អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក Duterte បញ្ឈឺ​អាមេរិក ដោយ​ងាក​ទៅ​ទិញ​កាំភ្លើង​រុស្សី​វិញ​
02, Nov 2016 , 10:19 pm        
រូបភាព
​ក្រសួងការបរទេស​អា​មេ​រិ​ក នៅ​ថ្ងៃទី​៣១ ខែតុលា បាន​ផ្អាក​ការលក់​កាំភ្លើង​ជាង​ពីរម៉ឺន​ដើម​ទៅ​ឲ្យ​ហ្វីលីពីន ក្រោម​ហេតុផល​បារម្ភ​ពី​ការប្រើប្រាស់​កាំភ្លើង​ដែល​បំពាន​សិទ្ធិមនុស្ស​នៅក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​។ ប៉ុន្តែ​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte មិនបាន​អើពើ​នឹង​ការផ្អាក​នេះឡើយ ហើយ​ថែមទាំង​និយាយ​បញ្ឈឺ​អាមេរិក​ថា ហ្វីលីពីន​អាច​ទិញ​កាំភ្លើង​ពី​រុស្សី​ជំនួស​វិញ​។



​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ថា ហ្វីលីពីន មិនចាំបាច់​ទិញ​កាំភ្លើង​ពី​អាមេរិក​ឡើយ ហើយ​អាច​ទិញ​កាំភ្លើង​ពី​រុស្សី​វិញ​ក៏បាន​ដែរ​។ លោក Duterte និយាយ​ដូច្នេះ បន្ទាប់ពី​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​សម្រេចចិត្ត​ឈប់​លក់​កាំភ្លើង​២៦០០០​ដើម​ទៅ​ឲ្យ​ក្រុង​ម៉ានីល ដោយសារតែ​ការព្រួយបារម្ភ​លើ​បញ្ហា​សិទ្ធិមនុស្ស​។​

​សារព័ត៌មាន Manila Bulletin ផ្សាយ​ថា លោក Duterte ដែល​បាន​ទៅ​ផ្នូរ​ឪពុកម្ដាយ​លោក​នៅក្នុង​ទីក្រុង Davao ក៏បាន​បង្ហាញ​ជំហរ​ងាក​ទៅ​រុស្សី ដែល​បាន​សន្យា​ជួយ​ហ្វីលីពីន​គ្រប់​យ៉ាងនោះ​។ ប្រធានាធិបតី​ហ្វីលីពីន​បានលើកឡើង​ពាក្យសម្ដី​របស់​មន្ត្រី​រុស្សី​ដែល​ចង់ភ្ជាប់​ទំនាក់ទំនងរ​វាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​។ លោក Duterte និយាយថា​៖ «​មាន​ចាំ​អ្វីដែល​អ្នកការទូត​រុស្សី​និយាយ​ទេ​? មក​រុស្សី​មក​! យើង​មាន​អ្វី​គ្រប់យ៉ាង​ដែល​អ្នកត្រូវការ​»​។​

​ព្រម​គ្នា​នឹង​ការលើកឡើង​របស់​ប្រធានាធិបតី Duterte មេ​ប៉ូលិស​ជាតិ​ហ្វីលីពីន លោក​ឧ​ត្ត​ម​សេនីយ៍ Ronald dela Rosa ក៏​ពិចារណា​ដើម្បី​ឲ្យ​ក្រ​សូង​ការបរទេស​រកមើល​ទីផ្សារ​ផ្សេង​ពី​អាមេរិក​ដែរ​។ លោក​ឧ​ត្ត​ម​សេនីយ៍​រូបនេះ​បញ្ជាក់ថា ការផ្អាក​លក់​កាំភ្លើង​របស់​អាមេរិក ធ្វើ​ឲ្យ​មន្ត្រីប៉ូលិស​ពិបាក​បំពេញការងា​រយ៉ា​ង​ខ្លាំង​។ ដូច្នេះ​គេ​ទំនងជា​ស្វែងរក​ទីផ្សារ​ប្រទេស​ដទៃ ដើម្បី​ទិញ​កាំភ្លើង​ជំនួស​កាំភ្លើង​អាមេរិក​។​

​នា​រយៈពេល​ចុងក្រោយ​នេះ ប្រធានាធិបតី​ហ្វីលីពីន បានបង្ហាញ​ជំហរ​ងាក​ចេញពី​អាមេរិក និង​ឈោងដៃចាប់​មហាអំណាច​រុស្សី និង​ចិន ដែលជា​គូប្រជែង​របស់​អាមេរិក​លើ​ឆាក​អន្តរជាតិ​។ ការ​ងាក​ចេញពី​សម្ព័ន្ធមិត្ត​ចាស់ និង​បោះដៃ​ទៅ​មហាអំណាច​ផ្សេង ជា​អ្វីដែល​លោក Duterte ចាត់ទុកជា​នេះ​ជា​គោលនយោបាយ​ឯករាជ្យ​ថ្មី​របស់លោក ដែល​មិន​ចង់​ពឹងផ្អែក​ខ្លាំង​លើ​ប្រទេស​ណាមួយ​ឡើយ​។

​លោក Duterte ទើបតែ​បញ្ចប់​ទស្សនកិច្ច​នៅ​ក្រុង​តូ​ក្យូ​ដែល​ជាស​ម្ព័​ន្អ​មិត្ត​ចាក់ទឹកមិនលិច​របស់​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ប៉េកាំង​។ នៅក្នុង​ទស្សនកិច្ច​ទាំងពីរ​លើក​នេះ ហ្វីលីពីន​បានទទួល​ផលប្រយោជន៍​សេដ្ឋកិច្ច​យ៉ាងច្រើន​ជាពិសេស​ប្រាក់កម្ចី​ជាច្រើន​ពាន់​លាន​ដុល្លារ​។ ដោយឡែក​កាលពី​កិច្ចប្រជុំ​អាស៊ាន លោក Duterte ក៏បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​រុស្សី ឌី​មី​ទ្រី ម៉េ​ដ​វ៉េ​ដេ​វ ផងដែរ​។ នាយករដ្ឋមន្ត្រី​រុស្សី​ប្រាប់​មេដឹកនាំ​ហ្វីលីពីន​ថា រុស្សី​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ជួយ​ហ្វីលីពីន​៕


Tag:
 ​ហ្វីលីពីន​
  អាមេរិក​
  រុស្សី​
  Rodrigo Duterte
© រក្សាសិទ្ធិដោយ thmeythmey.com