អន្តរជាតិ
អាមេរិក នឹង​បញ្ជូន​ប្រព័ន្ធ​មី​ស៊ី​ល THAAD ទៅ​ឧបទ្វីប​កូរ៉េ ឆ្នាំក្រោយ​
04, Nov 2016 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​មន្ត្រី​យោធា​ជាន់ខ្ពស់​ក្រុង​វ៉ាស៊ីនតោន បាន​បញ្ជាក់ថា ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD នឹងត្រូវ​ពង្រាយ​ទៅកាន់​ទឹកដី​កូរ៉េខាងត្បូង​ក្នុង​រយៈពេល​ពី ៨ ទៅ ១០​ខែ​ខាងមុខ​។ អាមេរិក​អះអាងថា ខែល​ការពារ​មី​ស៊ី​ល​ត្រូវ​ដំឡើង​នៅ​កូរ៉េខាងត្បូង​ដើម្បី​ប្រឆាំង​កូរ៉េខាងជើង តែ​វា​មានការ​ជំទាស់​ពី​ប្រទេសជិតខាង​មាន​ចិន និង​រុស្ស៊ី​ដែរ​។​



សូមស្ដាប់ព័ត៌មានលម្អិត៖




​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD របស់​អាមេរិក​នឹងត្រូវ​បញ្ជូន​ទៅកាន់​កូរ៉េខាងត្បូង​ក្នុង​រយៈពេល ៨ ទៅ ១០ ខែ​ខាងមុខនេះ ដើម្បី​ការពារ​សុវត្ថិភាព​កូរ៉េខាងត្បូង​។ ហើយ​ការពង្រាយ​សព្វាវុធ​ប្រភេទ​នេះ ក៏​កើតឡើង​ស្រប​ពេលដែល​ក្រុង​ព្យុងយ៉ាង​បន្ត​បង្ករឿង​ដោយ​បាញ់​សាកល្បង​មី​ស៊ី​ល​ជា​បន្តបន្ទាប់​កន្លងមក​ដែរ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ Yonhap មេបញ្ជាការ​កងទ័ព​អាមេរិក Vincent Brooks ជា​អ្នក​បង្ហើប​ពី​កាលបរិច្ឆេទ​ផ្លូវការ​នៃ​ការពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ​ទៅកាន់ កូរ៉េខាងត្បូង​។ មន្ត្រីជាន់ខ្ពស់​រូបនេះ​បាន​អះអាងថា ការពង្រាយ​អាវុធ​យុទ្ធសាស្ត្រ​ទៅ ឧបទ្វីប​កូរ៉េ​នេះ​នឹង​ជួយ​បង្កើន​សមត្ថភាព​និង​យុទ្ធសាស្ត្រ​ក្នុងការ​ទប់ទល់​ការបង្ក​រឿង​របស់​ក្រុង​ព្យុងយ៉ាង​។​

​ប្រព័ន្ធ​មី​ស៊ី​ល​ដែល​នឹងត្រូវ​ទៅ​ឈរជើង​នៅ​កូរ៉េខាងត្បូង​មាន​ទំហំ​ធំ​ជាង​ប្រព័ន្ធ​មី​ស៊ី​ល​ដែល​អាមេរិក​បញ្ជូន​ទៅកាន់​កោះ Guam ។

​យ៉ាងណា​ក៏ដោយចុះ ខាង​ភាគី​កូរ៉េខាងត្បូង មិនបាន​បញ្ជាក់ថា វា​ជា​ព័ត៌មាន​ពិត​ឬ​យ៉ាងណា​ឡើយ ប៉ុន្តែ​គេ​ទទួលស្គាល់ថា កូរ៉េខាងត្បូង​និង​អាមេរិក​បន្ត​ជជែក​ពិភាក្សាគ្នា​លើ​ពេលវេលា​ក្នុងការ​ពង្រាយ​អាវុធ​យុទ្ធសាស្ត្រ​នេះ​នៅឡើយ​។ ប៉ុន្តែ​កូរ៉េខាងត្បូង​ធ្លាប់​បង្ហើប​ថា​អាវុធ​នេះ​មកដល់​កូរ៉េខាងត្បូង​យ៉ាងហោចណាស់​ក៏​ចុងឆ្នាំ​នេះដែរ​។

