អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
របាយការណ៍​៖ ដូ​ណា​ល់ ត្រាំ នាំមុខ ហ៊ី​ឡា​រី វិញ ខណៈ​ការបោះឆ្នោត​ជិត​មកដល់​
02, Nov 2016 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​របាយការណ៍​ស្ទង់​មតិ​សារព័ត៌មាន​ABC បង្ហាញថា លោក ដូ​ណា​ល់ ត្រាំ នាំមុខ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ដែល​វា​បញ្ជាក់ថា សេដ្ឋី​រូបនេះ​នៅមាន​លទ្ធភាព ទៅ​ឈ្នះឆ្នោត​ថ្ងៃ ៨ វិច្ឆិកា​ខាងមុខ​។ យ៉ាងណាក៏ដោយ ដើម្បី​ឈានទៅ​ឈ្នះឆ្នោត លោក ដូ​ណា​ល់ ត្រាំ ត្រូវ​ដណ្តើម​សម​ភូមិ​នយោបាយ​សំខាន់​រួមទាំង​រដ្ឋ​ដែល​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​ជា​ប្រពៃណី និង​រដ្ឋ​ដែល​បក្ស​ទាំងពីរ​មាន​សំឡេង​ប្រហាក់ប្រហែលគ្នា​ដែរ​។​



​លោក ដូ​ណា​ល់ ត្រាំ កាន់តែ​ឡើងចាង ក្រោយ​របាយការណ៍​ស្ទង់​មតិ​មួយ​រៀបចំឡើង​ដោយសារ​ព័ត៌មាន​រកឃើញ​ថា លោក​បានទទួល​ការគាំទ្រ​នាំមុខ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​។ របាយការណ៍​បង្ហាញថា លោក ដូ​ណា​ល់ ត្រាំ បានទទួល​សំឡេងគាំទ្រ ៤៦​ភាគរយ ខណៈ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​បានត្រឹមតែ ៤៥ ភាគរយ​ប៉ុណ្ណោះ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រជាប្រិយភាព​របស់លោក ហាក់បីដូចជា​កើនឡើង ស្រប​ពេលដែល​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន កំពុង​ប្រឈមមុខ​រឿងអាស្រូវ​អ៊ី​ម៉ែ​ល​ជាថ្មី ក្រោយ​ស្ថាប័ន FBI ប្រកាស​បើក​ការស៊ើបអង្កេត​បន្ត​នោះ​។  ហើយ​គេ​មើលឃើញថា លោក ដូ​ណា​ល់ ត្រាំ ព្យាយាម​ទាញយក​ប្រយោជន៍​នយោបាយ​ច្រើន​ពី​បញ្ហា​រឿងអាស្រូវ​នេះដែរ​។​

​យ៉ាងណា​ក៏ដោយចុះ គេ​ឃើញ​មាន​របាយការណ៍​ស្ទង់​មតិ​ខុសៗ​គ្នាច្រើន​ពាក់ព័ន្ធ​ប្រជាប្រិយភាព​របស់​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ទាំងពីរ​នេះ​។  ជាទូទៅ រឿងអាស្រូវ​ផ្ទាល់ខ្លួន​របស់លោក ដូ​ណា​ល់ ត្រាំ ក៏​នៅតែ​បញ្ហា ហើយ​ការយក​ឈ្នះ​លើ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន នៅ​ថ្ងៃ ៨ វិច្ឆិកា​ខាងមុខ វា​អាច​នឹង​លំបាក​បន្តិច​ដែរ​។​

​អ្នកជំនាញ​បាន​អះអាងថា ដើម្បី​ឈានទៅ​ទទួល​ជ័យជម្នះ​ថ្ងៃ​បោះឆ្នោត លោក ដូ​ណា​ល់ ត្រាំ ប្រហែលជា​ត្រូវ​សម្រេច​ឲ្យ​បាន​នូវ​រឿង​លំបាក​មួយចំនួន​ដូចជា ដណ្តើម​ឲ្យ​បាន​យ៉ាងហោចណាស់​រដ្ឋ​ដែល​តែង​បោះឆ្នោត​ឲ្យ​បក្ស​ប្រជាធិបតេយ្យ​ជា​លក្ខណៈ​ប្រពៃណី​ចំនួន​មួយ និង រដ្ឋ​មួយចំនួន​ដែលមាន​ចំនួន​អ្នកគាំទ្រ​បក្ស​ទាំងពីរ​ប្រហាក់ប្រហែលគ្នា​ផងដែរ​នោះ​។

