អន្តរជាតិ
នយោបាយអន្តរជាតិ
សមុទ្រចិនខាងត្បូង៖ ប្រធានាធិបតីឥណ្ឌូណេស៊ីថា គ្មានការសម្រុះសម្រួលអ្វីទាំងអស់
×
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) នៅថ្ងៃទី៥ ខែវិច្ឆិកា បានប្រកាសខ្លាំងៗថា លោកនឹងមិនសម្រុះសម្រួលអ្វីទាំងអស់លើអធិបតេយ្យប្រទេសរបស់លោកក្នុងតំបន់ប្រទាញប្រទង់នៅសមុទ្រចិនខាងត្បូង។ ប្រធានាធិបតីឥណ្ឌូណេស៊ី ប្រកាសខ្លាំងដូចនេះ នៅមុនដំណើរទស្សនកិច្ចទៅកាន់អូស្ត្រាលី ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់អាមេរិក។
ជាថ្មីម្ដងទៀតនោះ ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ បានប្រកាសពីជំហរប្រទេសរបស់លោកទាក់ទងនឹងជម្លោះដែនដីនៅសមុទ្រចិនខាងត្បូង ដោយលោកបញ្ជាក់ថា គ្មានអ្វីត្រូវព្រមព្រៀង ឬស៊ីសងលើបញ្ហាអធិបតេយ្យប្រទេសឡើយ។ បើទោះជាលោកមិននិយាយចំក៏ដោយ គេអាចដឹងថា ប្រធានាធិបតីឥណ្ឌូណេស៊ី ចង់សំដៅដល់ជម្លោះទឹកដីនៅសមុទ្រខាងត្បូងជាមួយចិនតែម្ដង។
ទីភ្នាក់ងារព័ត៌មាន Reuters ផ្សាយថា លោក ចូកូ វីដូដូ ថ្លែងដូចនេះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Julia Bishop លើកឡើងពីការពិចារណាក្នុងការល្បាតរួមគ្នានៅសមុទ្រចិនខាងត្បូងរវាងអូស្ត្រាលី និងឥណ្ឌូណេស៊ី។ ចិន បានទាមទារដែនសមុទ្រស្ទើរទាំងស្រុង ដែលសម្បូរដោយភោគទ្រព្យហូរហៀរ និងជាផ្លូវពាណិជ្ជកម្មដ៏មមាញឹក។ ព្រុយណេ ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និងតៃវ៉ាន់ សុទ្ធតែជាភាគីទាមទារទាំងអស់។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានអូស្ត្រាលី ABC នៅថ្ងៃទី៥ ខែវិច្ឆិកា ប្រធានាធិបតីឥណ្ឌូណេស៊ីនិយាយថា៖ «ទាក់ទងនឹងអធិបតេយ្យឥណ្ឌូណេស៊ី ខ្ញុំមិនសម្រុះសម្រួលអ្វីទាំងអស់។ ពោលគឺមិនសម្រុះសម្រួលដាច់ខាតតែម្ដង។»
តាមពិតទៅ ឥណ្ឌូណេស៊ី តែងតែមានជំហររឹងមាំទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូង ហើយជាញឹកញយនោះ ឥណ្ឌូណេស៊ីក៏ខ្វែងគំនិតជាមួយចិនដែរ។ កាលពីខែមុន យន្តហោះចម្បាំងឥណ្ឌូណេស៊ី បានធ្វើសមយុទ្ធទ្រង់ទ្រាយធំក្នុដែនទឹកក្បែរប្រជុំកោះ Natuna ក្រោយទូកនេសាទឥណ្ឌូណេស៊ី ប្រឈមមុខជានាវាល្បាតចិន នៅចុងភាគខាងត្បូងសមុទ្រមានជម្លោះនេះ។
បើទោះជាក្រុងប៉េកាំង និងក្រុងហ្សារកាតា មិនមានជម្លោះលើកោះ Natuna ក៏ដោយ ក្រុងប៉េកាំងធ្លាប់ប្រកាសថា ភាគីទាំងពីរបានទាមទារត្រួតស៊ីគ្នាលើដែនទឹកក្បែរប្រជុំកោះនោះ ដែលរឿងនេះធ្វើឲ្យក្រុងហ្សារកាតាខឹងសម្បារយ៉ាងខ្លាំង។ ដោយសារបញ្ហានេះ ទើបអូស្ត្រាលី និងឥណ្ឌូណេស៊ី ពិចារណាធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់ឥទ្ធិពលដ៏ខ្លាំងរបស់មហាយក្សចិន៕
Tag:
ឥណ្ឌូណេស៊ី
ចិន
សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com