អន្តរជាតិ
អាមេរិក ប្រាប់​អង់គ្លេស​និង​អឺរ៉ុប ឲ្យ​ចេះ​បត់បែន​ជុំវិញ​ការចរចា​ចែកផ្លូវ​គ្នា​
04, Nov 2016 , 9:59 pm        
រូបភាព
​អ្នកនាំពាក្យ​សេត​វិមាន​អាមេរិក បាន​ទទូច​ឲ្យ​សហភាព​អឺរ៉ុប និង​ចក្រភព​អង់គ្លេស ត្រូវ​ចេះ​បត់បែន​តាម​កាលៈទេសៈ​ក្នុង​ការចរចា​ស្ដីពី​ការចាកចេញ​របស់​ចក្រ​ភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​។ អ្នកនាំពាក្យ​សេត​វិមាន លើកឡើង​ដូចនេះ​បន្ទាប់ពី​តុលាការ​ចក្រភព​អង់គ្លេស បានចេញ​សេចក្ដីសម្រេច​មួយ ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​អង់គ្លេស ស្វែងរក​ការយល់ព្រម​ពី​រដ្ឋសភា​លើ​ការអនុវត្ត​តាម​មាត្រា​៥០​សន្ធិសញ្ញា Lisbon ។​



​លោក Eric Schultz អ្នកនាំពាក្យ​សេត​វិមាន​អាមេរិក បានស្នើ​ឲ្យ​អឺរ៉ុប និង​ចក្រភព​អង់គ្លេស បន្ត​ការចរចា​ដែល​អាច​បត់បែន​ទៅ​ស្ថានភាព​ដែល​ប្រែប្រួល ក៏ដូចជា​ចូលរួម​កិច្ចចរចា​ដែល​អាច​ចេញ​ជា​លទ្ធផល  មាន​តម្លាភាព និង​ប្រព្រឹត្ត​ទៅដោយ​រលូន​។ លោក Eric Schultz ស្នើ​ដូច្នេះ​ក្រោយ​តុលាការ​ជាន់ខ្ពស់​អង់គ្លេស សម្រេច​ឲ្យ​សភា​ចូលរួម​សម្រេចចិត្ត​លើ​ដំណើរការ​របស់​រដ្ឋាភិបាល​ក្នុងការ​អនុវត្តតាម​សន្ធិសញ្ញា Lisbon ។​

​ថ្លែងប្រាប់​អ្នកកាសែត​នៅលើ​យន្តហោះ Air Force One នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា អ្នកនាំពាក្យ​រូបនេះ​បន្តថា ក្រុង​វ៉ាស៊ីនតោន បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​ការអភិវឌ្ឍ​ថ្មីៗ​ទាំងឡាយ ព្រមទាំង​ធ្វើការ​ជាមួយ​មន្ត្រី​នៅ​ក្រុង​ឡុង​ដ៍ និង​ក្រុង​ព្រុ​ច​សែ​ល ដើម្បី​ធានាថា ការចាកចេញ​របស់​អង់គ្លេស មិន​ប៉ះពាល់​ទីផ្សារ​ហិរញ្ញវត្ថុ​ឡើយ​។ លោក Eric Schultz បន្តថា ទំនាកទំនង​ពិសេស​រវាង​អាមេរិក និង​ចក្រភព​អង់គ្លេស នឹង​នៅតែ​បន្ត​ទៅមុខ​។

​អ្នកនាំពាក្យ​ដដែល​នេះ បញ្ជាក់ទៀតថា​៖ «​ទំនាក់ទំនង​ពិសេស​នេះ គឺជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​ការបរទេស​របស់​អាមេរិក​។ មិន​ត្រឹមតែ​ចក្រភព​អង់គ្លេស​ទេ សូម្បីតែ​សហភាព​អឺរ៉ុប ក៏​នៅតែ​ដៃគូ​មិនអាច​បំបែក​បាន​របស់​អាមេរិក ទាំង​ការជំរុញ​កំណើនសេដ្ឋកិច្ច ក៏ដូចជា​ការដោះស្រាយ​បញ្ហា​ទាំង​ក្នុង​តំបន់ និង​វិបត្តិ​ពិភព​លោកធំៗ ដែល​កំពុង​ផ្ទុះឡើង​ឥតឈប់ឈរ​នោះ​។​»

​សូមបញ្ជាក់ថា ចៅក្រម​ជាន់ខ្ពស់​របស់​តុលាការ​អង់គ្លេស បានចេញ​សេចក្ដីសម្រេច​មួយ​ថា រដ្ឋាភិបាល​របស់លោក​ស្រី​នាយករដ្ឋមន្ត្រី Theresa May គ្មាន​សិទ្ធិ​អនុវត្តតាម​មាត្រា​៥០ នៃ​សន្ធិសញ្ញា Lisbon ដោយ​ឯកឯង និង​គ្មាន​ការគាំទ្រ​ពី​សំណាក់​សភា​ឡើយ​។ ការសម្រេចចិត្ត​បែបនេះ ទំនងជា​ពន្យារពេល​នៃ​ដំណើរការ​ចរចា​របស់​អង់គ្លេស ជាមួយ​សហភាព​អឺរ៉ុប ខណៈ​លោកស្រី Theresa May គ្រោង​នឹង​ចាប់ផ្ដើម​ការចរចា​នៅ​ដើមឆ្នាំ​២០១៧ ។​

​យ៉ាងណាក្ដី រដ្ឋាភិបាល​អង់គ្លេស ក៏បាន​ប្ដឹង​ជំទាស់​នឹង​សេចក្ដីសម្រេច​ខាងលើនេះ​រួចហើយ​ទៅកាន់​តុលាការ​កំពូល​។ រយៈពេល​នៃ​ដំណើរការ​ក្ដី​លើក​នេះ អាច​នឹងត្រូវ​ចំណាយពេល​យូរ​ទៅទៀត ដ្បិត​តុលាការ​កំពូល​នឹង​បើកសវនាការ​នៅ​ដើ​មែ​ក្រោយ ហើយ​ការសម្រេចចិត្ត​យ៉ាងណា​នោះ នឹង​ពន្យារពេល​ផែនការ​របស់​រដ្ឋាភិបាល ដែល​ចង់​ផ្ដើម​ចរចា​ជាមួយ​អឺរ៉ុប​នៅត្រឹម​ខែមីនា ឆ្នាំ​២០១៧ ៕


Tag:
 ​អាមេរិក​
  អង់គ្លេស​
  អឺរ៉ុប​
  Brexit
© រក្សាសិទ្ធិដោយ thmeythmey.com