អន្តរជាតិ
ឆ្មា​មួយ​ក្បាល​រួច​ផុតពី​មរណៈ ដោយសារ​វេជ្ជបណ្ឌិត​ម្នាក់​ប្រឹងប្រែង​ម៉ាស្សា​បេះដូង​ឲ្យ​វា​
05, Nov 2016 , 8:19 pm        
រូបភាព
ដោយ: ធីតា
 
 
 
​ជួប​គ្រោះថ្នាក់​នៅ​នឹង​ទ្វារ​ក្នុង​គ្លី​នី​កមួយ​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ប្រទេស​តួ​ក​គី សត្វ​ឆ្មា​មួយ​ក្បាល​ស្ទើរតែ​រងគ្រោះថ្នាក់​បាត់បង់​ជីវិត​។ ចៃដន្យ​ល្អ វា​ត្រូវបាន​គ្រូពេទ្យ​ផ្នែក​សង្គ្រោះបន្ទាន់​ម្នាក់ ស្រោចស្រង់​ជីវិត តាមរយៈ​ការធ្វើ​ម៉ាស្សា​បេះដូង ហើយក៏​រស់រានមានជីវិត​ដូច​ធម្មតា​។​

 
​ទស្សនា​វីដេអូ​ដូចខាងក្រោម​៖
 

​ជា​រឿង​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​សត្វ​ឆ្មា​មួយ​ក្បាល​ដែល​ទទួលបាន​នូវ​ការយកចិត្តទុកដាក់​ខ្លាំង​បំផុត​ពី​មនុស្ស​។ កាលពី​ថ្ងៃទី​២៧ ខែតុលា បុរស​ម្នាក់​បាន​បាន​ដើរ​ចេញពី​គ្លីនិក​មួយ​ដោយបាន​ច្រាន​ទ្វារ​ទៅ​គាប​នឹង​សត្វ​ឆ្មា​មួយ​ក្បាល​។ កា​ម៉េ​រ៉ា​សុវត្ថិភាព​បង្ហាញ​ឲ្យ​ឃើញថា សត្វ​ឆ្មា​បាន​រងគ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​ដោយ​ស្ថិតនៅ​ចន្លោះ​ទ្វារ និង​ជញ្ជាំង​។​
 
​យោងតាម​ការផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន​តួ​ក​គី IHA ប៉ុន្មាន​នាទី​ក្រោយ មនុស្ស​ដែល​នៅក្បែរនោះ បាននាំគ្នា​ជួយសង្គ្រោះ​សត្វ​ឆ្មា ដោយ​ក្នុងនោះ​មាន​លោក​វេជ្ជបណ្ឌិត Halil Akyurek ជំនាញ​ផ្នែក​សង្គ្រោះ​បឋម​ប្រចាំ​គ្លីនិក Ozel Akgun Tem ផ្ទាល់​។​
 
​លោក Halil Akyurek បាន​រៀបរាប់ថា ក​របស់​ឆ្មា រង​ការ​គាប​យ៉ាងខ្លាំង ដែល​ធ្វើ​ឲ្យ​វា​ពិបាក​ដកដង្ហើម ហេតុដូច្នេះ​ហើយ​បានជា​លោក​ចាប់ផ្តើម​ម៉ាស្សា​បេះដូង​ឲ្យ​វា​។ បន្ទាប់ពី​ទទួលបាន​ការសង្គ្រោះ​បន្ទាន់ សត្វ​ឆ្មា​ដឹងខ្លួន​ឡើងវិញ ហើយ​លោក Akyurek បាន​យក​វា​ចូលក្នុង​គ្លីនិក​ដើម្បី​ដាក់​អុកស៊ីសែន​។​
 
​លោក Akyurek បាន​សុំ​ជំនួយ​ពី​មិត្តភក្តិ​របស់លោក​ម្នាក់​ដែលជា​ពេទ្យសត្វ ដោយ​ស្នើ​ឲ្យ​មានការ​ព្យាបាល និង​ប្រើប្រាស់​ថ្នាំ​តាម​ស្តង់ដា​។ សត្វ​ឆ្មា​ជា​ឡើងវិញ​ដូច​ធម្មតា ហើយ​លោក Akyurek ផ្ទាល់​បានសម្រេច​យក​វា​ទៅ​ចិញ្ចឹម​បីបាច់ ដោយ​ដាក់ឈ្មោះថា «Mucize» (​ភាសា​តួ​ក​គី និង​មានន័យ​ជា​ភាសា​ខ្មែរ​ថា អព្ភូតហេតុ​)​។​
 
​លោក Akyurek បាន​អះអាងថា​៖ «​ខ្ញុំ​ត្រូវ​ផ្តល់​សេចក្តី​គ្រប់បែបយ៉ាង​ដល់​ឆ្មា​នោះ ហើយ​ចាំ​ឆ្លើយតប​ជានិច្ច​នៅ​រាល់​តម្រូវការ​របស់​វា​»៕ 
 ​





 

Tag:
 ប្លែកៗ​
  ឆ្មា
© រក្សាសិទ្ធិដោយ thmeythmey.com