អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ដូ​ណា​ល់ ត្រាំ ត្រូវ​ជម្លៀស​ចេញពី​វេទិកា ដោយសារ​ការគំរាមកំហែង​សន្តិសុខ​
06, Nov 2016 , 2:59 pm        
រូបភាព
​ក្រុម​សន្តិសុខ​បាន​ស្ទុះស្ទារ​ជម្លៀស​លោក ដូ​ណា​ល់ ត្រាំ​ចេញពី​វេទិកា​នៅ Reno នារ​ដ្ឋ Nevada ក្រោយពេល​បុរស​ម្នាក់​ស្រែកថា «​កាំភ្លើង​» នៅ​យ​ប​ថ្ងៃ​សៅរ៍​ទី ៥ វិច្ឆិកា​នេះ​។ គេ​បារម្ភ​ខ្លាច​មានការ​គំរាមកំហែង​សន្តិសុខ​បេក្ខជន​ប្រធានាធិបតី​រូបនេះ​កើតឡើង​ស្រប​ពេលដែល​ការបោះឆ្នោត​នឹង​មកដល់​ក្នុង​រយៈពេល​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។​


​ខណៈ​បេក្ខជន​ប្រធានាធិបតី​ម្នាក់ៗ​ប្រឹងប្រែង​ឃោសនា​ទឹក​បង្ហើយ​មុន​ការបោះឆ្នោត​មកដល់​បញ្ហា​សន្តិសុខ​មួយ កើតឡើង​ចំពោះ​លោក ដូ​ណា​ល់ ត្រាំ នៅ​យប់​ថ្ងៃ​សៅរ៍ ទី ៥​វិច្ឆិកា​។ លោក ដូ​ណា​ល់ ត្រាំ ត្រូវបាន​ភ្នាក់ងារ Secret Service ជម្លៀស​ចេញពី​វេទិកា​ទាំង​បន្ទាន់​បង្ខំ​ក្នុងពេល​លោក​ផ្តល់​សុន្ទរកថា​ទៅកាន់​អ្នកគាំទ្រ​នៅ​រដ្ឋ Nevada​។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន  Reuters ខាង​ប៉ូលិស​និង​ភ្នាក់ងារ​សន្តិសុខ​សម្ងាត់ Secret Service បាន​ឃាត់ខ្លួន​និង​នាំខ្លួន​បុរស​ស្បែក​សម្នាក់​ចេញពី​ទីតាំង​ជួបជុំគ្នា​នេះ​ភ្លាមៗ ប៉ុន្តែ​គេ​មិនបាន​រកឃើញ​កាំភ្លើង​ឬ​អាវុធ​អ្វី​ឡើយ​។ មកទល់ពេលនេះ ប៉ូលិស​និង​ភ្នាក់ងារ Secret Service នៅ​ដុតដៃដុតជើង​បន្ត​ស៊ើបអង្កេត​បញ្ហា​សន្តិសុខ​នេះ​នៅឡើយ​។​
 
​ខាង​ប៉ូលិស​អះអាងថា បុរស​ដែល​គេ​មិនអាច​កំណត់​អត្តសញ្ញាណ​បាន​នេះ​បាន​ស្រែក​នៅមុខ​វេទិកា​ថា «​កាំភ្លើង​» ហើយ​គេ​បារម្ភ​ពី​បញ្ហា​សន្តិសុខ​ផ្ទាល់ខ្លួន​របស់​ប្រធានាធិបតី​ទើបបានជា​ខាង Secret Service ជម្លៀស​លោក ដូ​ណា​ល់ ត្រាំ​ចេញ​បែបនេះ​។​
 
​ប៉ុន្មាន​នាទី​ក្រោយមក លោក ដូ​ណា​ល់ ត្រាំ បាន​ត្រឡប់​មកកាន់​វេទិកា​វិញ​ដើម្បី​បន្ត​សុន្ទរកថា​របស់លោក​ទៀ​ត​។ លោក​បាន​ថ្លែងថា​៖« គ្មាន​អ្នកណាម្នាក់​ធ្លាប់​និយាយថា វា​ជា​រឿង​ងាយស្រួល​សម្រាប់​យើង​ទេ​។ ប៉ុន្តែ​គ្មាន​អ្នកណា​អាច​បញ្ឈប់​យើង​បានឡើយ​»​។ 
 
​ក្រៅពីនេះ បេក្ខជន​ប្រធានាធិបតី​អាមេរិក​បក្ស​សាធារណរដ្ឋ​រូបនេះ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុម Secret Service និង​ភ្នាក់ងារ​អនុវត្ត​ច្បាប់​ដទៃ​នៅក្នុង​ក្រុង Reno នៃ​រដ្ឋ Nevada ដែល​បាន​សម្រួល​និង​ឆ្លើយតប​ចំពោះ​បញ្ហា​សន្តិសុខ​នេះ​ទាន់ពេលវេលា​និង​ប្រកបដោយ​វិជ្ជាជីវៈ​ថែមទៀត​។​
 
-​ទុក​បញ្ហា​សន្តិសុខ​ផ្ទាល់ខ្លួន​មួយ​ឡែក នៅសល់​៣​ថ្ងៃ​ទៀត​ការបោះឆ្នោត​មកដល់​
​ទោះ​ជាមាន​បញ្ហា​សន្តិសុខ​ដែល​បង្ហាញ​ពី​ការគំរាមកំហែង​សុវត្ថិភាព​ក៏ដោយ បេក្ខជន​ប្រធានាធិបតី​ទាំង​បន្ត​យុទ្ធនា​ការឃោសនា​របស់​ខ្លួន​យ៉ាង​សស្រាក់សស្រាំ​ជាទីបំផុត​។ ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​ដែល​នៅសល់​នេះ​ជា​ពេលវេលា​សំខាន់បំផុត សម្រាប់​បេក្ខជន​ទាំងពីរ ក្នុងការ​ទាក់ទាញ​ប្រជាប្រិយភាព​រៀងៗ​ខ្លួន​។ 
 
​ខណៈដែល​លទ្ធផល​ស្ទង់​មតិ​បង្ហាញ​ឲ្យ​ឃើញ​ពី​សំឡេងគាំទ្រ​ប្រកៀក​ប្រកិត​គ្នា  លោក ដូ​ណា​ល់ ត្រាំ និង​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បាន​ចំណាយ​ពេលវេលា​ភាគច្រើន​នៅ​រដ្ឋ Florida ។ រដ្ឋ Florida ត្រូវបាន​គេ​ចាត់ទុកជា​សមរភូមិ​ន​យោ​បាយ​មួយ​ដ៏​ក្តៅ​និង​សំខាន់បំផុត​ដែរ​។ កាល​បោះឆ្នោត​ឆ្នាំ ២០០០ លទ្ធផល​ចុងក្រោយ​កំណត់​នៅក្នុង​រដ្ឋ Florida នេះ  ក្រោយពេល​ជម្លោះ​លើ​លទ្ធផល​បោះឆ្នោត​កើតឡើង​រហូតដល់​មានការ​ប្តឹងប្តល់​នៅ​តុលាការ​កំពូល ហើយ​តុលាការ​កាត់ក្តី​ឲ្យ​បេក្ខជន​បក្ស​សាធារណរដ្ឋ​លោក George W. Bush ឈ្នះ​លោក Al Gore មកពី​បក្ស​ប្រជាធិបតេយ្យ​នោះ​៕
 
 

Tag:
 ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com