ពីនេះ ពីនោះ
រវាង​ពាក្យ​«​បៀវត្សរ៍​» និង​«​បៀវត្ស​»​មួយណា​ទើប​ជា​ពាក្យ​ដែល​ត្រឹមត្រូវ​តាម​វចនានុក្រម​?
04, Nov 2016 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្នុងពេល​បច្ចុប្បន្ននេះ ពាក្យ «​បៀវត្សរ៍​» និង​«​បៀវត្ស​» អ្នកសរសេរ​នៅ​មិនទាន់​ច្បាស់​ថា ពាក្យ​មួយណា​ទើប​ត្រឹមត្រូវ​។ តាម​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត តើ​ពាក្យ​ទាំងពីរ​មួយណា​ទើប​ត្រឹមត្រូវ​?



​តាម​ការពិត​ពាក្យ​ថា​«​បៀវត្សរ៍​» និង​«​បៀវត្ស​»​គឺអាច​សរសេរ​បាន​ដូចគ្នា និង​ត្រឹមត្រូវ​ដូចគ្នា​។ មូលហេតុ​គឺ នៅពេលដែល​អ្នកជំនាញ​ធ្វើ​ខេ​មរ​យាន​កម្ម​លើ​ភាសា​ខ្មែរ បាន​យក​វចនានុក្រម​ខ្មែរ​ពុទ្ធសាសនបណ្ឌិត្យ​បោះពុម្ព​លើក​ទី​៥(១៩៦៧-៦៨) ធ្វើជា​គោល ហើយ​កាល​នោះបាន​ជ្រើស​យកពាក្យ​ងាយៗ​មួយចំនួន ដែល​អាច​សរសេរ​បាន​ពីរ​យ៉ាង​មក​ប្រើ និង​សរសេរ​។ ហេតុនេះ​រវាង​ពាក្យ​ទាំងពីរ​នេះ​សរសេរ​មួយណា​ក៏​មិន​ខុស​ដែរ​។​

​ពាក្យ​«​បៀវត្សរ៍​» និង​«​បៀវត្ស​»​មាន​ថ្នាក់​ពាក្យ​នាម  មានន័យថា គឺជា​ប្រាក់​ដែល​ព្រះរាជា​ទ្រង់​ប្រោស​ព្រះរាជទាន​ក្នុង​មួយឆ្នាំ​ម្ដង​។​

​ការប្រើប្រាស់​ពាក្យ «​បៀវត្សរ៍​» និង​«​បៀវត្ស​» គឺ​ដំបូង​ឡើយ​ផ្ដើមចេញពី​ពាក្យ​ថា «​បៀ​» ដែលមាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា ជា​ឈ្មោះ​ខ្យង​សមុទ្រ​ពួក​មួយ មាន​តូច​មាន​ធំ សំបក​ក្រាស់​រឹង​រលោង ទ្រង់ទ្រាយ​ជម​ក្រឡូម ខាង​ពោះ​ច្រហ​មាន​របាក់​ជា​ជួរ​ទាំងពីរ​ខាង សណ្ឋាន​ជា​ធ្មេញ​។ ក្នុងសម័យ​បុរាណ រាជ្យ​ពី​ព្រេងនាយ មាន​អនុញ្ញាត​ឲ្យ​ប្រើ​បៀ​ចាយ​ជា​តម្លៃ​លក់ទំនិញ​ជា​ជំនួស​ប្រាក់ ព្រោះហេតុនោះ​ទើប​មាន​ពាក្យ​ហៅថា បៀលៀង​, បៀវត្ស ជាប់​មកដល់​សព្វថ្ងៃនេះ​៕

​ដកស្រង់​ពី​សៀវភៅ​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​


Tag:
 ​ភាសា​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com