អន្តរជាតិ
រដ្ឋាភិបាលអង់គ្លេសត្រូវសុំយោបល់សភាសិន មុនចរចាជាមួយអឺរ៉ុប
× រដ្ឋាភិបាលចក្រភពអង់គ្លេសរបស់នាយករដ្ឋមន្ត្រី Theresa May ទទួលបរាជ័យលើសមរភូមិតុលាការ បន្ទាប់ពីតុលាការចក្រភពអង់គ្លេស សម្រេចឲ្យសភាចូលរួមក្នុងការសម្រេចចិត្តលើការចាកចេញពីសហភាពអឺរ៉ុប។ វាមានន័យថា រដ្ឋាភិបាលលោកស្រី Theresa May ត្រូវមានការយល់ព្រមពីសភាជាមុនសិន មុននឹងចាប់ផ្ដើមដំណើរការចាកចេញនោះ។ ការសម្រេចចិត្តនេះ អាចប៉ះពាល់ដល់ផែនការរបស់រដ្ឋាភិបាល ដ្បិតបើសភាចូលរួមក្នុងដំណើរការនេះដែរ ការចាកចេញមួយនេះ ពិតជាស្មុគស្មាញមិនខានឡើយ។
សូមស្ដាប់ព័ត៌មានលម្អិត៖
តុលាការចក្រភពអង់គ្លេស នៅថ្ងៃទី៣ ខែវិច្ឆិកា បានចេញសេចក្ដីសម្រេចមួយ ដែលតម្រូវឲ្យរដ្ឋាភិបាលលោកស្រីនាយករដ្ឋមន្ត្រី Theresa May ស្វែងរកការយល់ព្រមពីរដ្ឋសភាលើការអនុវត្តតាមមាត្រា៥០សន្ធិសញ្ញា Lisbon ជាមុនសិន។ ការអនុវត្តតាមមាត្រានេះ ទើបជាការចាប់ផ្ដើមផ្លូវការនៃដំណើរការចែកផ្លូវរវាងចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប ហើយវាត្រូវចំណាយពេលយ៉ាងហោចណាស់ក៏ពីរឆ្នាំដែរ។
យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters តុលាការជាន់ខ្ពស់អង់គ្លេសសម្រេចថា រដ្ឋាភិបាល ត្រូវការការគាំទ្រពីសំណាក់សភាក្នុងការអនុវត្តតាមមាត្រា៥០ នៃសន្ធិសញ្ញា Lisbon ដែលចែងពីនីតិវិធីនៃការចាកចេញនោះ។ ប្រធានតុលាការអង់គ្លេស លោក John Thomas បញ្ជាក់ថា គោលការណ៍សំខាន់ជាងគេរបស់រដ្ឋធម្មនុញ្ញ គឺសភាជាអំណាចអធិបតេយ្យរបស់ប្រទេស។
នាយករដ្ឋមន្ត្រី May ធ្លាប់បានប្រកាសហើយថា រដ្ឋាភិបាលលោកស្រី នឹងចាប់ផ្ដើមការចរចាចាកចេញជាមួយសហភាពអឺរ៉ុប នៅដើមឆ្នាំក្រោយនេះ។ ហើយលោកស្រី នឹងមានពេលរហូតដល់ពីរឆ្នាំ ដើម្បីចរចាជាមួយដៃគូស្ដីពីលក្ខខណ្ឌផ្សេងៗនៃទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប ក្រោយការចែកផ្លូវគ្នា ដែលអាចនឹងបញ្ចប់នៅត្រឹមឆ្នាំ២០១៩។
យ៉ាងណាក្ដី ការសម្រេចចិត្តខាងលើ ត្រូវបានចាត់ទុកជាបរាជ័យរបស់រដ្ឋាភិបាល ដែលចង់អារកាត់ការចរចាដើម្បីចាកចេញពីសហភាពអឺរ៉ុប ដោយមិនចាំបាច់ឆ្លងសភា។ ភ្លាមៗបន្ទាប់ពីតុលាការចេញសេចក្ដីសម្រេចបែបនេះ រដ្ឋាភិបាលអង់គ្លេសនិយាយថា ខ្លួននឹងប្ដឹងជំទាស់ការសម្រេចនេះ ទៅតុលាការកំពូលបន្តទៀត។ ហើយតុលាការកំពូលចក្រភពអង់គ្លេស នឹងបើកសវនាការលើសំណុំរឿងនេះ នៅដើមខែធ្នូខាងមុខដែរ។
១. ពេលវេលាចរចាដើម្បីចាកចេញពីសហភាពអឺរ៉ុប នឹងមិនប្រែប្រួល
ការិយាល័យនាយករដ្ឋមន្ត្រី Theresa May បានចេញមកបញ្ជាក់ថា ការសម្រេចចិត្តរបស់តុលាការទាក់ទងនឹងការចាកចេញពីសហភាពអឺរ៉ុប នឹងមិនប៉ះពាល់ដល់គម្រោងរបស់រដ្ឋាភិបាលក្នុងការចាប់ផ្ដើមការចរចាដើម្បីចាកចេញ ដែលស្របតាមមាត្រា៥០ សន្ធិសញ្ញា Lisbon ឡើយ។ មានន័យថា កាលបរិច្ឆេទដើម្បីការចរចា ដែលគ្រោងចាប់ផ្ដើមនៅដើមឆ្នាំ២០១៧ នឹងនៅតែបន្តដដែល។
