អន្តរជាតិ
ចិន មិនដែល​យក​ទំនាក់ទំនង​ការទូត​ជាមួយនឹង​អ្នកជិតខាង​ខ្លួន​ដើម្បី​ប្រឆាំងនឹង​រដ្ឋ​ណាមួយ​ផ្សេង​ទៀតឡើយ​
03, Nov 2016 , 4:33 pm        
រូបភាព
ដោយ:
​ដំណើរ​ទស្សនកិច្ច​រប​ស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ទៅកាន់​ចិន ដែល​សម្រេចបាន​ទាំង​កិច្ចព្រមព្រៀង​ការពារជាតិ​ក្នុង​កម្រិត​ស៊ីជម្រៅ​ផងដែរ​នោះ ត្រូវ​បណ្តាញសារព័ត៌មាន​មួយចំនួន​លាប​ពណ៌​ថា​ដើម្បី​ប្រឆាំងនឹង​អាមេរិក​។ តែ​ក្រុង​ប៉េកាំង បាន​ច្រានចោល និង​បញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​របស់ខ្លួន និង​អ្នកជិតខាង មិនដែល​ដាក់​គោលដៅ​ប្រឆាំងនឹង​អ្នក​ទី​បី​ណា​ឡើយ​។



​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី Hua Chunying នៅ​ថ្ងៃទី​០២ ខែវិច្ឆិកា បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា មេដឹកនាំ​ចិន និង​ម៉ាឡេស៊ី បាន​ព្រមព្រៀងគ្នា​ជា​ឯកច្ឆន្ទ​ក្នុងការ​ធ្វើ​ឲ្យ​កាន់តែ​ជម្រៅ​នៃ​សេចក្តីទុកចិត្ត​នយោបាយ លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ពិតប្រាកដ និង​ពង្រីក​ចំណង​ប្រជាជន និង​ប្រជាជន​។ លោកស្រី ក៏​អះអាង​ដែរ​ថា កិច្ចសហប្រតិបត្តិការ​រួម​នេះ នឹង​បម្រើ​ផលប្រយោជន៍​ប្រទេស​ទាំង​ពីរ និង​ការអភិវឌ្ឍ និង​សន្តិភាព​ក្នុង​តំបន់​ផងដែរ​។

«​ចិន គិត​បែបណា​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដូចជា Reuters, AFP, Wall Street Journal និង New York Times ដែល​ចាត់ទុក​កិច្ចព្រមព្រៀង​ម៉ាឡេស៊ី និង​ចិន គឺជា​ចលនា​មួយ​ដើម្បី​ប្រឆាំង​ឥទ្ធិពល​អាមេរិក​នៅក្នុង​តំបន់​?» លោកស្រី​អ្នកនាំពាក្យ បាន​ឆ្លើយថា ចិន មិនដែល​យក​ទំនាក់ទំនង​ការទូត​ធម្មតា​របស់ខ្លួន​ជាមួយនឹង​ដៃគូ​ដើម្បី​ប្រឆាំង​ភាគី​ទី​បី​ឡើយ​។

​អ្នកនាំពាក្យ​រូបនោះ ក៏បាន​បញ្ជាក់ដែរថា គោលនយោបាយ និង​ចក្ខុវិស័យ​របស់​ចិន​សម្រាប់​កិច្ចការ​ការទូត​ជាមួយនឹង​អ្នកជិតខាង ឈរលើ​គោលការណ៍ «​ភាពជា​អ្នកជិតខាង​ល្អ​, កិច្ចសហប្រតិបត្តិការ​, ស្មោះត្រង់​, ផលប្រយោជន៍​រួម និង​ការរួមបញ្ចូល​គ្នា​»​។

​សូម​ជម្រាប​ផងដែរ​ថា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណា​ជីប រ៉ា​ហ្សា​ក់ (Najib Razak) បាននិងកំពុង​តែ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​ចិន​រយៈពេល​មួយ​សប្តាហ៍​ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​៣១ ខែតុលា​មក តប​តាម​ការអញ្ជើញ​របស់លោក​នាយករដ្ឋមន្ត្រី​ចិន លី ឃឺ​ឈាង (Li Keqiang)​។​

​យោងតាម​សារព័ត៌មាន​រដ្ឋ​ចិន Xinhua នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា​កន្លងទៅ ភាគី​ទាំងពីរ បាន​ចុះ​កិច្ចព្រមព្រៀង​ជាច្រើន​វិស័យ​រួមមាន ហេដ្ឋារចនាសម្ព័ន្ធ ថាមពល ការពារជាតិ និង​ការអភិវឌ្ឍ​រួម​លើ​នាវា​ទ័ពជើងទឹក​ម៉ាឡេស៊ី​។ កិច្ចព្រមព្រៀង​នេះ ធ្វើឡើង​ក្រោយពី​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ​ពោលគឺ លោកនាយក​រដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ និង​លោកនាយក​រដ្ឋមន្ត្រី​ចិន លី ឃឺ​ឈាង បានបញ្ចប់​កិច្ចប្រជុំ​រួមគ្នា​នោះ​។

​តាមពិតទៅ​ហេតុផល​មួយ​ដែល​បណ្តាញសារព័ត៌មាន​ធំៗ រិះគន់​ពី​ទស្សនកិច្ច​នេះ ក៏​ព្រោះតែ លោកនាយក​រដ្ឋមន្ត្រី​ណា​ជីប ឆ្លៀត​វាយប្រហារ​ប្រទេស​លោកខាងលិច​ខណៈដែល​លោក កំពុងតែ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ចិន​នោះ​។ លោក បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ប្រទេស​លោកខាងលិច​រួមទាំង​ម្ចាស់​អាណានិគម​ផង គួរ​ឈប់​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ​។ វា​មិនមែនជា​រឿង​សម​ហេតុផល​ឡើយ​ដែល​ពួកគេ​ត្រូវ​បង្រៀន​ប្រទេស​ដទៃ​ដែល​ពួកគេ​ធ្លាប់​កេងប្រវ័ញ្ច​ពី​អតីតកាល​ឲ្យ​ធ្វើ​អ្វីមួយ​ដែលជា​កិច្ចការ​ផ្ទៃក្នុង​របស់គេ​នោះ​»​។ ម្ចាស់​អាណានិគម​របស់​ម៉ាឡេស៊ី គឺ​អង់គ្លេស​៕


Tag:
 ​ចិន​
  ម៉ាឡេស៊ី​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com