កីឡាជាតិ
ជាតិ
ប៉េតង់​៖ តាកែវ​ឈ្នះ​មេដាយមាស​៦ ដោយមាន​ការរួមចំណែក​ដ៏​ធំ​ពី ទិ​ត្យ​ម៉ា​ណែ​ត និង​សុរ៉ា​ឃីម​
02, Nov 2016 , 5:44 pm        
រូបភាព
ដោយ:
​កីឡាករ មួង ទិ​ត្យ​ម៉ា​ណែ​ត និង​កីឡាការិនី ស៊ា​ង សុរ៉ា​ឃីម បាន​ក្លាយជា​កម្លាំង​ដ៏​សំខាន់​សម្រាប់​ខេត្តតាកែវ​នា​ការប្រកួត​កីឡា​ប៉េតង់​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ពីថ្ងៃ​ទី​២៧ ខែតុលា ដល់​ថ្ងៃទី​១ ខែវិច្ឆិកា​។ តាកែវ​បាន​មេដាយមាស​សរុប​ចំនួន​៦ ខណៈ​ទិ​ត្យ​ម៉ា​ណែ​ត និង សុរ៉ា​ឃីម រកបាន​ម្នាក់​ចំនួន​២  ក្នុងនោះ​មេដាយមាស​១ បាន​ពី​ការរួម​គ្នា​របស់​ពួកគេ​លើ​វិញ្ញាសា​ចម្រុះ​បុរស​-​នារី​។



​ខេត្តតាកែវ​ទទួលបាន​មេដាយមាស​សរុប​ចំនួន​៦ ច្រើនជាង​ក្នុងចំណោម​ខេត្ត​-​រាជធានី និង​ក្រសួង​ទាំង​៩​។  ក្នុងនោះ​កីឡាករ មួង ទិ​ត្យ​ម៉ា​ណែ​ត និង​កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម ដណ្តើមបាន​ម្នាក់​១​លើ​ប្រភេទ​វិញ្ញាសា​វាយយក​ពិន្ទុ និង​១​ទៀត ពួកគេ​រួមគ្នា​ដណ្តើមបាន​លើ​ប្រភេទ​វិញ្ញាសា​ចម្រុះ​។

​ក្រោយពី​ធ្វើការ​ប្រកួត​អស់​រយៈពេល​មួយ​សប្តាហ៍​នៅ​ទីលាន​ប្រកួត​ប៉េតង់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ការប្រកួត​កីឡា​ជាតិ​លើក​ទី​១​លើ​ប្រភេទ​កីឡា​ប៉េតង់​បានបញ្ចប់​ការប្រកួត​ជា​ស្ថាពរ​កាលពី​ថ្ងៃទី​១ ខែវិច្ឆិកា ដោយ​ខេត្តតាកែវ​ទទួលបាន​មេដាយមាស​៦ និង​សំរឹទ្ធ​២ ពោល​គឺមាន​ចំនួន​ច្រើនជាងគេ​ក្នុងចំណោម​ខេត្ត​-​រាជធានី និង​ក្រសួង​ទាំង​៩​ដែល​បាន​ចូលរួម​។



​ក្រសួងមហាផ្ទៃ​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​២ ដោយ​ទទួលបាន​មេដាយមាស​៤ ប្រាក់​១ និង​សំរឹទ្ធ​៤ ហើយ​ខេត្តកណ្តាល​ស្ថិតនៅ​លេខ​រៀង​បន្ទាប់ ដោយ​ឈ្នះ​មេដាយមាស​១, ប្រាក់​៣ និង​សំរឹទ្ធ​២​។​

​មេដាយមាស​ទាំង​៦​របស់​ខេត្តតាកែវ​នេះ រកបាន​ដោយ​កីឡាករ មួង ទិ​ត្យ​ម៉ា​ណែ​ត និង​កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម លើ​វិញ្ញាសា​វាយយក​ពិន្ទុ​ឯ​ក្កត​ជន​បុរស​-​នារី​ម្នាក់​១, កីឡាករ កឹម ចាន់​វាសនា លើ​វិញ្ញាសា​១​នាក់​ទល់​១​នាក់​បុរស​ចំនួន​១, កីឡាករ មួង ទិ​ត្យ​ម៉ា​ណែ​ត និង ស្រ៊ាង សុរ៉ា​ឃីម លើ​វិញ្ញាសា​ចម្រុះ​បុរស​១​នាក់​នារី​១​នាក់​ចំនួន​១ និង​វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​បុរស​-​នារី​ចំនួន​២​។   

​គួរ​បញ្ជាក់ថា ក្រៅពី​ខេត្ត​ទាំង​៣​ខាងលើនេះ​មិនមាន​ខេត្ត​ណាមួយ​ទទួល​មាន​មេដាយមាស​នោះឡើយ ក្នុងនោះ​ក្រសួងការពារជាតិ​ទទួលបាន​មេដាយប្រាក់​៦ និង​សំរឹទ្ធ​៣ ខណៈ​ខេត្តព្រៃវែង​ទទួលបាន​មេដាយប្រាក់​តែមួយ​ប៉ុណ្ណោះ ឬ​ឯ​ខេត្ត​-​រាជធានី​ចំនួន​៤​ផ្សេងទៀត​មិន​ទទួលបាន​មេដាយ​ពី​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១​នោះឡើយ​៕














Tag:
 កីឡា​ជាតិ​លើក​ទី​១
  ប៉េតង់​
  ខេត្តតាកែវ​
© រក្សាសិទ្ធិដោយ thmeythmey.com