ជាការពិត រដ្ឋាភិបាល មិនសប្បាយនឹងការសម្រេចចិត្តរបស់តុលាការឡើយ ដ្បិតតុលាការសម្រេចឲ្យសភា ជាអ្នកសម្រេចចិត្តលើចុងក្រោយលើកិច្ចការដ៏សំខាន់នេះ។ ប៉ុន្តែអ្នកនាំពាក្យនៃការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស បញ្ជាក់ដែរថា វានឹងគ្មានការពន្យារពេលចាកចេញឡើយ ហើយរដ្ឋាភិបាលនឹងអនុវត្តតាមមាត្រា៥០ នៃសន្ធិសញ្ញា Lisbon ទៅតាមការគ្រោងទុករបស់ខ្លួន។
អ្នកនាំពាក្យដដែលបន្តថា លោកស្រីនាយករដ្ឋមន្ត្រី នឹងប្ដេជ្ញាចិត្តគោរពតាមការសម្រេចចិត្តរបស់ប្រជាជនចក្រភពអង់គ្លេស ដែលចង់ចាកចេញពីសហភាពអឺរ៉ុប។ ហើយរដ្ឋាភិបាលនឹងបន្តអនុវត្តតាមផែនការ ក្នុងការរៀបចំការចរចាជាមួយដៃគូ ក៏ដូចជាធ្វើតាមកាលបរិច្ឆេទដែលបានកំណត់រួចហើយនោះ។ ពោលគឺការសម្រេចរបស់តុលាការ ទំនងជាមិនអាចមានឥទ្ធិពលលើផែនការរបស់រដ្ឋាភិបាលឡើយ។
២. សភា អាចបោះឆ្នោតប្រឆាំងផែនការនាយករដ្ឋមន្ត្រី Theresa May?
នៅមុន និងក្រោយការធ្វើប្រជាមតិស្ដីពីការចាកចេញនៅថ្ងៃទី២៤ ខែមិថុនា សមាជិករដ្ឋសភាអង់គ្លេសមានទំនោរប្រឆាំងនឹងការចាកចេញពីសហភាពអឺរ៉ុប។ ប៉ុន្តែចុងក្រោយនេះ សមាជិកសភាអង់គ្លេស ទំនងជាមិនបោះឆ្នោតប្រឆាំងនឹងការចាកចេញឡើយ ទាំងសមាជិកសភាបក្សអភិរក្សជាបក្សកាន់អំណាច និងសមាជិកសភាបក្សពលករ ដែលជាប្រឆាំងនោះ។
របាយការណ៍ស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Reuters បង្ហាញថា សមាជិកសភាជាច្រើន ដែលបានបោះឆ្នោតគាំទ្រអង់គ្លេសបន្តជាសមាជិកសហភាពអឺរ៉ុប អាចនឹងបោះឆ្នោតបើកផ្លូវឲ្យរដ្ឋាភិបាល អនុវត្តតាមសន្ធិសញ្ញា Lisbon ។ មួយវិញទៀត សមាជិកសភា មកពី បក្ស កាន់អំណាចអភិរក្សនិយម ក៏ទំនងជាផ្ដល់ការគាំទ្រដល់រដ្ឋាភិបាលលោកស្រី Theresa May ដ្បិតពួកគេជាសមាជិកបក្សតែមួយនោះ។
យ៉ាងណាមិញ បញ្ហាមិនមែនមានតែនៅរដ្ឋសភាឡើយ។ សូមបញ្ជាក់ថា សេចក្ដីសម្រេចរបស់តុលាការជាន់ខ្ពស់ មិនបានលើកឡើងពីនីតិវិធីនៃការចាកចេញឡើយ។ នៅពេលនេះ នាយករដ្ឋមន្ត្រី Theresa May អាចមានជម្រើសពីរយ៉ាង គឺដំណើរការបោះឆ្នោតធម្មតាដើម្បីឲ្យសមាជិកសភាសម្រេចថា គួរអនុវត្តតាមសន្ធិសញ្ញា Lisbon ឬអត់ និងការបង្កើតសេចក្ដីព្រាងច្បាប់ថ្មីមួយ ដើម្បីចាប់ផ្ដើមការចាកចេញ ដែលនេះតម្រូវឲ្យមានការជជែកដេញដោលនៅក្នុងកិច្ចប្រជុំសភា។
រដ្ឋាភិបាលអង់គ្លេស អាចឆ្លងផុតដំណាក់កាលពិភាក្សាសភា ដ្បិតនៅទីនោះខ្លួនមានសំឡេងភាគច្រើន ប៉ុន្តែនៅសភាជាន់ខ្ពស់វិញ បក្សកាន់អំណាចមិនមានសំឡេងភាគច្រើនឡើយ។ សភាជាន់ខ្ពស់អាចនឹងបោះឆ្នោតប្រឆាំងសេចក្ដីព្រាងច្បាប់ថ្មី និងបញ្ជូនត្រឡប់ទៅរដ្ឋសភាវិញ ដែលនេះតម្រូវឲ្យរយៈពេលនៃការអនុម័តច្បាប់កាន់តែអូសបន្លាយ និងឈានដល់ការពន្យារពេលគម្រោងរបស់រដ្ឋាភិបាលក្នុងការចាប់ផ្ដើមចរចាចាកចេញ៕
© រក្សាសិទ្ធិដោយ thmeythmey.com