អន្តរជាតិ
ភាពលម្អៀង​ផ្នែក​យេនឌ័រ​ដើរតួនាទី​នៅក្នុង​ការយល់ឃើញ​រប​ស់​សាធារណជន​ចំពោះ​បេក្ខភាព​ស្ត្រី​ក្នុងការ​ប្រជែង​បោះឆ្នោត​ឆ្នាំ​២០១៦
04, Nov 2016 , 8:35 am        
រូបភាព
ដោយ: VOA
​វ៉ាស៊ីនតោន​៖ នេះ​ជា​លើកដំបូង​ហើយ​ដែល​គណបក្ស​ធំ​មួយ​បាន​ជ្រើសតាំង​ស្ត្រី​មួយរូប​គឺ លោកស្រី Hillary Clinton នៃ​គណបក្ស​ប្រជាធិបតេយ្យ ជា​បេក្ខជន​ប្រធានាធិបតី​របស់ខ្លួន​។​



​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅ​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ​២០១៦​នេះ មាន​ភាពមិនប្រក្រតី​លើ​ផ្នែក​ជាច្រើន ប៉ុន្តែ​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នេះ មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ​។ នេះ​ជា​លើកដំបូង​ហើយ​ដែល​គណបក្ស​ធំ​មួយ​បាន​ជ្រើសតាំង​ស្ត្រី​មួយរូប​គឺ លោកស្រី Hillary Clinton នៃ​គណបក្ស​ប្រជាធិបតេយ្យ ជា​បេក្ខជន​ប្រធានាធិបតី​របស់ខ្លួន​។ ប៉ុន្តែ​តើ​អ្វី​ទៅ​ដែល​បានអូសបន្លាយ​ពេល​យ៉ាងយូរ​ដើម្បី​សម្រេចបាន​ការតែងតាំង​ដូចនេះ នៅក្នុង​ប្រទេសមួយ​ដែល​ឈានមុខ​គេ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​លើកកម្ពស់​ការពង្រឹង​សិទ្ធិអំណាច​របស់​ស្ត្រី និង​ការអភិវឌ្ឍ​នៅ​ជុំវិញ​ពិភពលោក​? ហើយ​តើ​ការប៉ាន់ស្មាន​លើ​តួនាទី​របស់​ស្ត្រី​ជះឥទ្ធិពល​យ៉ាងណា​ទៅលើ​ការឆ្លើយតប​របស់​សាធារណជន​ចំពោះ​បេក្ខជន​ប្រធានាធិបតី​ជា​ស្ត្រី​?

​ក្រុម​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់លោក​ស្រី​គ្លី​ន​តុ​ន បាន​និយាយថា ការរិះគន់​លើ​លោកស្រី​ក្នុងពេល​កន្លងមក ជា​ញឹកញាប់ មាន​បង្កប់​ភាពលម្អៀង​ផ្នែក​យេនឌ័រ​។ លោកស្រី Michele Swers សាស្ត្រាចារ្យ​ផ្នែក​ការសិក្សា​អំពី​រដ្ឋាភិបាល​អាមេរិក​នៅ​សាកលវិទ្យាល័យ Georgetown ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​និយាយថា ប្រជាជន​នៅតែ​ផ្សារភ្ជាប់​ភាពរឹងមាំ​និង​គុណ​ភាពជា​អ្នកដឹកនាំ​ជាមួយ​បុរស​។​

«​ស្ត្រី​ធ្វើដំណើរ​នៅក្នុង​ផ្លូវ​តូចចង្អៀត​ជាង​បុរស ដូច្នេះ​ស្ត្រី​ដែល​ចូលប្រឡូក​ក្នុង​វិស័យ​នយោបាយ​ត្រូវតែ​បង្ហាញថា ពួកគេ​មាន​ទាំង​គុណសម្បត្តិ​ជា​អ្នកដឹកនាំ​ដូច​បុរស ហើយ​ថែមទាំង​មាន​បុគ្គលិកលក្ខណៈ​(​ទន់ភ្លន់​)​ដែល​គេ​គិតថា​ស្ត្រី​ត្រូវមាន​ផងដែរ​»​។​

​លោកស្រី Swers និយាយថា លោកស្រី​គ្លី​ន​តុ​ន ត្រូវបាន​គេ​រិះគន់​ជា​ញឹកញាប់​ថា មិន​យល់​ពី​អារម្មណ៍​អ្នកដទៃ និង​មាន​ល្បិចកល​។​

​លោកស្រី Sonya Michel ជា​សាស្ត្រាចារ្យ​មួយរូប ដែល​ការបង្រៀន​របស់លោក​ស្រី​ផ្តោតទៅលើ​ប្រវត្តិសាស្ត្រ​ស្ត្រី​និង​យេនឌ័រ​នៃ​សាកលវិទ្យាល័យ Maryland បាន​និយាយថា ផ្ទុយទៅវិញ នៅពេលដែល​លោកស្រី គ្លី​ន​តុ​ន បង្ហាញ​ភាពទន់ភ្លន់​របស់លោក​ស្រី បែរជា​មានប្រតិកម្ម​ផ្ទុយ​ពី​នោះ​ទៅវិញ​។​

