អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
យី​ង​ឡាក់ យក​អង្ក​រម​កល​ក់នៅ​បាងកក ជួយ​កសិករ​ពេល​អង្ករ​ធ្លាក់​ថ្លៃ​
06, Nov 2016 , 11:24 am        
រូបភាព
រូបភាព៖ គណនីហ្វេសប៊ុកលោកស្រី Yingluck Shinawatra
រូបភាព៖ គណនីហ្វេសប៊ុកលោកស្រី Yingluck Shinawatra
ដោយ: ថ្មីៗ
​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា បាន​បើ​លក់​អង្ករ​ទៅ​ឲ្យ​ប្រជាជន​ថៃ​នៅ​ទីក្រុង​បាងកក ក្រោយពេល​លោកស្រី​ប្រមូល​ទិញ​អង្ក​ទាំងនោះ​ពី​ប្រជាកសិករ​ថៃ​នៅតាម​ទីជនបទ​នោះ​។ ការប្រមូល​ទិញស្រូវ​អង្ករ​នេះ​ជា​សកម្មភាព​ជួយ​គាំទ្រ​កសិករ​ថៃ​ដែល​កំពុង​ប្រឈមមុខ​បញ្ហា​ធ្លាក់​ថ្លៃ​នៃ​តម្លៃ​ស្រូវ​អង្ករ​នោះ​។ 

​ក្រោយ​ប្រមូល​ទិញស្រូវ​អង្ករ​ពី​កសិករ​នៅតាម​ខេត្ត​ភាគ​ឥ​សាន្ត​ហើយ​នោះ អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា បាន​បាន​បើក​កន្លង​លក់​អង្ករ​នៅ​កន្លែង​ចត​ឡាន​មួយកន្លែង​នា​ក្រុង​បាងកក ទៅ​ឲ្យ​ប្រជាជន​ថៃ កាលពី​ថ្ងៃ​សៅរ៍​ទី ៥ វិច្ឆិកា​។​លោកស្រី ធ្វើបែបនេះ ដើម្បី​ជួយ​រក​ទីផ្សារ​សម្រាប់​ប្រជាកសិករ​ថៃ ដែល​ជួយ​ប្រទះ​បញ្ហា​តម្លៃ​អង្ករ​ធ្លាក់​ថ្លៃ​ខ្លាំង​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​នេះ ។​
 
​បើតាម​ទីភ្នាក់ងា​ព័ត៌មាន AFP លោកស្រី យី​ង​ឡាក់ បាន​ចេញលក់​អង្ករ​ដោយផ្ទាល់ ដោយ​លក់​ក្នុង​មួយ​គីឡូ​តម្លៃ ២០​បាត​។  គេ​ឃើញ​អ្នកគាំទ្រ​លោកស្រី​ជាច្រើន​រយ​នាក់​បាន​តម្រង់​ជួរ​បន្តកន្ទុយ​គ្នា​ចាំ​ទិញ​អង្ករ​ពី​លោកស្រី ហើយ​ពួកគេ​សប្បាយ​ចិត្តនឹង​ជួយ ព្រោះ​លោកស្រី​តែងតែ​ជួយ​ពួកគេ​កន្លងមក​។ 
 
​ក្នុងចំណោម​អ្នក​តម្រង់​ជួរ​ចាំ​ទិញ មាន​លោក Umaporn Kaewthongkha វ័យ ៦០​ឆ្នាំ​ដែលជា​អ្នកបើក​តាក់ស៊ី​ដែរ​។ លោក​បាន​អះអាងថា​៖«​ខ្ញុំ​មក​ទិញ​អង្ករ​ពី​លោកស្រី យី​ង​ឡាក់​។ ខ្ញុំ​ធ្វើបែបនេះ​ដើម្បី ជួយ​លោកស្រី ព្រោះ​កន្លងមក​លោកស្រី​បាន​ជួយ​ខ្ញុំ​។ លោកស្រី យី​ង​ឡាក់​ជាម​នុស្ស​ល្អ ស្អាត ហើយ​ជួយ​អ្នកក្រីក្រ តាម​ដែល​លោកស្រី​អាចធ្វើ​បាន​»​។​
 
