អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេទ័ព UN ប្រចាំ​ស៊ូដង់​ខាងត្បូង អស់តំណែង​ព្រោះ​មិនបាន​ការពារ​ប្រជាជន​
03, Nov 2016 , 9:19 am        
រូបភាព
ប្រជាជនស៊ូដង់ខាងត្បូងរត់ភៀសខ្លួនពីការប៉ះទង្គិចនៅរដ្ឋធានី Juba ក្នុងខែកក្កដា (រូបភាព UN)
ប្រជាជនស៊ូដង់ខាងត្បូងរត់ភៀសខ្លួនពីការប៉ះទង្គិចនៅរដ្ឋធានី Juba ក្នុងខែកក្កដា (រូបភាព UN)
 ​ប្រមុខ​អង្គការសហប្រជាជាតិ បាន​ដកតំណែង​មេបញ្ជាការ​កង​ម្លាំ​ង​អង្គការសហប្រជាជាតិ​ប្រចាំ​ស៊ូដង់​ខាងត្បូង ព្រោះ​គ្មាន​សមត្ថភាព​ការពារ​ប្រជាជន​អំឡុងពេល​វាយ​ប្រយុទ្ធ​កាលពី​ខែកក្កដា​។ ក្នុងការ​ប៉ះទង្គិច​ខែកក្កដា ទាហាន​មួក​ខៀវ មិនបាន​ឆ្លើយតប​សមស្រប​ទៅតាម​ស្ថានការណ៍​បន្ទាន់​ដែល​បាន​កើតឡើង​នោះទេ ហើយ​ថែមទាំង​រត់ចោល​ទីតាំង​របស់ខ្លួន​ទៀតផង​។

 
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ច​ប់​អាណត្តិ លោក បាន គី​មូ​ន បានបញ្ចប់​តំណែង​លោក​ឧ​ត្ត​ម​សេនីយ៍ Johnson Mogoa Kimani Ondiek មេទ័ព​មួក​ខៀវ​អង្គការសហប្រជាជាតិ​នៅ​ស៊ូដង់​ខាងត្បូង (UNMISS )​។ លោក បាន គី​មូ​ន សម្រេច​ដូចនេះ បន្ទាប់ពី​លោក​ទទួលបាន​របាយការណ៍​ឯករាជ្យ​លើ​ការស៊ើបអង្កេត​ករណី​វាយ​ប្រយុទ្ធ​នៅ​ស៊ូដង់​ខាងត្បូង​ក្នុង​ខែកក្កដា ដែល​បាន​ចោទប្រកាន់​កងទ័ព​មួក​ខៀវ​ថា បរាជ័យ​ក្នុងការ​គាំពារ​ប្រជាជន​ស្លូតត្រង់​។  
​សេចក្ដីថ្លែងការណ៍​រប​ស់​អ្នកនាំពាក្យ​លោក បាន គី​មូ​ន បាន​បញ្ជាក់ថា ប្រមុខ​អង្គការសហប្រជាជាតិ ខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​កងកម្លាំង​មួក​ខៀវ​ដែល​មិនបាន​ឆ្លើយតប​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​។ របាយការណ៍​ដែល​ធ្វើឡើង​ដោយ​ក្រុម​ស៊ើបអង្កេត​ឯករាជ្យ​នោះ​បញ្ជាក់ថា កងទ័ព​មួក​ខៀវ ខ្វះ​ភាពជា​អ្នកដឹកនាំ និង​ការត្រៀមខ្លួន​នៅក្នុង​ចំណោម​អង្គភាព​នានា​របស់​កងកម្លាំង​នេះ​។​
 
​របាយការណ៍​ដដែល​ខាងលើ​បន្តថា កងកម្លាំង​រក្សា​សន្តិភាព​បាន​បោះបង់​ទីតាំង​របស់ខ្លួន និង​បាន​មិនបាន​ជួយ​បុគ្គលិក​មនុស្សធម៌ ដែល​ស្នើសុំ​ជំនួយ បើទោះជា​ទីតាំង​នៃ​ការវាយប្រហារ​ក្នុង​សណ្ឋាគារ Terrain និង​ទីតាំង​កម្លាំង​មួក​ខៀវ នៅក្បែរ​គ្នា​ក៏ដោយចុះ​។ យោងតាម​របាយការណ៍​នេះ លោក Stephane Dujarric អ្នកនាំពាក្យ​លោក បាន គី​មូ​ន និយាយថា​៖ «​ប្រមុខ​អង្គការសហប្រជាជាតិ បានស្នើ​ឲ្យ​ដកតំណែង​លោក Johnson Mogoa Kimani Ondiek ជាបន្ទាន់​។​»
 
​សូម​រម្លឹកថា ការប៉ះទង្គិច​នៅ​ថ្ងៃទី​១៧ និង​ទី​១៨ ខែ​កក្ដ​ដា នៅក្នុង​រដ្ឋធានី​ហ្សូ​បា គឺជា​វាយ​ប្រយុទ្ធ​រវាង​កម្លាំង​ស្មោះត្រង់​នឹង​លោក​ប្រធានាធិបតី Salvar Kiir និង​កងកម្លាំង​របស់​អនុ​ប្រធានាធិបតី Riek Machar​។ អាគារ​ជាច្រើន​រួមទាំង​ទីតាំង​របស់​អង្គការសហប្រជាជាតិ បាន​រង​ការវាយប្រហារ ហើយ​អំពើហិង្សា​ក៏​ផ្ទុះឡើង​ស្ទើរ​គ្រប់កន្លែង​ក្នុង​រដ្ឋធានី​។ យោងតាម​ការស៊ើបអង្កេត​របស់​ស្ថាប័ន​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ កងទ័ព​ទាំងសងខាង បាន​បំពាន​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ ដូចជា​ការរំលោភបំពាន​ផ្លូវភេទ ការសម្លាប់​ជីវិត​ប្រជាជន​ស្លូតត្រង់ និង​ការបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​ជាដើម​៕
 

Tag:
 ស៊ូដង់​ខាងត្បូង​
  UN
  Ban Kimoon
© រក្សាសិទ្ធិដោយ thmeythmey.com