អន្តរជាតិ
រុស្សី៖«អាមេរិកមិនអាចធ្វើអ្វីតែឯងឡើយ បើចង់ដោះស្រាយបញ្ហាពិភពលោក» រដ្ឋមន្ត្រីការបរទេសរុស្សី Sergei Lavrov និថសមភាគីអាមេរិក John Kerry (រូបភាព Xinhua)
× ទំនាក់ទំនងរវាងរុស្សី និងអាមេរិក បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ចាប់តាំងពីសង្គ្រាមត្រជាក់បញ្ចប់ទៅ។ ទាំងរុស្សី និងអាមេរិក ខ្វែងគំនិតគ្នាមិនចេះចប់ឡើយលើបញ្ហាអន្តរជាតិធំ ជាពិសេសជម្លោះនៅអ៊ុយក្រែន និងនៅស៊ីរី ហើយសកម្មភាពរបស់មហាអំណាចទាំងពីរ មិនដែលត្រូវគ្នាឡើយ ដោយម្ខាងៗប្រកាន់ជំហរផ្ទាល់របស់ខ្លួនប៉ុណ្ណោះ។ ទាក់ទងបញ្ហានេះ ប្រមុខការទូតរុស្សី អះអាងថា គ្មានរដ្ឋណាមួយអាចដោះស្រាយបញ្ហាពិភពលោកតែឯងបានទេ។
រដ្ឋមន្ត្រីការបរទេសរុស្សី Sergey Lavrov បានលើកឡើងពីការធ្លាក់ចុះនៅក្នុងទំនាក់ទំនងរវាងរុស្សី និងអាមេរិក ដោយលោកអះអាងថា ទំនាក់ទំនងរុស្សី និងអាមេរិក រង្គោះរង្គើតាំងពីមុនជម្លោះនៅអ៊ុយក្រែនផ្ទុះឡើងមកម្លេះ។ លោកបញ្ជាក់ទៀតថា ចាប់ពីពេលនេះ អាមេរិក ត្រូវតែចរចាជាមួយរុស្សី ដើម្បីដោះស្រាយបញ្ហាទាំងឡាយដែលកំពុងកើតឡើងជុំវិញពិភពលោក ព្រោះអាមេរិកមិនអាចធ្វើអ្វីតែឯងបានឡើយ។
ថ្លែងក្រោយជំនួបជាមួយសមភាគីក្រិកនៅថ្ងៃទី២ ខែតុលា លោក Lavrov និយាយថា សហគមន៍អន្តរជាតិ មិនគួរធ្វើតាមតែអាមេរិកនោះទេ បើទោះអាមេរិកជាមហាអំណាចក៏ដោយ។ លោកបន្តថា៖ «ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ធ្លាប់លើកឡើងហើយថា អាមេរិកគឺជាអ្នកកំណត់បញ្ញត្តិទាំងឡាយ ប៉ុន្តែបើអាមេរិកគិតថា ខ្លួនអាចដឹកនាំគេឯងបាន ពួកគេនឹងពិបាកមិនខាន ដ្បិតគ្មាននរណាអាចធ្វើអ្វីតែឯងបានឡើយ។»
បើតាមសារព័ត៌មាន RT រដ្ឋមន្ត្រីការបរទេសរុស្សីបន្ថែមថា ទាំងរុស្សី និងអាមេរិក ត្រូវកំណត់ឲ្យជួបចរចាគ្នា ហើយបើការចរចាកាន់តែឆាប់ គឺកាន់តែប្រសើរថែមទៀត។ លោកសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងរុស្សី និងអាមេរិក មិនមែនទើបតែអាក្រក់ខ្លាំងនាពេលថ្មីៗនេះឡើយ។ បញ្ហានេះ លេចជារូបរាងតាំងពីមុនឆ្នាំ២០១៤ ពោលគឺមុនការផ្ទុះឡើងជម្លោះនៅអ៊ុយក្រែនដើម្បីទម្លាក់លោក Viktor Yanukovich ពីតំណែងប្រធានាធិបតីទៅទៀត។
យ៉ាងណាក្ដី បើទោះជាមហាអំណាចទាំងពីរខ្វែងគំនិតគ្នាក៏ដោយចុះ ក៏មិនមែនមានន័យថា រុស្សី និងអាមេរិក មិនអាចចរចាគ្នាឡើយ។ ជាញឹកញយ ក្រុងមូស្គូ និងក្រុងវ៉ាស៊ីនតោន ចូលតុចរចាដើម្បីដោះស្រាយជម្លោះរ៉ាំរ៉ៃនៅស៊ីរី ដែលភាគីទាំងពីរគាំទ្រក្រុមជម្លោះផ្សេងៗគ្នានោះ។ ប៉ុន្តែគ្មានដំណោះស្រាយយូរអង្វែងណាមួយ នៅតែមិនអាចលេចជារូបរាងឡើយ និងមានត្រឹមតែបទឈប់បាញ់រយៈពេលខ្លីប៉ុណ្ណោះ ឯការប្រយុទ្ធក៏ចេះតែបន្តទៀត។
ជាការពិត មហាអំណាចរុស្សី ដែលទន់ដៃក្រោយសង្គ្រាមត្រជាក់មក កំពុងព្យាយាមស្ដារមុខមាត់របស់ខ្លួនលើឆាកអន្តរជាតិឡើងវិញ បន្ទាប់ពីត្រូវបានអាមេរិកចាត់ចែងអស់ពេលជាយូរមកនោះ។ អាមេរិក បានបញ្ចេញអាកប្បកិរិយាអុងអាត់តែឯងលើនយោបាយអន្តរជាតិ ដោយមិនសូវខ្វល់ពីអ្នកដទៃឡើយ និងគិតតែផលប្រយោជន៍ខ្លួនឯងប៉ុណ្ណោះ។ សកម្មភាពឯកតោភាគីរបស់មហាអំណាចទាំងពីរ មិនបានជួយអ្វីឡើយ ហើយរឹតតែធ្វើឲ្យបញ្ហាស្មុគស្មាញថែមទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com