អន្តរជាតិ
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ទិតៀន​លោកខាងលិច ពេល​ទស្សនកិច្ច​នៅ​ចិន​
02, Nov 2016 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ណា​ជីប រ៉ា​ហ្សា​ក់ បាន​រិះគន់​ប្រទេស​លោកខាងលិច ដោយ​ស្នើ​ឲ្យ​ប្រទេស​ទាំងនោះ​ឈប់​បង្រៀន​ប្រទេស​ដទៃ និង​ឈប់​លូកលាន់​ចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃទៀត​ទៅ​។ លោក​រិះគន់​លោកខាងលិច​បែបនេះ​ក្នុងពេល​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន​ក្នុង​គោលដៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​។​



សូមស្ដាប់ព័ត៌មានលម្អិត៖




​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សា​ក់ បាន​ទិតៀន​បណ្តា​ប្រទេស​លោក​លិច ក្នុងពេល​លោក​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន​រយៈពេល​មួយ​សប្តាហ៍​នោះ​។ មេដឹកនាំ​ប្រទេស​អាស៊ីអាគ្នេយ៍​រូបនេះ​បានស្នើ​ឲ្យ​លោកខាងលិច​រួមទាំង​បណ្តា​ម្ចាស់​អាណានិគម​ផង​នោះ​បញ្ចប់ រាល់​ចេតនា​លូកដៃ​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​តូចៗ​ដទៃទៀត និង​ចាត់ទុក​ប្រទេស​តូចៗ​ជា​រដ្ឋ​ស្មើមុខស្មើមាត់​ជាមួយ​ខ្លួន​ផងដែរ​។
​សារព័ត៌មាន​រដ្ឋ​ចិន China Daily បាន​ស្រង់​សម្តី​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ខាងលើ​ថា​៖ «​ប្រទេស​លោកខាងលិច​រួមទាំង​ម្ចាស់​អាណានិគម​ផង​គួរ​ឈប់​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ​។ វា​មិនមែនជា​រឿង​សម​ហេតុផល​ឡើយ​ដែល​ពួកគេ​ត្រូវ​បង្រៀន​ប្រទេស​ដទៃ​ដែល​ពួកគេ​ធ្លាប់​កេងប្រវ័ញ្ច​ពី​អតីតកាល​ឲ្យ​ធ្វើ​អ្វីមួយ​ដែលជា​កិច្ចការ​ផ្ទៃក្នុង​របស់គេ​នោះ​»​។​

​សូម​រម្លឹក​បន្តិច​ដែរ​ថា ម៉ាឡេស៊ី​ជា​រដ្ឋ​ដែល​ធ្លាប់​ស្ថិតនៅក្រោម​អាណានិគម​របស់​អង់គ្លេស​។ ប៉ុន្តែ​ការលើកឡើង​របស់​នាយ​ក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​នេះ ជាការ​វាយប្រហារ​លើស​ហ​រដ្ឋ​អាមេរិក​ច្រើនជាង និង​ដើម្បី​ផ្គាប់ចិត្ត​ក្រុង​ប៉េកាំង​។  ប្រមុខ​រដ្ឋាភិបាល​រូបនេះ មានរឿង​សៅហ្មង​ខ្លាំង​ជាមួយ​អាមេរិក​កន្លងមក ដោយសារ​សំណុំរឿង​ពុករលួយ​នៅ​ក្រុមហ៊ុន​វិនិយោគ​រដ្ឋ​ម៉ាឡេស៊ី​។ ហើយ​រដ្ឋាភិបាល​លោក ណា​ជីប រ៉ា​ហ្សា​ក់​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ចិន​វិញ​ម្តង​។

​គេ​ដឹង​ច្បាស់​ថា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ខាងលើ ប្រឹង​ងាក​ទៅរក​ចិន​ខ្លាំង​នៅពេលនេះ ក៏​ដោយសារ​ការធ្លាក់ចុះ​នៃ​ភាពស្និទ្ធស្នាល​រវាង​លោកខាងលិច​ជាពិសេស​ហ​រដ្ឋ​អាមេរិក​ជាមួយ​ម៉ាឡេស៊ី​ក្នុង​រយៈពេល​ចុងក្រោយ​នេះដែរ​។ អ្វីដែល​គួរ​ដឹង​គឺ ក្រសួងយុត្តិធម៌​អាមេរិក​បានដាក់​បណ្តឹង​មួយ​ទាក់ទង​ការស៊ើបអង្កេត​រឿង​លាង​លុយ​កង្វក់​នៅ​ក្រុមហ៊ុន​វិនិយោគ​របស់​រដ្ឋ​ម៉ាឡេស៊ី ( 1MDB) ដែល​វា​ពាក់ព័ន្ធ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ខាងលើ​ដែរ​។ ប៉ុន្តែ​លោក នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​បដិសេធ​ការចោទប្រកាន់​ដោយ​អះអាងថា លោក​មិនបាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​លាងលុយកខ្វក់​នេះឡើយ​។ លោក​បាន​ទិតៀន​បណ្តឹង​ក្រសួងយុត្តិធម៌​អាមេរិក ដោយ​លោក​ចាត់ទុកថា វា​ជាការ​លូកលាន់​របស់​បរទេស​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​ម៉ាឡេស៊ី​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​លោក​សុខចិត្ត​សហការ​ជាមួយ​អាមេរិក​ដើម្បី​ស៊ើបអង្កេត​បញ្ហា​នេះ​។ 

​ក្រៅពី​រិះគន់​លោកខាងលិច ម៉ាឡេស៊ី​បានបង្ហាញ​គោលជំហរ​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​ការចរចា ស្របតាម​ច្បាប់​អន្តរជាតិ​ផងដែរ​។​

​លោក ណា​ជីប រ៉ា​ហ្សា​ក់បាន​ថ្លែងថា​៖ «​នៅពេលដែល​និយាយ​ដល់​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង យើង​ជឿជាក់ថា ជម្លោះ​នេះ​ត្រូវ​ដោះស្រាយ​ដោយ​ការពិភាក្សា ស្របតាម​ច្បាប់​អន្តរជាតិ​និង​ការដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ផងដែរ​»​។

​ពាក់ព័ន្ធ​បញ្ហា​នេះ អនុរដ្ឋមន្ត្រី​ការបរទេស​ចិន Liu Zhenmin  បានលើកឡើង​ស្រដៀង​គ្នា​ថា ម៉ាឡេស៊ី​និង​ចិន​សុទ្ធតែ​បាន​ឯកភាពគ្នា​លើ​ការចរចា​ទ្វេភាគី​ដើម្បី​ដោះស្រាយ សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​៕


© រក្សាសិទ្ធិដោយ thmeythmey.com