​តាមពិតទៅ អាមេរិក និង​កូរ៉េខាងត្បូង​បាន​ឯកភាពគ្នា​ពាក់ព័ន្ធ​ការពង្រាយ​ខែល​ការពារ​មី​ស៊ី​ល​កន្លងមក​ក្រោមលេស​ប្រឆាំង​ក្រុង​ព្យុងយ៉ាង ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​យល់ស្រប​ឡើយ​។ ចិន​ខឹង ហើយ​គិតថា ការពង្រាយ​អាវុធ​យុទ្ធសាស្ត្រ​ប្រភេទ​នេះ​មក​កូរ៉េខាងត្បូង​ដែល​នៅ​មិន​ឆ្ងាយ​ពី​ព្រំដែន​ខ្លួន​ជា​យុទ្ធសាស្ត្រ​របស់​អាមេរិក​ក្នុងការ​ហ៊ុមព័ទ្ធ​ខ្លួន​តែប៉ុណ្ណោះ​។  វា​ជា​រឿង​សមស្រប​ព្រោះថា ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ​ទំនើប និង​មានអំណាច​ខ្លាំង ដោយ​វា​បំពាក់​នូវ​រ៉ា​ដា​ដែល​អាច​មើលឃើញ​ដល់​ទឹកដី​ចិន​បាន​យ៉ាង​ងាយ​។ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ វា​ក៏​គំរាមកំហែង​ដល់​សន្តិសុខ​ចិន​ផងដែរ​។

​យ៉ាងណាមិញ ដោយ​សារភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ និង​ការបន្ត​សកម្មភាព​បង្ករឿង​ឥតមាន​ឈប់ឈរ​របស់​ក្រុង​ព្យុង​យ៉ាងនេះ បាន​បង្កក្តី​បារម្ភ​ដល់​ប្រជាជន​កូរ៉េ​ទូទៅ​ខ្លាំង​។ ប្រជាជន​មួយ​ភាគ​ធំ​យល់ថា កូរ៉េខាងត្បូង​គួរ​មាន​អាវុធ​នុយក្លេអ៊ែរ​ខ្លួនឯង ឬ​មិន​ដូច្នេះ​ទេ អាច​សុំ​ឲ្យ​អាមេរិក​ដំឡើង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​អាមេរិក​ឡើងវិញ​ដើម្បី​គំរាម​កូរ៉េខាងជើង​នោះ​។

​ទាក់ទិន​ការផលិត​អាវុធ​នុយក្លេអ៊ែរ​ខ្លួនឯង​នេះ វា​អាចទៅរួច​ដែរ បើសិនជា​លោក ដូ​ណា​ល់ ត្រាំ ជាប់ឆ្នោត​ជា​ប្រធានាធិបតី​។ លោក​ធ្លាប់​អះអាងថា គោលនយោបាយ​របស់លោក គឺ​អនុញ្ញាត​ឲ្យ​សម្ព័ន្ធមិត្ត​នៅ​អាស៊ី​ដូចជា​កូរ៉េ​និង​ជប៉ុន​មាន​អាវុធ​នុយក្លេអ៊ែរ​ខ្លួនឯង ដើម្បី​ការពារ​សុវត្ថិភាព ព្រោះ​អាមេរិក​នឹង​អាច​កាត់បន្ថយ​ការចំណាយ​បាន​ច្រើន​។​

​មកដល់​ពេលបច្ចុប្បន្ន​នេះ កូរ៉េខាងត្បូង​មិនទាន់មាន​គម្រោង​ថា នឹង​ស្នើសុំ​ឲ្យ​អាមេរិក​បញ្ជូន​នុយក្លេអ៊ែរ​មក​កូរ៉េខាងត្បូង​វិញ​ឡើយ​។

​សូម​រម្លឹក​បន្តិច​ដែរ​ថា មុន​ចប់​សង្គ្រាមត្រជាក់​អាមេរិក​មាន​អាវុធ​នុយក្លេអ៊ែរ​នៅក្នុង​ទឹកដី​កូរ៉េខាងត្បូង ប៉ុន្តែ​ប្រធានាធិបតី George H.W. Bush បានសម្រេច​ដក​អាវុធ​នេះ​ចេញ​នៅក្នុង​ឆ្នាំ ១៩៩១៕


© រក្សាសិទ្ធិដោយ thmeythmey.com