អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ្នកវិភាគ​ថា ទោះ​ហ៊ី​ឡា​រី ឬ​ត្រាំ ជាប់ឆ្នោត ក៏​គ្មាន​ភាព​វិជ្ជមាន​ដល់​កម្ពុជា​ដែរ​
06, Nov 2016 , 8:39 pm        
រូបភាព
 
​ការផ្លាស់ប្តូរ​ប្រធានាធិបតី​អាមេរិក​នឹង​នាំ​ឲ្យ​មានការ​ផ្លាស់ប្តូរ​គោលនយោបាយ​ការបរទេស​ផងដែរ​។ ក្នុងនោះ​ទំនាក់ទំនង​រវាង​អាមេរិក​និង​អាមេរិក​ក៏​អាច​នឹងមាន​ការប្រែប្រួល​ដូចគ្នា គ្រាន់តែ​តិច​ឬ​ច្រើន​អាស្រ័យ​លើ​ថា អ្នកណា​នឹង​ជាប់ឆ្នោត​ប៉ុណ្ណោះ​។ ពាក់ព័ន្ធ​បញ្ហា​នេះ អ្នកជំនាញ​នយោបាយ​ការបរទេស វាយតម្លៃថា ក្នុងចំណោម​បេក្ខជន​ទាំងពីរ​លោក ដូ​ណា​ល់ ត្រាំ និង​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ទោះ​អ្នកណាម្នាក់​ជាប់ឆ្នោត​ក៏​មិនសូវមាន​ផល​វិជ្ជមាន​សម្រាប់​ទំនាក់ទំនង​អាមេរិក​និង​កម្ពុជា​ដែរ​។​

 
​ថ្ងៃ ៨ វិច្ឆិកា​ខាងមុខនេះ​ប្រជាជន​អាមេរិក​នឹង​បោះឆ្នោត​ជ្រើសរើស​ប្រ​ធានា​ធីប​តី​ថ្មី​។ ជាទូទៅ​ការផ្លាស់ប្តូរ​ប្រធានាធិបតី​នេះ​នឹង​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​គោលនយោបាយ​ក្នុងស្រុក​និង​ការបរទេស​ផងដែរ​។ ក្នុងនោះ​ទំនាក់ទំនង​ងរ​វាង អាមេរិក​និង​ប្រទេស​ផ្សេងទៀត​រួមទាំង​កម្ពុជា​ផង​ក៏​អាច​នឹងមាន​ការប្រែប្រួល​ដូចគ្នា គ្រាន់តែ​តិច​ឬ​ច្រើន​អាស្រ័យ​លើ​ថា អ្នកណា​នឹង​ជាប់ឆ្នោត​ប៉ុណ្ណោះ​។ 
 
​ទាក់ទង​បញ្ហា​នេះ លោក​បណ្ឌិត អ៊ា សុផល សាស្ត្រាចារ្យ​ផ្នែក​ការទូត​និង​កិច្ចការ​ពិភពលោក​នៃ​សកល​វិទ្យាល័យ Occidental College នៅ​រដ្ឋ Los Angeles សហរដ្ឋអាមេរិក និង​ជា​អ្នកនិពន្ធ​សៀវភៅ ដែលមាន​ចំណងជើង​ថា «​ការពឹង​ផ្អែកលើ​ជំនួយ​បរទេស​នៅ​កម្ពុជា​» ឬ (Aid Dependence in Cambodia) យល់ឃើញ ក្នុងចំណោម​បេក្ខជន​ទាំងពីរ ទោះបី​អ្នកណាម្នាក់​ជាប់ឆ្នោត​ក៏​មិនសូវមាន​ផល​ល្អ​សម្រាប់​កម្ពុជា​ដែរ​។​
 
​លោក អ៊ា សុផល ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​សារ​អេឡិចត្រូនិក​ថា ក្នុងករណី​ដែល​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ជាប់ឆ្នោត ទំនាក់ទំនង​កម្ពុជា​អាមេរិក​អាច​នឹង​ស្ថិតនៅ​កម្រិត​ទាប​ដោយសារ​កម្ពុជា​ងាក​ទៅរក​ចិន​ខ្លាំងពេក​។ អ្វីដែល​មិនអាច​ប្រកែក​បាន​នោះ​គឺ រដ្ឋបាល​លោកស្រី ហ៊ី​ឡា​រី នឹង​បន្ត​រិះគន់​សម្ព័ន្ធភាព​ដ៏​ស្អិតល្មួត​រវាង​កម្ពុជា​និង​ចិន​។​
 
