អន្តរជាតិ
មាត់ឥតគម្រប​របស់​លោក Duterte ធ្វើ​ឲ្យ​ការសន្យា​ជាមួយ​ព្រះ​របស់លោក​ក្លាយជា​«​សន្យា​ខ្យល់​»
03, Nov 2016 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ខឹង​នឹង​អាមេរិក​រឿង​ឈប់​លក់​អាវុធ​ឲ្យ​រហូត​ទប់ចិត្ត​មិនបាន លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​របូតមាត់​«​ជ្រុល​ប្រើពាក្យ​អសុរោះ​»​ជាថ្មី​។ ការប្រើ​ពាក្យ​អសុរោះ​ដោយសារតែ​អារម្មណ៍​មួយ​ឆាវ​នេះ បានធ្វើ​ឲ្យ​លោក​ប្រធានាធិបតី​រូបនេះ ក្បត់​នឹង​ពាក្យសន្យា ដែល​លោក សន្យា​ជាមួយនឹង​ព្រះ​ជា​ម្ចាស់​កន្លងមក​។



​មិនបាន​មួយ​សប្តាហ៍​ស្រួលបួល​ផង លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​របូតមាត់​ប្រើ​អសុរោះ​ដើម្បី​ជះ​កំហឹង​នឹង​ចំណាត់ការ​ចុងក្រោយ​របស់​អាមេរិក​។ ចំណាត់ការ​នោះ​គឺ អាមេរិក បាន​ផ្អាក​ការលក់​កាំភ្លើង​ជាង​ពីរម៉ឺន​ដើម​ទៅ​ឲ្យ​ហ្វីលីពីន ក្រោម​ហេតុផល​បារម្ភ​ពី​ការប្រើប្រាស់​កាំភ្លើង​ដែល​បំពាន​សិទ្ធិមនុស្ស​នៅក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​។​

​នា​សន្និសីទ​សារព័ត៌​មា​នៅ​ថ្ងៃទី​០២ ខែវិច្ឆិកា លោក ឌើ​ទើ​តេ បាន​និយាយ​យ៉ាង​ដូច្នេះ​ថា «​កាំភ្លើង​ប្រមាណ​២៦០០០​ដើម រំពឹងថា​នឹង​ទិញ​ពី​គេ​(​អាមេរិក​) តែ​ឥលូវ គេ​ថា ឈប់​លក់​ឲ្យ​យើង​ហើយ​។ You son of a B**ch​។​» នេះ​បើ​យោងតាម​សារព័ត៌មាន​ហ្វីលីពីន Rappler ដែល​បាន​រាយការណ៍​ដែលថា លោក Duterte ក៏បាន​បន្ថែមទៀតថា «​ពួកគេ ពិតជា​ឆ្កួត​ហើយ​»​។

​សូម​រម្លឹក​ផងដែរ​ថា នា​សន្និសីទកាសែត​ថ្ងៃទី​២៧ ខែតុលា​កន្លងទៅ លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​ថ្លែងថា ខណៈពេលដែល​លោក​កំពុងតែ​សំឡឹង​ទៅ​មើល​ពពក​នៅលើ​យន្តហោះ​ក្នុង​ដំណើរ​មាតុភូមិ​និវត្ត​ក្រោយ​បញ្ចប់​ទស្សនកិច្ច​នៅ​ជប៉ុន ហើយ​អ្នក​អមដំណើរ​លោក កំពុងតែ​ដេក​លង់លក់​នោះ លោក បានលឺ​សំឡេង​និយាយថា «​ប្រសិនបើ​អ្នក​មិន​បញ្ឈប់ ការប្រើប្រាស់​ពាក្យ​អសុរោះ​នោះទេ​, ខ្ញុំ នឹងធ្វើ​ឲ្យ​យន្តហោះ​នេះ​ធា្ល​ក់​តែម្តង​»​។​

​លោក​ប្រធានាធិបតី​រូបនោះ បន្តថា ពេលនោះ លោក ក៏បាន​ឆ្លើយតប​ទៅនឹង​សំឡេង​នោះ​យ៉ាង​ដូច្នេះ​ថា «​អ្នកជា​នរណា​? គឺ​ព្រះ​ជា​ម្ចាស់​។ ខ្ញុំ សូម​សន្យា​ទៅកាន់​ព្រះ​ជា​ម្ចាស់​ថា ... នឹងមិន​ប្រើប្រាស់​ពាក្យ​ចម្លែកៗ អសុរោះ និង​ជេរប្រមាថ​ទៀតឡើយ​»​។ លោក ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា ប្រជាជន នឹង​លឺ​តែ​ពាក្យ​ដែល​ត្រឹមត្រូវ ដោយ​លោក​ពន្យល់ថា នោះ​ក៏​ព្រោះតែ​ការសន្យា​ជាមួយនឹង​ព្រះ ក៏​ជាការ​សន្យា​ទៅកាន់​ប្រជាជន​ហ្វីលីពីន​ដែរ​។​

​សូម​ជម្រាប​ផងដែរ​ថា លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​ឡើងកាន់​អំណាច​ជា​ប្រធានាធិបតី​ហ្វីលីពីន​ជា​ផ្លូវការ​ថ្ងៃទី​៣០ ខែមិថុនា​។ ទាំង​មុន និង​ក្រោយ​នៃ​ការ​ក្លាយជា​ប្រធានាធិបតី​ហ្វីលីពីន លោក​តែងតែ​ប្រើពាក្យ​អសុរោះ និង​ជេរប្រមាថ​ទៅនឹង​អ្វី ឬក៏​បុគ្គល​ណាមួយ​ដែល​ធ្វើ​ឲ្យ​លោក មិន​សប្បាយចិត្ត និង​ផ្ទុយទៅនឹង​អ្វីដែល​លោក​ចង់បាន​។ កន្លងមក​ទាំង​ស្ថាប័ន​កំពូល​អង្គការសហប្រជាជាតិ សហភាព​អឺរ៉ុប សម្តេច ប៉ាប ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក បាន គី​មូ​ន ជាដើម​នោះ សុទ្ធសឹងតែ​ត្រូវបាន​រង​ការរិះគន់ និង​ជេរប្រមាថ​ដោយ​លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ​ទាំងអស់​៕


Tag:
 ហ្វីលីពីន​
  Rodrigo Duterte
© រក្សាសិទ្ធិដោយ thmeythmey.com