អន្តរជាតិ
នយោបាយអន្តរជាតិ
ប្រធានាធិបតី ប៉ាក ហ្គឺនហេ ប្រឈមមុខការស៊ើបអង្កេតរឿងអាស្រូវ
× មួយថ្ងៃក្រោយត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់កូរ៉េខាងត្បូង លោក Kim Byong-joon អះអាងថា លទ្ធភាពនៃការស៊ើបអង្កេតផ្ទាល់លើប្រធានាធិបតី ប៉ាក ហ្គឺនហេ (Park Geun-hye) គឺជារឿងដែលអាចធ្វើទៅបាន។ ប៉ុន្តែការស៊ើបអង្កេតណាមួយ ត្រូវធ្វើឡើងដោយប្រុងប្រយ័ត្ន ដ្បិតលោកស្រី ប៉ាក ហ្គឺនហេ គឺជាប្រមុខរដ្ឋក្នុងតំណែងរបស់ប្រទេស។
លោក Kim Byong-joon ដែលទើបត្រូវបានរដ្ឋបាលប្រធានាធិបតី ប៉ាក ហ្គឺនហេ ជ្រើសតាំងជានាយករដ្ឋមន្ត្រីថ្មីនោះ និយាយថា ការសាកសួរលោកស្រីប្រធានាធិបតី ប៉ាក ហ្គឺនហេ ជុំវិញរឿងអាស្រូវនាពេលថ្មីៗនេះ គឺអាចដំណើរការបាន។ យ៉ាងណាក្ដី ដំណើរការនេះ ត្រូវធ្វើដោយប្រុងប្រយ័ត្ន ខណៈលោកស្រី ប៉ាក ហ្គឺនហេ គឺជាប្រធានាធិបតីក្នុងតំណែង ហើយការស៊ើបអង្កេតប្រធានាធិបតីលើករណីចោទប្រកាន់ណាមួយ ក៏មិនដែលមានពីមុនមកឡើយ។
ថ្លែងទៅកាន់ក្រុមអ្នកកាសែតជាលើកដំបូងនៅថ្ងៃទី៣ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីទើបជ្រើសតាំងរូបនេះបញ្ជាក់ថា មានការបកស្រាយជាច្រើនជុំវិញអត្ថន័យនៃរដ្ឋធម្មនុញ្ញ ប៉ុន្តែលោកជឿថារដ្ឋអាជ្ញាកូរ៉េខាងត្បូង អាចបើកការស៊ើបអង្កេតលើលោកស្រីប្រធានាធិបតីបាន ព្រោះមនុស្សទាំងអស់ស្ថិតនៅក្រោមច្បាប់។ ដោយសារលោកស្រី ប៉ាក ហ្គឺនហេ ជាប្រធានាធិបតី គេត្រូវប្រយ័ត្នទាំងនីតិវិធី និងដំណើរការស៊ើបអង្កេតករណីនេះ។
លោក Kim Byong-joon ត្រូវបានការិយាល័យប្រធានាធិបតីប្រកាសជ្រើសតាំងជានាយករដ្ឋមន្ត្រីជំនួសលោក Hwang Kyo-ahn នៅថ្ងៃទី២ ខែវិច្ឆិកា ដែលនេះជាការរុះរើគណៈរដ្ឋមន្ត្រីដ៏ធំក្រោយការបែកធ្លាយរឿងអាស្រូវមកនោះ។ យោងតាមសារព័ត៌មាន Yonhap លោកស្រី ប៉ាក ហ្គឺនហេ ថែមទាំងប្រាប់ឲ្យលោក Kim ទទួលខុសត្រូវលើកិច្ចការសង្គម និងសេដ្ឋកិច្ចផងដែរ ដ្បិតលោកស្រីប្រហែលជាមិនអាចបំពេញការងារបានដូចសព្វដងឡើយ។
ទាក់ទិននឹងបញ្ហាលូកលាន់កិច្ចការរដ្ឋរបស់មនុស្សជំនិតប្រធានាធិបតី លោក Kim Byong-joon គិតថា បញ្ហាធំក្នុងរឿងអាស្រូវនេះ គឺស្ថិតត្រង់អំណាចរបស់ប្រធានាធិបតី ប៉ាក ហ្គឺនហេ តែម្ដង។ មិនតែប៉ុណ្ណោះ នាយករដ្ឋមន្ត្រីជ្រើសតាំងរូបនេះ ក៏ស្នើឲ្យលោកស្រី ប៉ាក លាលែងតំណែងក្នុងបក្ស Saenuri ប្រសិនបើសមាជិកភាពរបស់លោកស្រី ប៉ះពាល់កិច្ចការរដ្ឋនោះ។
ងាកទៅការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រី ក៏ដូចជារដ្ឋមន្ត្រីពីររូបទៀតនោះ នេះទំនងជាការប៉ុនប៉ងស្ដារប្រជាប្រិយភាពឡើងវិញរបស់ប្រធានាធិបតី ប៉ាក ហ្គឺនហេ ដែលមានរឿងអាស្រូវ។ លោកស្រីបានសន្យាបង្កើតគណៈរដ្ឋមន្ត្រីចម្រុះគណបក្ស និងអព្យាក្រឹត ដើម្បីទាញយកទំនុកចិត្តពីប្រជាជន ក៏ដូចជាសម្រាលកំហឹងរបស់ប្រជាជនកូរ៉េខាងត្បូង ដែលកំពុងពុះកញ្ជ្រោលដោយសារតែរឿងអាស្រូវលូកដៃចូលកិច្ចការប្រទេសនោះ៕
Tag:
កូរ៉េខាងត្បូង
Park Geun-hye
© រក្សាសិទ្ធិដោយ thmeythmey.com