អន្តរជាតិ
នយោបាយអន្តរជាតិ
តារាល្បីៗចូលរួមយុទ្ធនាការជាមួយលោកស្រី គ្លីនតុន ឯលោក ត្រាំ ធ្វើតែឯង
×
តារាល្បីៗអាមេរិកជាច្រើននាក់ បានចូលរួមក្នុងយុទ្ធនាការរបស់បេក្ខជនប្រធានាធិបតីអាមេរិកបក្សប្រជាធិបតេយ្យ លោកស្រី ហ៊ីឡារី គ្លីនតុន នៅថ្ងៃទី៤ ខែវិច្ឆិកា ខណៈដែលការបោះឆ្នោតកាន់តែខិតជិតមកដល់ហើយនោះ។ ដោយឡែកនៅលើឆាកយុទ្ធនាការរបស់បេក្ខជនមកពីបក្សសាធារណរដ្ឋវិញ គេឃើញមានតែសេដ្ឋីអចលនទ្រព្យលោក ដូណាល់ ត្រាំ ម្នាក់ឯងប៉ុណ្ណោះ។
បេក្ខជនប្រធានាធិបតីទាំងពីរបក្ស កំពុងប្រឹងធ្វើយុទ្ធនាការរៀងៗខ្លួន ដ្បិតការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នឹងមកដល់ពេលខ្លីខាងមុខនេះហើយ។ ដូចសព្វមួយដងនោះ នៅក្នុងការធ្វើយុទ្ធនាការនៅថ្ងៃទី៤ ខែវិច្ឆិកា ទាំងលោកស្រី ហ៊ីឡារី គ្លីនតុន និងលោក ដូណាល់ ត្រាំ បានបន្តវាយប្រហារគ្នាទៅវិញទៅមក ដោយលើកនេះ បេក្ខជនទាំងពីររិះគន់គ្នាលើបញ្ហាសេដ្ឋកិច្ច និងចំនួនការងារនៅអាមេរិក។
បេក្ខជនបក្សប្រជាធិបតេយ្យ លោកស្រី គ្លីនតុន បានបញ្ចប់យុទ្ធនាការរបស់លោកស្រីជាមួយនឹងកម្មវិធីតន្ត្រីនៅឯរដ្ឋ Cleveland ។ តារាចម្រៀងល្បីជាច្រើនបានចូលរួមជាមួយលោកស្រី ដូចជាតារាចម្រៀងរ៉េប Jay Z និងប្រពន្ធ Beyoncé តារារ៉េប Big Sean តារាចម្រៀង Chance the Rapper និងលោក J. Cole ជាដើម។ លោកស្រីនិយាយនៅពេលប្រគំតន្ត្រី ថា មានការងារជាច្រើន ត្រូវធ្វើ និងមានរបាំងជាច្រើនដែលត្រូវបំបែក។
ក្រឡេកទៅមើលបេក្ខជនបក្សសាធារណរដ្ឋវិញ នៅលើឆាកយុទ្ធនាការរបស់លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Pennsylvania នៅថ្ងៃទី៤ ខែវិច្ឆិកានោះ មិនមានតារាល្បីណាចូលរួមឡើយ។ លោក ត្រាំ និយាយឌឺដងឲ្យលោកស្រី គ្លីនតុន ថា៖ «ខ្ញុំមកទីនេះតែម្នាក់ឯង។ គ្មានហ្គីតា គ្មានព្យ៉ាណូ គ្មានអ្វីទាំងអស់។ បើតាមទីភ្នាក់ងាព័ត៌មាន AP សេដ្ឋីអចលនទ្រព្យរូបនេះនិយាយទៀតថា លោកមិនបាននាំតារាល្បីដូចជា Jay Z ឬ J-Lo មកឡើយ។
លោកស្រី គ្លីនតុន និងលោក ត្រាំ បន្តធ្វើយុទ្ធនាការស្វែងរកសំឡេងឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកា នៅក្នុងរដ្ឋ Florida ដើម្បីទាក់ទាញសំឡេងឆ្នោតនៅទីនោះ ជាពិសេសពីក្រុមអ្នកបោះឆ្នោតដើមកំណើតឡាទីន។ បេក្ខជនបក្សប្រជាធិបតេយ្យ ហាក់ប្រឹងប្រែងខ្លាំង ដ្បិតបក្សប្រជាធិបតេយ្យមានការគាំទ្រទាបក្នុងសមរភូមិសំខាន់ក្នុងរដ្ឋ Ohio ដែលលម្អៀងទៅរកបក្សសាធារណរដ្ឋ។
កាប្រគំតន្ត្រី ត្រូវគេមើលឃើញថា ជាយុទ្ធសាស្ត្រទាក់ទាញមួយរបស់លោកស្រី គ្លីនតុន។ នៅថ្ងៃទី៥ ដដែល លោកស្រី គ្លីនតុន នឹងបន្តចូលរួមការប្រគំតន្ត្រីនៅរដ្ឋ Philadelphia ដោយមានការចូលរួមពីតារាល្បីៗដូចជា Steve Wonder និង Katty Perry ជាដើម។ បេក្ខជនប្រធានាធិបតិរូបនេះ ទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់តារាល្បីៗ បន្ថែមពីការប្រកាសគាំទ្រពីសំណាក់ឥស្សរជននយោបាយជាច្រើនរូបទៀត៕
Tag:
អាមេរិក
Hilary Clinton
Donald Trump
© រក្សាសិទ្ធិដោយ thmeythmey.com