អន្តរជាតិ
តួ​ក​គី ចង់​ចូល​ជួយ​រំដោះ​ក្រុង Mosul តែ​អ៊ីរ៉ាក់​បដិសេធ​
03, Nov 2016 , 10:56 am        
រូបភាព
​ប្រមុខ​រដ្ឋាភិបាល​អ៊ីរ៉ាក់ លោក Haider al-Abadi នៅ​ថ្ងៃទី​១ ខែវិច្ឆិកា បាន​ចេញមក​ព្រមាន​តួ​ក​គី ដែល​បាន​ពង្រាយ​រថក្រោះ និង​កាំភ្លើង​ធំ​ជាច្រើន​គ្រឿង​នៅ​ព្រំដែន​ភាគខាងត្បូង​ជាប់​ជាមួយ​អ៊ីរ៉ាក់ ស្រប​ពេលដែល​កងកម្លាំង​ចម្រុះ​អ៊ីរ៉ាក់​កំពុង​ញាប់ដៃ​វាយ​ប្រយុទ្ធ​ជាមួយ​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​ដែល​កំពុង​គ្រប់គ្រង​ទីក្រុង Mosul ។ លោក al-Abadi ប្រាប់​តួ​ក​គី មិនត្រូវ​ចូល​ទឹកដី​អ៊ីរ៉ាក់​ឡើយ តែ​តួ​ក​គី​ឆ្លើយ​វិញ​ថា នេះ​គ្រាន់តែ​ជាការ​ត្រៀមខ្លួន​ប៉ុណ្ណោះ​។​



​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ លោក Haider al-Abadi បានបង្ហាញ​ការមិនសប្បាយចិត្ត​ចំពោះ​ការពង្រាយ​កងទ័ព​ពី​សំណាក់​តួ​ក​គី នៅក្បែរ​ព្រំដែន​ទល់នឹង​ភាគ​ខាងជើង​អ៊ីរ៉ាក់ សំដៅ​ចូលរួម​ប្រតិបត្តិ​ការរំដោះ​ក្រុង Mosul​។ នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​ប្រាប់​តួ​ក​គី​ថា ការ​លូកដៃ​របស់​តួ​ក​គី​មក​ក្នុងប្រទេស​អ៊ីរ៉ាក់ គឺជា​ការរំលោភ​អធិបតេយ្យ​របស់ខ្លួន ហើយ​បើ​តួ​ក​គី​នៅ​បន្ត​បំពាន​នោះ អ៊ីរ៉ាក់​ក៏​មិន​ខ្លាច​ដែរ​។​

​តាមពិតទៅ តួ​ក​គី​ក៏​ចង់​មាន​តួនាទី​នៅក្នុង​យុទ្ធនា​ការរំដោះ​ក្រុង Mosul ដែរ ដ្បិត​តួ​ក​គី​ក៏ត្រូវ​ចាត់ទុកជា​សមាជិក​នៃ​សម្ព័ន្ធភាព​ចម្រុះ​ប្រឆាំងនឹង​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​មួយ​ដែរ​។ មិន​ត្រឹមតែ​ចង់​ជួយ​រំដោះ​ក្រុង Mosul ឡើយ រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​មានបំណង​បោសសម្អាត​ក្រុម​រដ្ឋ​ឥស្លាម និង​ក្រុម​ឃើ​ដ នៅតាម​បណ្ដោយ​ព្រំដែន​ជាមួយនឹង​អ៊ីរ៉ាក់ និង​ស៊ី​រី ដើម្បី​បញ្ចប់​ការគំរាមកំហែង​មកលើ​ខ្លួន​។