«​លោកស្រី​ហ៊ី​ឡា​រី គ្លី​ន​តុ​ន ធ្លាប់​អញ្ជើញ​មក​ខ្មែរ​ពីរដង ហើយ​លោកស្រី​បាន​រិះគន់​សម្ព័ន្ធភាព​រវាង​កម្ពុជា​និង​ចិន​ដែរ​។ ដូច្នេះ​បើ​ករណី​លោកស្រី ក្លាយជា​ប្រធានាធិបតី លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន នឹង​នៅតែ​យល់ឃើញថា​កម្ពុជា​មិនចាំបាច់​មាន​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​ចិន​ទេ​។ ការ​ងាក​ចេញពី​ចិន​នៅតែ​អាចធ្វើ​ទៅបាន​សម្រាប់​កម្ពុ​ជា​។ វា​ជា​រឿង​ប្រសើរ បើ​យើង​ធ្វើជា​អ្នកគាំទ្រ​កម្ពុជា ជាជាង​ធ្វើជា​អ្នកគាំទ្រ​ចិន ឬ​គាំទ្រ​អាមេរិក​នោះ​»​។  
 
​ដោយឡែក លោក អ៊ា សុផល យល់ថា វា​ក៏​មិនមែនជា​ដំណឹង​ល្អ​ប៉ុន្មាន​ដែរ​សម្រាប់​កម្ពុជា បើសិនជា​លោក ដូ​ណា​ល់ ត្រាំ​ជាប់ឆ្នោត​។ លោក​ពន្យល់ថា  លោក ដូ​ណា​ល់ ត្រាំ ប្រហែលជា​នឹងមិន​ខ្វល់ខ្វាយ​ពី​បញ្ហា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទេ​។ ដូច្នេះ​វា​នឹងមិន​មានការ​រិះគន់ អ្វី​ច្រើន​ចំពោះ​ដែល​កើតមានឡើង​នៅ​កម្ពុជា​ឡើយ​។  
 
​ចំណែក ទំនាក់ទំនង​ធុរកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​អាមេរិក​ក៏​ប្រហែលជា​មិនមាន​ការលូតលាស់​អ្វី​ដែរ​។ ផ្ទុយទៅវិញ គោលនយោបាយ​សេដ្ឋកិច្ច​មាន​លក្ខណៈ​ជាតិនិយម​របស់លោក ដូ​ណា​ល់ ត្រាំ នឹង​ជំរុញ​ឲ្យ​មានការ​កាត់បន្ថយ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​អាមេរិក​ជាមួយ​ពិភព​ខាងក្រៅ​រួមទាំង​កម្ពុជា​ផងដែរ​។​
 
​លោក​បញ្ជាក់ថា​៖ «​ប៉ុន្តែ​និយាយ​រឿង​ជំនួញ​លោក ដូ​ណា​ល់ ត្រាំ​នេះ រឿង​បីយ៉ាង​ដែល​គាត់​ពូកែ ទីមួយ​មិន​បង់ពន្ធ​, ទី​ពីរ បំប៉ោង​ស្ថានការណ៍​រឿង​ព្រំដែន និង ចុងក្រោយ​ជំនួញ​ក្ស័យធន​។ ដូច្នេះ​ខ្ញុំ​ដូចជា​មិនមាន​សង្ឃឹម​សោះ​ចំពោះ​អនាគត នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​អាមេរិក​។ មួយវិញទៀត​គោលនយោបាយ​ជាតិនិយម​ផ្នែក​សេដ្ឋកិច្ច​របស់លោក ដូ​ណា​ល់ ត្រាំ នឹង​នាំ​ឲ្យ​មានការ​កាត់បន្ថយ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ប្រទេស​ដទៃទៀត​លើ​ពិភពលោក ដែល​វា​ជា​ដំណឹង​អាក្រក់​មួយ​សម្រាប់​កម្ពុជា​»​។​
 
