អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកស្រី យី​ង​ឡាក់ សម្រក់​ទឹកភ្នែក ព្រោះ​គ្មាន​លុយ​បង់ប្រាក់​ពិន័យ​ជិត​មួយ​ពាន់​លាន​ដុល្លារ​
05, Nov 2016 , 10:03 am        
រូបភាព
អតីតនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត្រា (រូបភាពហ្វេសប៊ុក Yingluck Shinawatra)
អតីតនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត្រា (រូបភាពហ្វេសប៊ុក Yingluck Shinawatra)
 
 
​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា នៅ​ថ្ងៃទី​៣ ខែតុលា បាន​សម្រក់​ទឹកភ្នែក​នៅ​ចំពោះមុខ​ប្រជាជន​ថៃ ព្រោះ​លោកស្រី មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​សង​ប្រាក់​ចំនួន​៣៥​ពាន់​លាន​បាត (​ជិត​មួយ​ពាន់​លាន​ដុល្លារ​) ដល់​រដ្ឋាភិបាលយោធា​ឡើយ​។ ទឹកប្រាក់​សន្ធឹកសន្ធាប់​នេះ គឺជា​ប្រាក់​ពិន័យ​ដែល​របប​យោធា​តម្រូវ​ឲ្យ​លោកស្រី​សង ជុំវិញ​រឿង​ពុករលួយ​ក្នុង​គម្រោង​ទិញស្រូវ​អង្ករ អំឡុងពេល​លោកស្រី​នៅ​ធ្វើជា​នាយករដ្ឋមន្ត្រី​។​

 
​លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ដែល​ត្រូវ​ក្រុម​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​តំណែង​ក្នុង​ឆ្នាំ​២០១៤ បានធ្វើ​ដំណើរ​ទៅកាន់​តំបន់​ភាគ​ឦសាន ដើម្បី​ពិនិត្យមើល​ស្ថានភាព​កសិករ​ថៃ ដែល​កំពុង​ជួប​បញ្ហា​តម្លៃ​អង្ករ​ធ្លាក់ចុះ​។ នៅ​ទីនោះ លោកស្រី​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ ត្រូវបាន​កសិករ​ថៃ​មកពី​ខេត្ត​ស៊ីសាកេត សួរនាំ​ពី​ជំហរ​របស់​លោកស្រី ទាក់ទង​នឹង​ការទាមទារ​សង​ប្រាក់​របស់​រដ្ឋាភិបាល​ថៃ​។​
 
​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ បាន​ឆ្លើយ​សារភាព​ដោយ​ទឹកភ្នែក​ថា​៖ «​ខ្ញុំ​មិនដឹង​ទៅរក​លុយ​មកពីណា​ឡើយ​។ វា​ពិតជា​ច្រើន​ខ្លាំងណាស់​។​» លោកស្រី យី​ង​ឡាក់ ឆ្លើយ​ទាំង​ទឹកភ្នែក​ដូចនេះ ដ្បិត​លោកស្រី ត្រូវ​របប​យោធា​បង្គាប់​ឲ្យ​សង​ប្រាក់​ដល់​ទៅជិត​មួយ​ពាន់​លាន​ដុល្លារ សម្រាប់​ថ្លៃ​ខូចខាត​នៃ​គម្រោង​ទិញ​អង្ករ​របស់​រដ្ឋបាល​លោកស្រី ដែល​ត្រូវបាន​អះអាងថា ធ្វើ​ឲ្យ​រដ្ឋ​បាត់បង់​ប្រាក់​រាប់សិប​លាន​បាត​នោះ​។​
 