​តាមពិតទៅ លោកស្រី យី​ង​ឡាក់ បានធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​នៅ​ភាគ​ឥ​សាន្ត ដើម្បី​ជួយ​ទិញ​អង្ករ​ពី​កសិករ​រងគ្រោះ​ដោយសារ​តម្លៃ​អង្ករ​ធ្លាក់​ថ្លៃ ហើយ​លោកស្រី​រៀបចំ​គម្រោង​រួចជាស្រេច​ដើម្បី​យកទៅលក់​បន្ត​នៅ​ក្រុង​បាងកក​។ លោកស្រី ក៏មាន​គម្រោង​ជួយផ្តល់​ទីតាំង​និង​ហិរញ្ញវត្ថុ​ខ្លះ​សម្រាប់​ប្រជាជន​ក្នុង​ការនាំ​អង្ករ​មក​លក់​ផ្ទាល់​នៅក្នុង​ទីក្រុង​បាងកក​ផងដែរ​។​
​តាំងពីដើម​មក ប្រជាកសិករ​និង​ប្រជាជន​ក្រីក្រ​ជា​កម្លាំង​ស្នូល​ដែល​គាំទ្រ​លោកស្រី និង​បងប្រុស​លោកស្រី កន្លងមក​ក្នុង​ពេលធ្វើ​នយោបាយ​។ ពួកគេ​ស្រឡាញ់​ពេញចិត្ត​គ្រួសារ​ត្រកូល​ស៊ីណាវ៉ាត្រា ដោយ​អះអាងថា  អ្នកនយោបាយ​ត្រកូល​ស៊ីណាវ៉ាត្រា បាន​ប្រឹងប្រែង​ជួយ​ពួកគេ​កន្លងមក​។ ប៉ុន្តែ​ខាង​អភិជន​ដែល​កាន់កាប់​នយោបាយ​ក្រុង​បាងកក និង​ក្រុម​យោធា វិញ​នោះ​យល់ឃើញ​ដាច់ស្រឡះ ហើយ​ពួកគេ​បន្ត​ចាត់ទុក​លោកស្រី យី​ង​ឡាក់ និង​លោក ថាក់ស៊ីន ជា​អ្នកនយោបាយ​ពុករលួយ ដែល​ប្រើប្រាស់​គោលនយោបាយ​ប្រជាជន​និយម​ដើម្បី​រក្សា​ឥទ្ធិពល​របស់ខ្លួន​លើ​ប្រជាជន​ក្រីក្រ​។ ហើយ​ពួកគេ​បន្តធ្វើ​សព្វគ្រប់​បែបយ៉ាង​ដើម្បី​ទប់ស្កាត់ ត្រកូល​ស៊ីណាវ៉ាត្រា ត្រឡប់​ចូល​នយោបាយ​វិញ​។ 
 
​ក្រោយ​ធ្លាក់​ពី​តំណែង​ក្នុង​ឆ្នាំ ២០១៤  លោកស្រី​យី​ង​ឡាក់ ត្រូវ​ប្រឈមមុខ​ការកាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ ១០​ឆ្នាំ និង​ត្រូវ​រង​ការពិន័យ ១​ពាន់​លាន​ដុល្លារ ដោយសារ​គោលនយោបាយ​ស្រូវ​អង្ករ​នៃ​រដ្ឋាភិបាល​លោកស្រី​មាន​ជាប់​ពាក់ព័ន្ធ​បញ្ហា​ពុករលួយ​និង​ធ្វើ​ឲ្យ​បាត់​លុយ​រដ្ឋ​រាប់ពាន់​លាន​បាត​។​

 
​សូមបញ្ជាក់​ផងដែរ​ថា ស្រប​ពេលដែល​លោកស្រី យី​ង​ឡាក់ បន្ត​ជួយ​រក​ទីផ្សារ​ជួយ​កសិករ ខាង​របប​សឹក​បាន​ទម្លាក់​កញ្ចប់​ហិរញ្ញវត្ថុ​សម្រាប់​សង្គ្រោះ​ប្រជាកសិករ និង​ដើម្បី​ធ្វើយ៉ាងណា​ទប់ស្កាត់​បញ្ហា​ចលាចល​និង​បាតុកម្ម​តវ៉ា​នានា​នោះដែរ​។ សប្តាហ៍​នេះ របប​សឹក​បានសម្រេច​អនុម័ត​កញ្ចប់​ថវិកា ១,៣​ពាន​លាន់​ដុល្លារ​សម្រាប់​ផ្តល់​កម្ចី​និង​ជំនួយ​ដល់​កសិករ​ក្នុងពេលដែល​ពួកគេ​ប្រឈម​បញ្ហា​វិបត្តិ​ស្រូវ​អង្ករ​នេះដែរ​៕
 

Tag:
 យីងឡាក់ ស៊ីណាវ៉ាត្រា
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com