អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ៊ុយ​ក្រែ​ន កសាង​កម្លាំង​ទ័ពជើងទឹក ទប់ទល់​រុស្ស៊ី ក្រោម​ជំនួយ​ក្រុង​វ៉ាស៊ីនតោន
04, Nov 2016 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
 
​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​អះអាងថា ខ្លួន​កំពុង​ចាប់​ផ្តើមកសាង​កម្លាំង​ទ័ពជើងទឹក  ដើម្បី​ប្រឆាំង​ការ​វត្តមាន​ទ័ព​រុស្ស៊ី​នៅ​ទឹកដី Crimea​។  គម្រោង​ទំនើបកម្ម​ទ័ពជើងទឹក​នេះ​នឹង​ផ្តោត​សំខាន់​លើ​ការពង្រឹង​សមត្ថភាព​ក​ង​នាវាចម្បាំង​រួមទាំង​ជួសជុល​នាវាចម្បាំង​របស់ខ្លួន​ឡើងវិញ​ផង​។ ការកសាង​កម្លាំង​ទ័ព​ដើម្បី​ទប់ទល់​ក្រុង​មូ​ស្គូ​នេះ ស្ថិតក្រោម​ការគាំទ្រ​រប​ស់​ក្រុង​វ៉ាស៊ីនតោន​។​


​អគ្គមេបញ្ជាការ​រង​ក​ង​ទ័ពជើងទឹក​អ៊ុយ​ក្រែ​ន លោក  Ihor Voronchenko បាន​អះអាងថា អ៊ុយ​ក្រែ​ន​កំពុង​អភិវឌ្ឍ​និង ពង្រឹងសមត្ថភាព​កង​ទ័ពជើងទឹក​ដើម្បី​ទប់ទល់​ការកសាង​កម្លាំងយោធារ​បស់​ក្រុង​មូ​ស្គូ​នៅក្នុង​ទឹកដី Crimea ។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters កងទ័ពជើងទឹក​អ៊ុយ​ក្រែ​ន​នឹង​ទទួលបាន​នូវ​ការពង្រឹង​សមត្ថភាព​បន្ថែម​នៅពេល​ខាងមុខ ហើយ​ផែនការ​ទំនើបកម្ម​យោធា​នេះ​គឺ​ផ្តោតលើ​កងទ័ពជើងទឹក​ជា​ចម្បង​។ គម្រោង​នេះ​នឹង​រួមមាន​ទាំង​ការជួសជុល​ឡើងវិញ​នូវ​នាវាចម្បាំងរ​បស់ទ័ព​ជើង​ទឹក​អ៊ុយ​ក្រែ​ន​« Hetman Sahaydachnyy» ផងដែរ​។​
 
​អគ្គ​មេបញ្ជាការរង​ខាងលើ​បាន​លើកឡើងថា​«​យើង​នឹង​ពង្រឹងកម្លាំង​កងទ័ពជើងទឹក​យើង​ម្តង​មួយ​ជំហានៗ ។ សមត្ថភាព​កងទ័ព​យើង​នឹង​ប្រសើរ​ជាង​សមត្ថភាព​កងទ័ព​ដែល​ស្ថិតនៅ​តំបន់ Crimea »​។​
​មន្ត្រីជាន់ខ្ពស់​រូបនេះ​បាន​បន្តថា បច្ចុប្បន្ននេះ អ៊ុយ​ក្រែ​ន​បន្ត​ជួសជុល​នាវាចម្បាំង​មួយចំនួន កប៉ាល់​យោធា​តូចៗ​បំពាក់​សព្វាវុធ​ចំនួន ២​គ្រឿង​នឹង​ចូល​បម្រើការ​នៅពេល​ឆាប់​ខាងមុខ​។ ហើយ​នៅ​ខែកក្កដា​ឆ្នាំក្រោយ កប៉ាល់​ចំនួន ៤​គ្រឿង​ទៀត​នឹង​ចូល​ប្រើ​វិស័យ​ការពារជាតិ​ផងដែរ​។ បន្ថែម​ពីនេះ កងទ័ពជើងទឹក​ក៏មាន​គម្រោង​បញ្ចូល​នាវា​ពិឃាត​មួយគ្រឿង និង​កប៉ាល់​បំពាក់​មី​ស៊ី​ល​មួយគ្រឿង​ទៀត​ក្នុង​កង​នាវាចម្បាំង នៅត្រឹម​ឆ្នាំ ២០២០​ដែរ​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដដែល គម្រោង​អភិវឌ្ឍន៍​សមត្ថភាព​ក​ង​ទ័ពជើងទឹក​របស់​អ៊ុយ​ក្រែ​ន​នេះ ក៏​ទទួលបាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដែរ​។ អ៊ុយ​ក្រែ​ន​រំពឹងថា​ខ្លួន​នឹង​ទទួលបាន​កញ្ចប់​លុយ​កម្ចី​ពី​អាមេរិក ចំនួន ៥០០​លាន​ដុល្លារ​នៅ​ឆ្នាំក្រោយ​ដើម្បី​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា ហើយ​ក្នុងនោះ​អាមេរិក​ផ្តល់ ៣០​លាន​ដុល្លារ​ជា​ជំនួយ​ដែរ​។​
 
​តាមពិតទៅ អ៊ុយ​ក្រែ​ន​បាន​បាត់​បង់កង​នាវា​របស់ខ្លួន​ប្រហែល ២​ភាគ ៣ ចាប់ពី​ពេលដែល​រុស្ស៊ី​ក្រសោប​យក​ទឹកដី Crimea នៅ​ខែមីនា​ឆ្នាំ ២០១៤ មក​។​នេះ​ក៏​ដោយសារ​នាវាចម្បាំង​ភាគច្រើន​ទុក​នៅ​មូលដ្ឋាន​ទ័ពជើងទឹករ​បស់​ខ្លួន​នៅ Sevastopo ឧបទ្វីប Crimea​។ 
 
​ក្នុងពេលដែល​រុស្ស៊ី​ឈ្លានពាន Crimea និង​ដណ្តើមយក​ទឹកដី Crimea ឆ្នាំ ២០១៤ អ៊ុយ​ក្រែ​ន​បាន​ការពារ​នាវាចម្បាំង Hetman Sahaydachnyy, នាវា​ដឹកជញ្ជូន​យោធា​បើក​ឡើងគោក Yuriy Olifirenko ,​កប៉ាល់​បំពាក់​មី​ស៊ី​ល Pryluky និង​កប៉ាល់​តូចៗ​បំពាក់​សព្វាវុធ​មួយចំនួនទៀត​មិន​ឲ្យ​ធ្លាក់​ចូលក្នុង​ដៃ​រុស្ស៊ី​។
 
​ចាប់ពី​ដណ្តើម​ទឹកដី Crimea  ទៅកាន់​កាប់ រុស្ស៊ី​បាន​បន្ត​គោលនយោបាយ​ពង្រឹងកម្លាំង​ទ័ព​នៅ Crimea នេះ ដោយ​ជួសជុល​រាល់​គ្រឿង​បរិក្ខា​យោធា​ដែលមាន​តាំងពី​សម័យ​សូ​វៀត​,​សាងសង់​មូលដ្ឋានទ័ព​ថ្មី និង​ពង្រាយ​ទ័ព​ទៅ​ឈរជើង​នៅ​ទីនោះ​ផង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ រុស្ស៊ី​ក៏មាន​គម្រោង​ពង្រាយ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ប្រភេទ​ទំនើប​ចុងក្រោយ S-400 ទៅកាន់​ឧបទ្វីប Crimea ថែម​ទៀតផង​កន្លងមក​។ 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com