«​នៅពេលដែល​លោកស្រី​កាន់តែ​ព្យាយាម​ជៀសវាង​ពី​ការរិះគន់​ទាំងនោះ (​ថា​មោះមុត​ដូច​បុរស​ពេក​) មនុស្ស​ទូទៅ​តែង​ចោទ​សួរថា តើ​លោកស្រី​ខ្លាំង​ប៉ុណ្ណា​? តើ​លោកស្រី​រឹងមាំ​ប៉ុណ្ណា​? អ្នកដឹង​ទេ​ថា តើ​លោកស្រី​នឹង​អាចបំពេញ​តួនាទី​នៅលើ​ឆាក​អន្តរជាតិ​ដោយ​របៀប​ណា​»?

​ប៉ុន្តែ​សាស្ត្រាចារ្យ Swers និយាយថា ការរិះគន់​ដែល​លោកស្រី គ្លី​ន​តុ​ន ទទួលបាន​គឺ​មិន​ត្រឹម​តែដោយសារ​ភាពលម្អៀង​យេនឌ័រ​តែប៉ុណ្ណោះ​ទេ​។​

«​ខ្ញុំ​គិតថា ការរិះគន់​ដែល​ទាក់ទង​ទៅនឹង​សារ​អេឡិចត្រូនិក និង​យុទ្ធនាការ​ដើម្បី​ប្រមូល​ការបរិច្ចាគ​ឲ្យ​មូលនិធិ​គ្លី​ន​តុ​ន​នោះ គឺ​សមស្រប​នៅក្នុង​ន័យ​ដែលថា ការរិះគន់​នោះ​ចោទសួរ​ពី​តម្លៃ​ដែល​យើង​ប្រកាន់ខ្ជាប់​ទាក់ទង​នឹង​តម្លាភាព ភាពស្មោះត្រង់ និង​បុគ្គលិកលក្ខណ​:​នៃ​ភាពជា​អ្នកដឹកនាំ​របស់​យើង​»​។​

​ប៉ុន្តែ លោកស្រី Swers និយាយថា វា​ជាការ​ងាយស្រួល​ក្នុង​ការដែល​សំណួរ​ទាំងនោះ​ពាក់ព័ន្ធ​គ្នា​ទៅនឹង​ភាពលម្អៀង​ផ្នែក​យេនឌ័រ ពីព្រោះថា បេក្ខជន​ជា​ស្ត្រី ត្រូវបាន​គេ​គិតថា ត្រូវមាន​ភាពស្មោះត្រង់​ជាង គួរ​ឲ្យ​ទុកចិត្ត​ជាង និង​គួរ​ឲ្យ​ចូលចិត្ត​ជាង​បុរស​។​

​អ្នក​ផ្សាយ​ព័ត៌មាន​ជនជាតិ​អេ​ស្ប៉ា​ញ​អ្នកស្រី Dori Toribio បាន​និយាយថា បន្ថែម​ពីលើ​នេះ​ទៀត ស្ត្រី​ក៏ត្រូវ​ត្រៀមខ្លួន​ជាង​បុរស​ផងដែរ​។​

«​បញ្ហា​សម្រាប់​ស្ត្រី​នៅក្នុង​ឆាកនយោបាយ​គឺ​ដូច្នេះ​ឯង​។ អ្នក​ត្រូវតែ​ចាស់ទុំ ហើយ​តាម​ការគិត​របស់ខ្ញុំ អ្នក​ត្រូវតែ​ល្អ​ជាង​បុរស​១០​ដង ទើប​អ្នក​អាចឈាន​ទៅដល់​ចំណុច​នោះបាន​។ អ្នក​ត្រូវតែ​បង្ហាញ​ពី​សមត្ថភាព​ខ្លួនឯង​ដល់​អ្នកដទៃ​គ្រប់ពេលវេលា​»​។​

​នៅ​ថ្ងៃទី​៩​ខែវិច្ឆិកា​ខាងមុខ ពិភពលោក​នឹង​ដឹង​ហើយ​ថា តើ​អ្នកបោះឆ្នោត​អាមេរិក នឹង​ជ្រើសរើស​ស្ត្រី​ឲ្យ​ធ្វើជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដែរឬទេ​? បើ​ការណ៍​នេះ​កើតឡើង វា​នឹង​លុបបំបាត់ចោល​នូវ​ឧបសគ្គ​ដ៏​ធំ​បំផុត ដែល​រារាំង​ស្ត្រី​៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com