​តើ​ហេតុអ្វី​ទៅ​?»
 
​ខុង​ជឺ ក្រាបទូល​ថា «​ព្រោះ​ការ​ផ្សងព្រេង ជាការ​ពឹងផ្អែក​ទៅលើ​ជោគជតា​សុទ្ធសាធ​… វា​អាច​ល្អ ឬ​អាក្រក់​ដែល​ខ្លួន​មិនអាច​បង្គាប់បញ្ជា​បានឡើយ​»
 
​ក្សត្រ អាយ​កុង ក៏មាន​ព្រះបន្ទូល​បន្តទៀតថា «​ចុះបើ​រឿង​ល្អ ឬ​អាក្រក់​សុទ្ធតែ​អាច​កើតឡើង​បាន​ដូចគ្នា​នោះ ហេតុអ្វី​ក៏​មិន​ព្រម​ផ្សងព្រេង​?»
 
​ខុង​ជឺ ទូល​ថា «​ព្រោះតែ​មិន​ចង់​ជួប​រឿង​អាក្រក់ ទើប​វិញ្ញូ​ជន​មិន​ផ្សងព្រេង​»
 
​ព្រះអង្គ​នគរ​លូ ស្តាប់​រហូតដល់​ទ្រាំ​ព្រះទ័យ​មិន​ខ្វល់ខ្វាយ​មិនបាន ព្រះអង្គ​ទ្រង់​ព្រះតម្រិះ​មួយសន្ទុះ ហើយ​ទ្រង់​មានបន្ទូល​ទៀតថា ហេតុអ្វី​ក៏​វិញ្ញូ​ជន​ស្អប់ខ្ពើម​រឿង​អាក្រក់​ដល់​ថ្នាក់​ហ្នឹង​ហ្ន​?»
 
​ខុង​ជឺ ទូល​ថា «​បើ​មិន​ឲ្យ​ស្អប់​រឿង​អាក្រក់ តើ​គេ​ធ្វើ​ម៉េច​នឹង​ស្រឡាញ់​រឿង​ល្អ​ដូច​សព្វថ្ងៃនេះ​កើត​ទៅ​? បើសិនជា​មិន​ចូលចិត្ត​រឿង​ល្អ​ដូចដែល​ធ្លាប់ធ្វើ​មកហើយ​នេះ ប្រជារាស្ត្រ​ក៏​ប្រហែលជា​គ្មាន​ជំនឿ​ដូច​អ្វីដែល​កើតមាន​ពីមុនមក​នោះដែរ​… នៅក្នុង​គម្ពីរ​ស៊ឺ​ជិ​ង មាន​អត្ថបទ​មួយ​ពោលថា «​បើ​មិ​ប​បាន​ជួប​វិញ្ញូ​ជន យើង​នឹង​កើតទុក្ខ​ខ្វល់ខ្វាយ​…​បើ​បាន​ជួប​វិញ្ញូ​ជន យើង​ក៏មាន​ក្តី​បីតិ​សោមនស្ស​រីករាយ​»… ដែលជា​ការឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា មនុស្ស​ពី​បុរាណ​ក៏​ចូលចិត្ត​រឿង​ល្អ​ដូចដែល​ធ្លាប់មាន​អ៊ីចឹង​ដែរ​»​។​
 
​ព្រះអង្គ​នគរ​លូ​ទ្រង់មាន​ព្រះបន្ទូល​ដោយ​សោមនស្ស​ថា «​ប្រពៃ​ណាស់​!» បើ​គ្មាន​លោក​ម្ចាស់​ជួយ​ណែនាំ​ផ្តល់​ចំណេះដឹង យើង​ប្រាកដជា​គ្មាន​ឱកាស​នឹង​បាន​ស្តាប់​ហេតុផល​ល្អ​បែបនេះ​ឡើយ​!»៕

Tag:
 ខុង​ជឺ
© រក្សាសិទ្ធិដោយ thmeythmey.com