អន្តរជាតិ
វៀតណាម​ចាប់​អ្នកសរសេរ​ប្លុក​ប្រឆាំង​រដ្ឋាភិបាល​ដាក់គុក​
03, Nov 2016 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ប៉ូលិស​វៀតណាម​សម្រេច​ចាប់ខ្លួន​អ្នកសរសេរ​ប្លុក​មួយរូប​ដ៏​ល្បី ដោយសារតែ​ជន​នោះបាន​ចែកចាយ​ព័ត៌មាន​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម​ក៏ដូចជា​បក្ស​ក​ម្មុយ​នី​ស្ត​វៀតណាម​។ ការចាប់ខ្លួន​អ្នកសរសេរ​ប្លុក​នេះ​ធ្វើឡើង​ស្រប​ពេលដែល​រដ្ឋាភិបាល​ក្រុង​ហាណូយ​បន្ត​បង្ក្រាប​រាល់​អ្នក​រិះគន់​និង​ប្រឆាំង​រដ្ឋាភិបាល​។​



​អ្នកសរសេរ​ប្លុក​ដ៏​ល្បីឈ្មោះ​របស់​វៀតណាម​លោក Ho Van Hai ត្រូវបាន​អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន​នៅក្នុង​ទីក្រុង​ហូជីមិញ ដោយ​លោក​រង​ការចោទប្រកាន់ថា បាន​ចែកចាយ​ព័ត៌មាន​ដែល​ប្រឆាំង​រដ្ឋាភិបាល​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ប៉ូលិស ប៉ូលិស​ក្រុង​ហូជីមិញ ដែល​ស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Ho Van Hai មាន​វ័យ ៥២ ឆ្នាំ ហើយ​លោក​ត្រ​វ​បាន ចាប់ខ្លួន ដោយសារ​ព័ត៌មាន​និង​ឯកសារ​ដែល​លោក​បាន​ចែកចាយ​សុទ្ធតែ​ប៉ះពាល់​ដល់​រដ្ឋាភិបាល​វៀ​ត​ណា​ម​។​

​សេចក្តីថ្លែងការណ៍​ដដែល​បាន​អះអាងថា  ប៉ូលិស​នឹង​បន្ត​ស៊ើបអង្កេត​ករណីនេះ ហើយ​យោងតាម​ច្បាប់​រដ្ឋ​អាមេរិក​លោក Ho Van Hai ពិតជា​បាន​រំលោភច្បាប់​ពិតមែន​។ មកដល់ពេលនេះ​គេ​មិនអាច​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង​ប្លុក​ផ្ទាល់ខ្លួន​របស់លោក Ho Van Hai ឡើយ​។​

​ការចាប់ខ្លួន​អ្នកសរសេរ​ប្លុក​វៀតណាម​នេះ​កើតឡើង​ស្រប​ពេលដែល  រដ្ឋាភិបាល​ក្រុង​ហាណូយ​បន្ត​យុទ្ធនាការ​បង្ក្រាប​រាល់​អ្ន​ក​ដែលមាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល​និង​បក្ស​កុម្មុយនីស្ត​ផងដែរ​។

​ទោះបីជា​រដ្ឋាភិបាល​បន្ត​កែទម្រង់សេដ្ឋកិច្ច និង​បើកទូលាយ​សង្គម​វៀតណាម​ជាទូទៅ​ដោយ​បើក​សិទ្ធិ​ឲ្យ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ក្តី បក្ស​កុម្មុយនីស្ត​វៀតណាម នៅ​បន្ត​រឹតត្បិត​សិទ្ធិសេរីភាព​សារព័ត៌មាន​និង​បន្ត​បង្ក្រាប​អ្នក​រិះគន់​រដ្ឋាភិបាល​ឥត​មាន​ញញើត​សោះ​។

​ដូច​កាលពី​ខែ​មុន ប៉ូលិស​វៀតណាម​បាន​ឃុំខ្លួន​អ្នកសរសេរ​ប្លុក​ម្នាក់ទៀត​គឺ Nguyen Ngoc Nhu Quynh ដោយ​អាជ្ញាធរ​ចោទថា ជន​ម្នាក់នេះ​ប្រើប្រាស់​ប្រព័ន្ធ​ឃោសនា​ប្រឆាំង​រដ្ឋាភិបាល​។ ប៉ុន្តែ​រដ្ឋាភិបាល​អាមេរិក សហភាព​អឺរ៉ុប និង​អង់គ្លេស​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ដោះលែង​ជននេះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com