​កាលពី​ថ្ងៃ​អង្គារ​ទី ១ វិច្ឆិកា​ម្សិលមិញ លោក ដូ​ណា​ល់ ត្រាំ បាន​ចុះទៅ​ឃោសនា​នៅ​រដ្ឋ Wisconsin ដើម្បី​ទាក់ទាញ​ការគាំទ្រ​ជាពិសេស​ពី​បណ្តា​សមាជិក​បក្ស​ប្រជាធិបតេយ្យ​តែម្តង​។ រដ្ឋ Wisconsin ជា​សមរភូមិ​សំខាន់​ព្រោះ​រដ្ឋ​មួយ​នេះហើយ​ជួយ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​ឲ្យ​ត្រឡប់​ទៅកាន់​អំណាច​ជា​ប្រធានាធិបតី​ជា​លើក​ទី​២ ក្នុង​ឆ្នាំ ២០១២ នោះ ក្រោយ​លោក​ទទួលបាន​តំណាង​អ្នកបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ចំនួន ១០ នាក់​នោះ​។​

​ហើយ​កាល​ថ្ងៃ​អង្គារ​នោះដែរ សេដ្ឋី​អចលនទ្រព្យ​រូបនេះ​បាន​ទៅ​ឃោសនា​នៅ​ក្រុង King of Prussia ដែល​ស្ថិតនៅក្នុង​រដ្ឋ Pennsylvania​។ លោក​បានផ្តល់​សុន្ទរកថា​រៀបរាប់​ពី​គោលនយោបាយ​ពន្ធ​របស់លោក​នៅ​ទីនោះ​ដោយសារ​វា​សមរភូមិ​ន​យោ​បាយ​សំខាន់​មួយ​ដែល​អាចជួយ​លោក​ឲ្យ​ឈ្នះ​តំណែង​ប្រធានាធិបតី​នោះ​។

​លោក​បាន​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​ថា​៖«​ផែនការ​ពន្ធ​របស់​យើង​គឺ​បញ្ចុះ​កម្រិត​ពន្ធ​រហូតដល់ ៣៥ ភាគរយ​សម្រាប់​គ្រួសារ​វណ្ណៈ​កណ្តា​ដែលមាន​កូន​ពីរ​នាក់​។​ប្រជាជន​ដែល​ស្ថិតនៅ​វណ្ណៈ​កណ្តាល​មិន​ទទួលបាន​ការគោរព​ឲ្យ​ត្រឹមត្រូវ​ទេ ដែល​វា​ជា​អ្វីដែល​ខ្ញុំ​ចង់​ប្រាប់​អ្នក​ទាំងអស់គ្នា​នៅពេលនេះ​»​។​

​ដូច្នេះ បើសិនជា​លោក ដូ​ណា​ល់ ត្រាំ អាច​រក្សាបាន​នូវ​រដ្ឋ​ដែលមាន​និន្នាការ​គាំទ្រ​គណបក្ស​សាធារណរដ្ឋ និង​អាច​ដណ្តើម​រដ្ឋ​ដែលជា​សមរភូមិ​នយោបាយ​សំខាន់​ប្រទាញប្រទង់​គ្នា​រវាង​បក្ស​ទាំងពីរ​ផង​នោះ លទ្ធភាព​នៃ​ការ​ឈានទៅ​ឈ្នះឆ្នោត​មាន​នឹង​កាន់តែច្រើន​។ យ៉ាងណា​ក៏ដោយចុះ របាយការណ៍​វាយ​ស្ទង់​មតិ​និង​ព្យាករណ៍​ពាក់ព័ន្ធ​ការបោះឆ្នោត​សុទ្ធតែ​ខុសគ្នា​។ របាយការណ៍​និង​ទិន្នន័យ​របស់​សារព័ត៌មាន New York Times សន្និដ្ឋានថា ឱកាស​រហូតដល់ ៨៨​ភាគរយ ដែល​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន អាច​ឈ្នះឆ្នោត ខណៈ​ណា​របាយការណ៍​ខាង​គេហទំព័រ FiveThirtyEight បង្ហាញថា លោកស្រី អាចមាន​ឱកាស​ត្រឹម ៧៤ ភាគរយ ឈ្នះឆ្នោត​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  ហ៊ី​ឡា​រី គ្លី​ន​តុ​ន​
© រក្សាសិទ្ធិដោយ thmeythmey.com