អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជប៉ុន បន្ថែម​កញ្ចប់​ជំនួយ​ឲ្យ​មី​យ៉ាន់​ម៉ា​រយៈពេល​៥​ឆ្នាំ ដោយ​សង្ឃឹមថា​អាច​ដោះស្រាយ​រឿង​ធ្វើ​ទុក​បុក​ម្នេញ​«​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​»
03, Nov 2016 , 10:39 pm        
រូបភាព
ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ចាប់ដៃជាមួយនឹងលោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ (ប្រភពរូបភាព៖ AP)
ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ចាប់ដៃជាមួយនឹងលោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ (ប្រភពរូបភាព៖ AP)
ដោយ:
​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ បាន​អះអាងថា ជប៉ុន នឹង​ផ្តល់ជំនួយ​ប្រមាណ ៤០​ពាន់​លាន​យេន​សម្រាប់​រយៈពេល​៥​ឆ្នាំ​ដល់​មី​យ៉ាន់​ម៉ា​។ សេចក្តីថ្លែងការណ៍​នេះ ត្រូវបាន​ធ្វើឡើង​នា​សន្និសីទ​សារព័ត៌មាន​រួមគ្នា ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយនឹង​ទីប្រឹក្សា​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី ដែល​បាននិងកំពុង​តែ​បំពេញ​ទស្សនកិច្ច​នៅក្នុង​ក្រុង​តូ​ក្យូ​នោះ​។



​នាសន្ន​សីទ​សារព័ត៌មាន​ដែល​ធ្វើ​នៅ​ថ្ងៃទី​០២ ខែវិច្ឆិកា​ម្សិលមិញ​នេះ លោកនាយក​រដ្ឋមន្ត្រី អា​បេ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ឲ្យ​ដឹងថា ជប៉ុន សង្ឃឹមថា កញ្ចប់​ជំនួយ​រយៈពេល​ប្រាំ​ឆ្នាំ​នោះ នឹង​ជួយ​មី​យ៉ាន់​ម៉ា​ក្នុងការ​ដោះស្រាយ​ជម្លោះជាតិសាសន៍​ដែល​ចាក់​ឬ​ស​យ៉ាង​ស្មុគស្មាញ​ជា​យូរហើយ​នោះ​។ ជំនួយ​នេះ ត្រូវបាន​ផ្តល់​ឲ្យ​មី​យ៉ាន់​ម៉ា ក៏​ព្រោះតែ​ជប៉ុន បាន​យល់​ដឹងថា ការដោះស្រាយ​ជម្លោះជាតិសាសន៍​របស់​មី​យ៉ាន់​ម៉ា ក៏​ស្ថិតនៅក្នុង​បញ្ហា​អាទិភាព​ដែល​លោកស្រី​ប្រឹក្សា​រដ្ឋ ស៊ូ​ជី ចង់ដឹង​ដោះស្រាយ​។

​លោកនាយក​រដ្ឋមន្ត្រី​រូបនោះ ក៏បាន​បញ្ជាក់បន្ថែម​ដែរ​រថា រដ្ឋាភិបាល​ជប៉ុន និង​ក្រុមហ៊ុន​ឯកជន​របស់​ជប៉ុន ក៏បាន​ត្រៀមខ្លួន​រួចស្រេច​ក្នុងការ​បោះទុន​ប្រមាណ ៨០០ ពាន់​លាន​យេន ទៅក្នុង​គម្រោង​អភិវឌ្ឍ​ប្រទេស​មី​យ៉ាន់​ម៉ា​នៅក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ផងដែរ​។ លោក បន្ថែមថា លោក ពិតជា​គាំទ្រ​ចំពោះ​រដ្ឋបាល​ថ្មី​មី​យ៉ាន់​ម៉ា ដែល​កំពុងតែ​ដឹកនាំ​ដោយ​លោកស្រី អ៊ុង​សាន ស៊ូ​ជី​។  នេះ​បើ​យោងតាម​សារព័ត៌មាន Japan Times​។​

​ឆ្លើយតប​ជាមួយនឹង​ភាគី​ជប៉ុន លោកស្រី​ទីប្រឹក្សា​រដ្ឋ បាន​សន្យា​ដែរ​ថា លោកស្រី នឹង​ព្យាយាម​លើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច ក៏ដូចជា​កសាង​សន្តិភាព​នៅក្នុង​ប្រទេស​ផងដែរ​។ លោកស្រី ពន្យល់ថា កិច្ចការ​ទាំងពីរ មិនអាច​ធ្វើ​មុន​ឬ​ក្រោយ​គ្នា​បានឡើយ ពោលគឺ ត្រូវតែ​ធ្វើឡើង​ក្នុងពេល​ជាមួយគ្នា​។ តែ​យ៉ាងណាក៏ដោយ លោកស្រី មិនបាន​ធានា​ពី​ដំណោះស្រាយ​លើ​ជម្លោះ​ជនជាតិភាគតិច រ៉ូ​ហ៊ីង​យ៉ា​ឡើយ​។

​សូម​ជម្រាប​ផងដែរ​ថា ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី កំពុងតែ​បំពេញ​ទស្សនកិច្ច​រយៈពេល​៥​ថ្ងៃ​នៅ​ជប៉ុន ដែល​បានចាប់ផ្តើម​ពីថ្ងៃ​ទី​០១​ដល់​ថ្ងៃទី​០៥ ខែវិច្ឆិកា តប​តាម​ការអញ្ជើញ​របស់លោក​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ​។

​ងាក​មក​ចាប់អារម្មណ៍ បញ្ហា​ជម្លោះជាតិសាសន៍ រ៉ូ​ហ៊ីង​យ៉ាប​ន្តិ​ច ! ប្រជាជន​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា បានរស់នៅ​ក្នុង​ទឹកដី​មី​យ៉ាន់​ម៉ា ដោយ​គ្មាន​សិទ្ធិ​ស្របច្បាប់​ឡើយ​។ តាំងពី​មី​យ៉ាន់​ម៉ា​ដឹកនាំ​ដោយ​រដ្ឋាភិបាលយោធា រហូតដល់​រដ្ឋាភិបាល​ស៊ីវិល​បច្ចុប្បន្ន ប្រជាជន​ទាំងនោះ នៅតែ​ទទួលរង​ការ​ធ្វើទុក្ខបុកម្នេញ​ដដែល​។ ព្រឹ​តិ្ត​ការណ៍​ដែល​គេ​ចាំ​ច្បាស់​នោះទេ នៅ​ឆ្នាំ​២០១២ ពួកគេ​ក្លាយជា​គោលដៅ​នៃ​ការវាយប្រហារ​របស់​ប​ណ្តា​សង្ឃ​ជ្រុលនិយម​និង​ប្រជាជន​កាន់សាសនា​ព្រះពុទ្ធ​ដែល​ជ្រុលនិយម​មួយចំនួន​ផង​៕


Tag:
 ជប៉ុន​
  មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com