អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតី​ហ្វីលីពីន ចង់​បបួល​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​សហការគ្នា​កម្ចាត់​ក្រុម​ឧទ្ទាម Abu Sayyaf
03, Nov 2016 , 8:19 am        
រូបភាព
ប្រធានាធិបតីហ្វីលីពីន ចាប់ដៃជាមួយនឹងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នាកិច្ចប្រជុំអាស៊ាននៅឡាវ (ប្រភពរូបភាព៖ The Star Online)
ប្រធានាធិបតីហ្វីលីពីន ចាប់ដៃជាមួយនឹងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នាកិច្ចប្រជុំអាស៊ាននៅឡាវ (ប្រភពរូបភាព៖ The Star Online)
ដោយ:
 
​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​អះអាងថា លោក ចង់​សហការ​ជាមួយនឹង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណា​ជីប រ៉ា​ហ្សា​ក់ ដើម្បី​ប្រតិបត្តិការ​កម្ចាត់​ក្រុម​ឧទ្ទាម Abu Sayyaf ដែល​បាននិងកំពុង​តែ​បង្ករឿង​អសន្តិសុខ​តាម​ដែនសមុទ្រ​ដែលជា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​នោះ​។

 
​នា​សន្និសីទ​កាលពី​ថ្ងៃទី​១ ខែវិច្ឆិកា លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក នឹង​ជជែក​ពី​«​ភាពដុនដាប​ទៅៗ​នៃ​សន្តិភាព និង​សណ្តាប់​»​នៅ​ព្រំដែន​សមុទ្រ​ជាមួយនឹង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ដែល​អាចឈាន​ទៅដល់​លទ្ធភាព​នៃ​ការសហការ​គ្នា​រវាង​យោធា និង​ប្រតិបត្តិការ​របស់​ប៉ូលិស​ដើម្បី​ប្រឆាំងនឹង​ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ Abu Sayyaf នាពេល​ដែល​លោក​បំពេញ​ទស្សនកិច្ច​ទៅ​ប្រទេស​ម៉ាឡេស៊ី​នា​សប្តាហ៍​ក្រោយនេះ​។ 
 
​លោក​ប្រធានាធិបតី​រូបនោះ បាន​សង្កត់ធ្ងន់ ថា «​លោក ពិតជា​មានការ​អាម៉ាស់​លើ​រាល់​ការវាយប្រហារ​នានា​រប​ស់​ក្រុម​ឧទ្ទាម Abu Sayyaf ដ្បិត​ក្រុម​ទាំងនោះ មាន​មូលដ្ឋាន​នៅ​កោះ Jolo នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ហ្វីលីពីន​នោះ​»​។ លោក ក៏បាន​បន្ថែម​ដែរ​ថា «​វា គឺជា​ដ៏​ចាំបាច់​សម្រាប់​ម៉ាឡេស៊ី ហ្វីលីពីន និង​ឥណ្ឌូនេស៊ី ដើម្បី​ជជែក​អំពី​បញ្ហា​ក្រុម​ឧទ្ទាម​ឲ្យ​បាន​ម៉ឺងម៉ាត់​ដើម្បី​បញ្ឈប់​សកម្មភាព​របស់​ក្រុម​នោះ  ដ្បិត បើ​បណ្តោយ​នោះ នឹងត្រូវ​ប៉ះពាល់​ដល់​សកម្មភាព​ពា​ណិ​ជ្ជ​កម្ម​កាន់តែខ្លាំង​»​។ 
 
​ខណៈ​និយាយ​ពី​គម្រោង​សហការ​ជាមួយ​ម៉ាឡេស៊ី លោក ឌើ​ទើ​តេ ក៏បាន​បង្ហើប​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ឥណ្ឌូនេស៊ី​កាលពី​ខែ​មុន​ផងដែរ​។ លោក បាន​ឲ្យ​ដឹងថា លោក និង​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក ចូ​កូ វី​ដូ​ដូ បាន​ជជែក​ពី​លទ្ធភាព​នៃ​យុទ្ធសាស្ត្រ​សន្តិសុខ​រួមគ្នា ដោយ​លោក បញ្ជាក់ថា ប្រធានាធិបតី​ឥ​ឥណ្ឌូនេស៊ី ក៏​និយាយ «​យល់ព្រម​លើ​រឿង​គ្រប់បែបយ៉ាង​»​ផងដែរ​។ តែ​លោក មិន​បញ្ជាក់​ពី​ផែនការ​លម្អិត​នៃ​ការចាត់​វិធាន​សន្តិសុខ​ជាមួយនឹង​ឥណ្ឌូនេស៊ី​នឹង​អនុវត្តតាម​ជំហាន​ណា​ឡើយ​។​
 