​សារព័ត៌មាន The Nation ផ្សាយ​ថា ក្រៅពី​ខេត្ត​ស៊ីសាកេត លោកស្រី យី​ង​ឡាក់ ក៏បាន​ធ្វើដំណើរ​ទៅកាន់​ខេត្ត​អ៊ូ​បុ​ន​រាជធានី​។ ប៉ុន្តែ​អ្វីដែល​កាន់​រំជួល​អារម្មណ៍ កសិករ​ខ្លះ​ក្នុង​ខេត្ត​នេះ បាន​សុំ​ជួយ​ចេញ​លុយ​ឲ្យ​លោកស្រី ដើម្បី​សង​ប្រាក់​ពិន័យ​របស់​រដ្ឋាភិបាល​ថៃ​។ អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​និយាយថា លោកស្រី​គ្មានអ្វី​ត្រូវ​ថ្លែង​ឡើយ​។ កសិករ​ទាំងនេះ កំពុង​រងគ្រោះ​ស្រាប់​ផង ប៉ុន្តែ​ពួកគេ​នៅតែមាន​សមានចិត្ត និង​ចង់​ជួយ​លោកស្រី​ទៀត​។​
 
​ប្រភព​ជិតស្និទ្ធ​លោកស្រី យី​ង​ឡាក់ បញ្ជាក់ថា លោកស្រី​ធ្វើដំណើរ​ទៅកាន់​ខេត្ត​នេះ ដើម្បី​ជួយ​ទិញ​អង្ករ​ពី​កសិករ​រងគ្រោះ​ទាំងនោះ និង​មាន​គម្រោង​យកទៅលក់​បន្ត​នៅ​ក្រុង​បាងកក​។ ប្រសិនបើ​គម្រោង​នេះ​ដំណើរការ លោកស្រី​នឹង​រៀបចំ​ឲ្យ​កសិករ​ទាំងនោះ ទៅ​លក់​អង្ករ​នៅ​បាងកក​ផ្ទាល់​តែម្ដង ដ្បិត​កសិករ​ក្នុង​ខេត្ត​នេះ ប្រមូល​ផល​រួចរាល់​មុន​ខេត្ត​ដទៃ ហើយ​លោកស្រី​នឹង​ផ្ដល់​ទីតាំង​សម្រាប់​លក់ ក៏ដូចជា​ហិរញ្ញវត្ថុ​ខ្លះ​ផងដែរ​។​
 
​ទាក់ទង​បញ្ហា​នេះ អតីត​នាយករដ្ឋមន្ត្រី​ស្ត្រី​ថៃ​អះអាងថា លោកស្រី គ្រាន់តែ​ចង់​ជួយ​កសិករ​ប៉ុណ្ណោះ បើទោះជា​សព្វថ្ងៃ បក្ស​លោកស្រី មិនមែនជា​បក្ស​កាន់អំណាច​ក៏ដោយ​។ លោកស្រី​បន្តថា នៅពេលនេះ តម្លៃ​ស្រូវ​អង្ករ​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​១០​ឆ្នាំនេះ​។ ដូច្នេះ​លោកស្រី​ចង់​ជួយ​ពួកគេ និង​ផ្ដល់​ការគាំទ្រ​ផ្នែក​ស្មារតី​ដល់​ពួកគេ​។ 
 
​សូម​រម្លឹកថា រដ្ឋាភិបាលយោធា​ថៃ បានចេញ​បញ្ជា​ឲ្យ​រឹបអូស​ទ្រព្យសម្បត្តិ​លោកស្រី និង​ពិន័យ​ជា​ប្រាក់​ចំនួន​៣៥​ពាន់​លាន​បាត ដែល​ស្មើនឹង​៩៩៦.៨៧​លាន​ដុល្លារ ជុំវិញ​សំណុំរឿង​ទិញ​អង្ករ​ក្នុង​តម្លៃថោក ពេល​លោកស្រី​កាន់អំណាច​។ គម្រោង​ទិញ​អង្ករ​នេះហើយ ដែល​ធ្វើ​ឲ្យ​លោកស្រី​កើន​ប្រជាប្រិយ​ភាពខ្លាំង​។ ប៉ុន្តែ​លោកស្រី​ទាត់ចោល​ការចោទប្រកាន់​នេះ នឹង​ប្ដឹងទៅ​តុលាការ​កំពូល​ផងដែរ​៕    
 
 
 
  

© រក្សាសិទ្ធិដោយ thmeythmey.com