​យ៉ាងណាក្ដី នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ បាន​ទាត់ចោល​ការប៉ុនប៉ងរ​បស់​តួ​ក​គី និង​បាន​ប្រាប់​ឲ្យ​តួ​ក​គី​ដកទ័ព​ចេញពី​តំបន់​ព្រំដែន​ភាគ​ខាងជើង​របស់ខ្លួន​ដែរ​។ ថ្លែង​ក្នុង​សន្និសីទកាសែត​តាម​ទូរទស្សន៍​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា លោកនាយក​រដ្ឋមន្ត្រី al-Abadi បញ្ជាក់​ច្បាស់ៗ​ថា ការឈ្លានពាន​អ៊ីរ៉ាក់ នឹង​នាំ​តួ​ក​គី​មាន​បញ្ហា​។ បើទោះជា​អ៊ីរ៉ាក់​មិន​ចង់​មាន​សង្គ្រាម ឬ​ការប្រឈមមុខ​ជាមួយ​តួ​ក​គី​ក៏ដោយ អ៊ីរ៉ាក់​ក៏បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ប្រយុទ្ធ​ដែរ​។

​ជាការ​ឆ្លើយតប​នឹង​ការព្រមាន​របស់​អ៊ីរ៉ាក់ ឧបនាយករដ្ឋមន្ត្រី​តួ​ក​គី Numan Kurtulmus អះអាងថា ការពង្រាយ​ទ័ព​នៅ​ព្រំដែន គ្រាន់តែ​ជាការ​បង្ការ​ទុក​មុន​ប៉ុណ្ណោះ មិនមែន​ជាការ​គំរាម​អ្វី​ឡើយ​។ លោក​បន្តថា លោកនាយក​រដ្ឋមន្ត្រី al-Abadi គួរតែ​បន្ថយកម្ដៅ​ជម្លោះ​វិញ ព្រោះ​វា​នឹង​ផ្ដល់​ប្រយោជន៍​ទាំង​តួ​ក​គី អ៊ីរ៉ាក់ និង​តំបន់​ទាំងមូល​ដែរ ហើយ​អ៊ីរ៉ាក់​គួរតែ​មើល​ស្ថានភាព​ជារួម​វិញ​។​

​សារព័ត៌មាន Al Jazeera ផ្សាយ​ថា ក្បួន​រថយន្ត​ប្រមាណ​៣០​គ្រឿង​មាន​រថក្រោះ និង​កាំភ្លើង​ធំ បាន​ចាក​ចេញពី​ក្រុង​អង់កា​រ៉ា ឆ្ពោះទៅកាន់​ក្រុង Andana ដែល​នៅ​ភាគខាងត្បូង​ជាប់​អ៊ីរ៉ាក់​។ រដ្ឋមន្ត្រី​ការពារ​ជាតិ​តួ​ក​គី លោក Fikri Isik និយាយ​ដែរ​ថា ការពង្រាយ​នេះ​ជា​ផ្នែក​មួយ​នៃ​ការរៀបចំ​ទុក​មុន ដើម្បី​ទប់ទល់​ស្ថានភាព​នៅក្នុង​តំបន់ ជាពិសេស​សកម្មភាពរ​បស់​សកម្មជន​ឃើ​ដ និង​ប្រតិបត្តិការ​យោធា​នៅ​អ៊ីរ៉ាក់​។​

​សូម​បញ្ជាក់ដែរថា កងកម្លាំង​ចម្រុះ​អ៊ីរ៉ាក់ បាន​រុលចូល​កាន់តែ​កៀក​ក្រុង Mosul ហើយ​បន្ទាប់​បើក​យុទ្ធនា​ការរំដោះ​ទីក្រុង​នោះ​ជិត​សប្ដាហ៍​មក​នោះ​។ កងទ័ព​អ៊ីរ៉ាក់​បាន​កាន់កាប់​តំបន់​ខាងកើត​ទីក្រុង​នេះ និង​តំបន់​ជាយក្រុង​ដទៃទៀត បើទោះជា​សកម្មជន​រដ្ឋ​ឥស្លាម បន្ត​ការការពារ​ក៏ដោយចុះ​៕ 


Tag:
 ​អ៊ីរ៉ាក់​
  តួ​ក​គី​
  Mosul
  ក្រុម​រដ្ឋ​ឥស្លាម
© រក្សាសិទ្ធិដោយ thmeythmey.com