​សូម​ជម្រាប​ផងដែរ​ថា ក្រុម Abu Sayyaf គឺជា​ក្រុម​ឧទ្ទាម​ដ៏​មាន​ឥទ្ធិពល​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែលជា​បណ្តាញ​របស់​ក្រុម​អាល់​កៃ​ដា​(Al-Quaeda)​។ ក្រុម​នេះ ក៏​ធ្លាប់​ប្រកាស​គាំទ្រ​ក្រុម​ឥស្លាម​ជ្រុលនិយម​ដែល​កំពុងតែ​បន្តសកម្មភាព​ប្រយុទ្ធ​នៅ​មជ្ឈិមបូព៌ា​ម​ផងដែរ​។ មូលដ្ឋាន​សំខាន់ និង ក៏​ជា​កន្លែង​លាក់ខ្លួន​របស់​ក្រុម នេះ គឺ​ស្ថិតនៅ​កោះ Jolo ដែល​ស្ថិតនៅ​ភាគខាងត្បូង​នៃ​ប្រទេស​ហ្វីលីពីន​។ រយៈពេល​ពេល​៤​ទសវត្សរ៍ មកហើយ​ដែល​ក្រុម​ឧ​ទា្ទ​ម​នេះ បាន​ប្រឆាំង និង ទាមទារ​យក​តំបន់​គ្រប់គ្រង​ស្វ័យភាព​ពី​រដ្ឋាភិបាល​ហ្វីលីពីន​។  
 
​តាមពិតទៅ គោលដៅ​សំខាន់​របស់​ក្រុម​ឧទ្ទាម Abu Sayyaf មិន​ខុសពី​ឧទ្ទាម​ផ្សេងទៀត​នោះទេ ពោលគឺ​អ្វីដែល​ពួកគេ​ចង់បាន នោះ​គឺ​ស្វ័យភាព​ក្នុងការ​គ្រប់​គ្រង់​តំបន់​ដោយ​ខ្លួនឯង​។​
 
​ដោយសារតែ​ការច្រានចោល​ពី​រដ្ឋាភិបាល​ហ្វីលីពីន ក្រុម​នេះ បាន​បង្កើត​ចលនា​ប្រឆាំង​រដ្ឋាភិបាល​៤​ទសវត្សរ៍​មកហើយ​។ កន្លងមក សកម្មភាព​ដែល​ពួកគេ បានធ្វើ​ដើម្បី​ជាការ​ដាក់​សម្ពាធ ប្រឆាំង​រដ្ឋាភិបាល​មានដូចជា ការ​បំផ្ទុះ​គ្រាប់បែក អត្តឃាត ការចាប់រំលោភ​ក្មេង និង សកម្មភាព​ភេរវកម្ម​ផ្សេងទៀត​។ សម្រាប់​ប្រភព​សេដ្ឋកិច្ច​របស់​ពួកគេ​ភាគច្រើន គឺ​បានមកពី​ការចាប់​ជំរិត ដែល​ភាគច្រើន​នៃ​ចំណាប់ខ្មាំង គឺជា​ភ្ញៀវ​បរទេស​ហើយ​ពួកគេ​ភាគច្រើន ជា​អ្នក​ប្រកាន់​សាសនា​គ្រឹ​ស្ត​។ ចុងក្រោយ​នេះ ពួកគេ បានធ្វើ​សកម្ម​ភាពជា​ញឹកញាប់​ក្នុង​ការជាប់​ជំរិត និង​ប្លន់​នៅតាម​ព្រំដែន​សមុទ្រ​ហ្វីលីពីន​-​ឥណ្ឌូនេស៊ី និង​សមុទ្រ​ហ្វីលីពីន​-​ម៉ាឡេស៊ី​៕ 



Tag:
 Abu Sayyaf
  ហ្វីលីពីន​
  ម៉ាឡេស៊ី​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com