​សូមបញ្ជាក់​បន្តិច​ដែរ លោក ដូ​ណា​ល់ ត្រាំ ធ្លាប់​លើកឡើង​ជាច្រើន​ដង​ថា បើសិនជា​លោក​ជាប់ឆ្នោត លោក​នឹង​ចរចា​ឡើងវិញ ឬ​អាច​ទាត់ចោល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំៗ​រួមទាំង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP) ផងដែរ​។ ហើយ​លោក​ក៏​នឹង​ព្យាយាម​កាត់បន្ថយ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ខាងក្រៅ រួមទាំង​ដំឡើង​ពន្ធ​ឲ្យ​ខ្ពស់​សម្រាប់​ផលិត​នាំចូល​ថែមទៀត​ផង​។​
 
​ចំណែក​លោក ឈាង វណ្ណា​រិ​ទ្ធ សហ​ស្ថាបនិក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ បានលើកឡើង​ស្រដៀង​គ្នា​ផងដែរ​ថា ទោះ​លោក ដូ​ណា​ល់ ត្រាំ ឬ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ជាប់ឆ្នោត​ក៏ដោយ វា​មិនមាន​ផល​វិជ្ជា​មាន​ច្រើន​សម្រាប់​កម្ពុជា​ដែរ​។ 
 
​លោក​បាន​ពន្យល់ថា បញ្ហា​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នឹង​ក្លាយជា​ចំណុច​ស្នូល​ដែល​កំណត់​ទំនាក់ទំនង​កម្ពុជា​និង​អាមេរិក ពេល​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ជាប់ឆ្នោត​។ សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ពី​ក្រុង​វ៉ាស៊ីនតោន​នឹងមាន​កាន់តែច្រើន បើសិន​សិទ្ធិមនុស្ស​និង​តម្លៃ​ប្រជាធិបតេយ្យ​មិនត្រូវ​បាន​គេ​គោរព​នោះ​។​
 
«​ក្រោម​រដ្ឋបាល​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន គោលនយោបាយ​ការបរទេស​របស់​សហ​រដ្ឋ​អាមេរិក​នឹង​កាន់​ខ្លាំង​និង​ដាច់​ណាត់​។ ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​បន្ត​ជា​រឿង​អាទិភាព​សម្រាប់​គោលនយោបាយ​ការបរទេស​អាមេរិក​។ វា​ជា​រឿង​ចៀស​មិន​ផុត​ទេ​ដែល សហរដ្ឋអាមេរិក​នឹងដាក់​សម្ពាធ​បន្ថែម​លើ​រដ្ឋាភិបាល​កម្ពុជា​ពាក់ព័ន្ធ​រឿង​សិទ្ធិមនុស្ស​នេះ​។ ដូច្នេះ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​អាមេរិក​នឹង​កាន់តែ​ល្អក់កករ​ក្នុងករណី​ដែល​តម្លៃ​និង​គោលការណ៍​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មិនត្រូវ​បាន​លើកស្ទួយ​នោះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឈាង វណ្ណា​រិ​ទ្ធិ ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​សារ​អេឡិចត្រូនិក​។​
 
​បន្ថែម​ពីនេះ អ្នកវិភាគ​ខាងលើ ក៏​យល់ឃើញ​ផងដែរ​ថា បើ​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​ជាប់ឆ្នោត​វិញ កម្ពុជា​ក៏​នឹងរង​ឥទ្ធិពល​អវិជ្ជមាន​ដែល​បណ្តាលមកពី​ការ​ប្រឈម​បញ្ហា​នៃ​សេដ្ឋកិច្ច​សកល​ផងដែរ​។​
 
​លោក​បន្តថា​៖ «​ក្នុងករណី​ដែល​លោក ដូ​ណា​ល់ ត្រាំ​ជាប់ឆ្នោត​វិញ  សេដ្ឋកិច្ចពិភពលោក​នឹង​ប្រឈម​បញ្ហា​កាន់តែ​អាក្រក់ ដោយសារ​ទំនុកចិត្ត​របស់​អ្នកវិនិយោគ​នឹង​ធ្លាក់ចុះ​ខ្លាំង​​»៕
 
 
 

Tag:
 ដូ​ណា​ល់ ត្រាំ​
  ហ៊ី​ឡា​រី គ្លី​ន​តុ​ន
© រក្សាសិទ្ធិដោយ thmeythmey.com